ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម ពន្យល់​រឿង​«​មិន​បិទ​ការ​នាំចូល​ជ្រូក​»
04, Jan 2018 , 11:19 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម (រូបភាពពីក្រសួងកសិកម្ម)
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម (រូបភាពពីក្រសួងកសិកម្ម)
ដោយ:
​ភ្នំពេញ​៖ មូល​ហេតុដែល​រដ្ឋាភិបាល​មិន​បិទ​ការ​នាំចូល​ជ្រូក​រស់​ពី​ប្រទេសជិតខាង ត្រូវបាន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាងថា​ដោយសារតែ​កម្ពុជា​ត្រូវការ​ដោះដូរ​ផលិតផល​ផ្សេងៗ​ជាមួយ​ប្រទេស​ទាំងនោះ ពោលគឺ​បើក​ឲ្យ​ទំនិញ​គេ​ចូល ដើម្បី​នាំចេញ​ទំនិញ​ខ្លួន​ទៅ​ប្រទេស​គេ​វិញ​។ ម្យ៉ាងទៀត បើតាម​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បើ​រដ្ឋាភិបាល​បិទ​ការ​នាំចូល​ជ្រូក នោះ​ពិតជា​បាន​ប្រយោជន៍​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ដែលជា​ចំនួន​ភាគតិច តែ​សាច់ជ្រូក​លើ​ទីផ្សារ​អាច​នឹង​ឡើងថ្លៃ ដែល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ទូទៅ រួមទាំង​កម្មករ​ផងដែរ​។



ប្រសាសន៍លោក​​ វេ​ង សាខុន




​ថ្លែង​នៅក្នុង​វេទិកា​កសិកម្ម នៅ​ថ្ងៃទី​៣​ខែមករា លោក វេ​ង សាខុន បាន​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ត្រូវ​រៀបចំខ្លួន​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ពី​ក្រៅប្រទេស​។​
​ប៉ុន្តែ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​រូបនេះ គឺ​ឆ្លើយតប​ចំពោះ​ការនាំ​ចូល​ជ្រូក​ស្របច្បាប់​ប៉ុណ្ណោះ​។​

​អ្នក​ច​ញ្ចឹ​ម​ជ្រូក ពិសេស​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា តាមរយៈ​ការទាមទារ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជាច្រើនលើក កន្លងមក បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ហូរ​ចូល​ជ្រូក​មិន​ស្របច្បាប់ ដែល​អាចមាន​ការបង់​ពន្ធ​មិន​ត្រឹមត្រូវ ដែល​រឹតតែ​ឲ្យ​ជ្រូក​ពី​ក្រៅ​មានតម្លៃ​ប្រកួតប្រជែង​។ ក្រសួងកសិកម្ម​ធ្លាប់​កោះប្រជុំ​កន្លងមក ដែលមាន​ទាំង​អង្គភាព​គយ និង​រដ្ឋាករ​ចូលរួម​ដែរ បាន​ពិភាក្សា​លើ​បញ្ហា​នេះ​។  ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​ថា​នឹង​រឹតបន្តឹង​ការ​នាំចូល​ជ្រូក​មិន​ស្របច្បាប់​។ ប៉ុន្តែ​បើតាម​សមាគម​ខាងលើនេះ ការហូរចូល​ជ្រូក​មិន​ស្របច្បាប់​នៅតែមាន​សកម្មភាព​គគ្រឹគ​គគ្រេង​។​

​ការ​នាំចូល​ជ្រូក​ស្របច្បាប់ ក៏​ជា​អ្វីដែល​សមាគម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើងវិញ​ផងដែរ​។ យោងតាម​លិខិត​របស់​ក្រសួងកសិកម្ម ដែល​ប្រកាស​កាលពី​ខែមេសា​ឆ្នាំ​២០១៧ ក្រសួង​បានកំណត់​កូតា​បើក​ឲ្យ​នាំចូល​ជ្រូក​ស្របច្បាប់​ចំនួន ១២៥០ ក្បាល​ក្នុង​មួយថ្ងៃ​។

