អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គួរ​រំពឹង​អ្វីខ្លះ​ពី​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២​នៅ​កម្ពុជា​?
05, Jan 2018 , 12:10 pm        
រូបភាព
បណ្ឌិត ឈាង វណ្ណារិទ្ធ​ និងបណ្ឌិត សុក ស៊ីផាន់ណា​ នៅក្នុងវេទិកា​សាធារណៈស្តីពី​មេគង្គ-​ឡានឆាង​រៀបចំឡើង​ដោយវិទ្យា​ស្ថានកម្ពុជា​សម្រាប់ការសិក្សា​យុទ្ធសាស្ត្រ
បណ្ឌិត ឈាង វណ្ណារិទ្ធ​ និងបណ្ឌិត សុក ស៊ីផាន់ណា​ នៅក្នុងវេទិកា​សាធារណៈស្តីពី​មេគង្គ-​ឡានឆាង​រៀបចំឡើង​ដោយវិទ្យា​ស្ថានកម្ពុជា​សម្រាប់ការសិក្សា​យុទ្ធសាស្ត្រ
​កម្ពុជា​នឹង​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នៅ​ថ្ងៃទី ១០ ខែមករា​ខាងមុខ​។ ផែនការ​សកម្មភាពរ​យៈ​ពេល​ប្រាំ​ឆ្នាំ និង​គម្រោង​ជាង ១០០ រួមជាមួយ​សេចក្តីថ្លែងការណ៍​រួម​ផង​នោះ​នឹងត្រូវ​អនុម័ត​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។​



​មេដឹកនាំ​ប្រទេស​មេគង្គ​ចំនួន​ប្រាំ​មាន​ទាំង​នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឹ​ឈាំ​ង និង​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (LMC) លើក​ទី​ពីរ​នៅ​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី ១០​ខែមករា​។  អ្នកជំនាញ​យល់ថា កិច្ចប្រជុំ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​នាំមក​នូវ​លទ្ធផល​សំខាន់ៗ​ជាច្រើន​ផង​។

 ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ខាងមុខ លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ISEAS​សិង្ហ​បុរី និង​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថ្នាក់ដឹកនាំ​ដែល​ចូលរួម​កិច្ចប្រជុំ​នឹង​ពិភាក្សា​វាយតម្លៃ​ពី​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​ពីរ​ឆ្នាំ​កន្លងទៅ និង​កំណត់ថា តើ​អ្វីដែល​ត្រូវធ្វើ​បន្តបន្ទាប់​ដើម្បី​សម្រេច​គោលដៅ​រួមគ្នា​។

«​មេដឹកនាំ​នឹង​វាយតម្លៃ​តើ​អ្វីដែល​សម្រេចបាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង និង​អ្វី​ទៅ​ដែល​ត្រូវតែ​ធ្វើ​បន្តបន្ទាប់​។ អ្វីដែល​ពិសេស​ថ្នាក់ដឹកនាំ​នឹង​ពិភាក្សា និង​អនុម័ត​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះ​។ សំខាន់​មួយទៀត​ជាង ១០០ នឹងត្រូវ​លើក​មក​ពិភាក្សា និង​អនុម័ត​ផងដែរ​»​។ លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ​បានបញ្ជាក់​ដូច្នេះ​។ 

​ការ​ព​ង្រឹ​ក​ទំនាក់ទំនង និង​កំណត់​កិច្ចសហប្រតិបត្តិការ​ថ្មី​នឹងត្រូវ​ធ្វើឡើង​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ (3+5 cooperation framework)​។ ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូ​ន​ប្រាំ​នេះ​សំដៅ​សរសរ​ស្តម្ភ​បី​បូករួម​ជាមួយ​វិស័យ​អាទិភាព​ចំនួន​ប្រាំ​ដែល​ត្រូវបាន​កំណត់ដោយ​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី ១​។

 សរសរ​ស្តម្ភ​បី​នោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។ ចំណែក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មានដូចជា​ការផ្សាភ្ជាប់​, កិច្ចសហប្រតិបត្តិការ​ជំរុញ​សមត្ថភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លងដែន​, កិច្ចសហប្រតិបត្តិការ​នៃ​ការគ្រប់គ្រង​ទឹក និង​កសិកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​

​ចំណែក​លោក​បណ្ឌិត Song Junying នាយករង​នៃ​នាយកដ្ឋាន​សិក្សា​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន​ចិន​សម្រាប់​ការសិក្សា​អន្តរជាតិ​បាន​ជឿជាក់ថា កិច្ចប្រជុំ​ខាងមុខ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការរីកលូតលាស់​យ៉ាង​រហ័ស​នៃ​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ​។

​លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ «​រយៈពេល​ពី​ឆ្នាំនេះ​នៃ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រទេស​ប្រាំមួយ​ក្រោម​ក្របខណ្ឌ​មេគង្គ​-​ឡាន​ឆាង យើង​បានសម្រេច​លទ្ធផល​ច្រើន​ដូចជា​រៀបចំ​យន្តការ និង អនុវត្ត​គម្រោង​ពាក់ព័ន្ធ ក៏ដូចជា​លើកកម្ពស់​ការយល់ដឹង​ពី​អត្តសញ្ញាណ​នៃ​យន្តការ​នេះ​»​។

​បើតាម​លោក​បណ្ឌិត Junying មូលនិធិ​ពិសេស​មាន​ទំហំ ៣០០​លាន​ដុល្លារ​នឹងត្រូវ​អនុម័ត​ផងដែរ ហើយ​មេដឹកនាំ​តំបន់​នឹង​ព្យាយាម​កំណត់​គោលដៅ​អនាគត​នៃ​គំនិត​ផ្តួចផ្តើម​នេះ​។ មួយទៀត​ផែនការ​សកម្មភាព​រយៈ​ពេល​ប្រាំ​ឆ្នាំ (២០១៨ -២០២២)  និង សេចក្តីថ្លែងការណ៍​ក្រុងភ្នំពេញ​មួយទៀត​ដែល​បន្ត​ពី​សេចក្តីថ្លែងការណ៍​ក្រុង Sanya ដែល​ត្រូវ​បានអនុម័ត​ក្នុង​កិច្ចប្រជុំ​លើកទីមួយ​នាទី​ក្រុង Sanya ឆ្នាំ ២០១៦ នឹងត្រូវ​អនុម័ត​ដូចគ្នា​។ ជារួម​សេចក្តីថ្លែងការណ៍​រួម​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​របស់​ភាគី​ពាក់ព័ន្ធ ដែល​វា​នឹង​ជួយ​ជំរុញ​យន្តការ​មេគង្គ​-​ឡាន​ឆាង​នេះ​ឲ្យ​រីកចម្រើន​ទៅមុខ​ផងដែរ​៕


Tag:
 ​មេគង្គ​-​ឡាន​ឆាង​
  ឈាង វណ្ណា​រិ​ទ្ធ​
  Song Junying
© រក្សាសិទ្ធិដោយ thmeythmey.com