​លោក ជេ​ត ភិរម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​យល់ស្រប​នឹង​ការបើក​ឲ្យ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង ដោយ​ផ្អែកលើ​លក្ខខណ្ឌ​ដោះដូរ​ទំនិញ​ទៅវិញទៅមក​។ ប៉ុន្តែ​លោក​ចង់​ឲ្យ​ក្រសួង​បើក​ឲ្យ​នាំចូល​ជ្រូក​ក្នុង​ទំហំ ដែល​មិន​ប៉ះពាល់​ដល់​អ្នក​ច​ញ្ចឹ​ម​ក្នុងស្រុក​។ លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​វេទិកា​កសិកម្ម យ៉ាង​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ​មានការ​នាំចូល​ដែរ តែ​ឲ្យ​ស៊ីគ្នា​ជាមួយ​ការផលិត​ក្នុងស្រុក ចៀសវាង​កុំ​ឲ្យ​នាំមក​ច្រើនពេក ព្រោះ​បើ​អត់​ឲ្យ​នាំចូល​សុទ្ធ​ក៏​មិនកើត​ដែរ ដែលជា​លក្ខខណ្ឌ​ដោះដូរ​សេដ្ឋកិច្ច តែ​ត្រូវ​ឲ្យ​អ្នក​ក្នុងស្រុក​ចំណេញ មិន​បរាជ័យ​»​។​

​បើតាម​លោក ជេ​ត ភិរម្យ បើ​ក្រសួង​បិទ​ការ​នាំចូល​ទាំងស្រុង អ្នក​ចិញ្ចឹម​ក្នុងស្រុក​មិនទាន់មាន​សមត្ថភាព​ផ្គង់​ផ្គង់​ទីផ្សារ​ទាំងមូល​បាន​នោះទេ​។ លោក​អះអាងថា អ្នក​ចិញ្ចឹម​ក្នុងស្រុក​ត្រូវការ​ពេលវេលា​ដើម្បី​បង្កើន​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​។ តួលេខ​ផ្គត់ផ្គង់​ជ្រូក​របស់​អ្នក​ចិញ្ចឹម​ក្នុងស្រុក បើតាម​អ្នក​ក្នុង​វិស័យនេះ គឺមាន​ប្រហែល ៦០​ភាគរយ​នៃ​តម្រូវ​ការសរុប​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ មានការ​លើកឡើង​ពី​ការផ្អាក​របស់​កសិករ និង​ម្ចាស់​កសិដ្ឋាន​មួយចំនួន ដែល​អាចធ្វើ​ឲ្យ​ការផ្គត់ផ្គង់​មាន​ទំហំ​ទាប​ជាង​នេះ​។​

​ចំពោះ​តួលេខ​ផ្គត់ផ្គង់​នេះ ហាក់​មិនទាន់​គ្រប់គ្រង​បាន​ពី​ស្ថាប័ន និង​អ្នក​ក្នុង​វិស័យនេះ​នៅឡើយ​។ ក្រសួងកសិកម្ម​បាន​ជំរុញ​ឲ្យ​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា ប្រមូល​តួលេខ​ផ្គត់ផ្គង់​ពី​សមាជិក​ខ្លួន ដើម្បី​អាច​ឲ្យ​ក្រសួង​កំណត់​កូតា​នាំចូល​មិន​លើស​កង្វះខាត​ក្នុងស្រុក​។ ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ជេ​ត ភិរម្យ ថ្លែងថា សមាគម ក្នុងពេល​បច្ចុប្បន្ន មិនទាន់មាន​លទ្ធភាព ប្រមូល​ទិន្នន័យ​ពី​សមាជិក​ខ្លួន​នោះទេ ដោយ​ត្រូវការ​ពេលវេលា​ទៅមុខទៀត​។​

​ទោះយ៉ាងណា លោក ជេ​ត ភិរម្យ បាន​យល់ស្រប​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​កសិកម្ម ដែល​អ្នក​ចិញ្ចឹម​ត្រូវ​ពង្រឹង​ខ្លួន​លើ​សមត្ថភាព​ផលិត ដើម្បី​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​។ លោក​ថា សមាគម​លោក​នឹង​ព្យាយាម​សហការ​ជាមួយ​កសិករ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​កម្មនេះ​៕


Tag:
 ជ្រូក​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com