អន្តរជាតិ
នយោបាយអន្តរជាតិ
ស៊ី ជិនភីង ប្រាប់កងទ័ពចិនឲ្យត្រៀមខ្លួនប្រយុទ្ធជានិច្ចនិងកុំខ្លាចស្លាប់
× មេដឹកនាំកំពូលចិន ស៊ី ជិនភីង នៅថ្ងៃទី៤ ខែមករា បានប្រាប់ឲ្យកងទ័ពចិនទាំងអស់ត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម និងមិនត្រូវខ្លាចស្លាប់ឡើយ។ លោក ស៊ី ជិនភីង បានប្រាប់បែបនេះ ចំពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយក្នុងតំបន់ ជាពិសេសជុំវិញទឹកដីចិន ប្រែប្រួលខ្លាំង ហើយកំណែទម្រង់យោធានៅចិនកំពុងធ្វើឡើងដើម្បីក្លាយជាកងទ័ពលំដាប់ពិភពលោកនៅឆ្នាំ២០៥០ ។
ប្រធានាធិបតីចិន ស៊ី ជិនភីង បានដាក់បញ្ជាឲ្យកងកម្លាំងទាំងអស់ពង្រឹងសមត្ថភាពប្រយុទ្ធក្នុងសមភូមិពិត និងជាពិសេសនោះត្រូវត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការធ្វើសង្គ្រាម ហើយឈ្នះ។ លោក ស៊ី ជិនភីង ចេញបញ្ជាបែបនេះ នាឱកាសទស្សនកិច្ចត្រួតពិនិត្យកងទ័ពច្រើនជាង៧ពាន់នាក់នៅទីបញ្ជាការសមរភូមិទិសកណ្ដាលក្នុងខេត្តហឺប៉ី។ នេះជារឿងកម្រដែលមេដឹកនាំកំពូលចិនត្រួតពិនិត្យកងទ័ពទ្រង់ទ្រាយធំបែបនេះ។
ក្រៅពីតំណែងប្រធានាធិបតី លោក ស៊ី ជិនភីង ក៏កាន់តួនាទីជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មការយោធាមជ្ឈិម (CMC) ផងដែរ។ ជាប្រធានគណៈកម្មការយោធានេះ លោក ស៊ី ជិនភីង គឺជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ចិន ដែលមានចំនួនជាងពីរលាននាក់។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ក្នុងឯកសណ្ឋានជាកងទ័ព លោក ស៊ី ជិនភីង បាននិយាយណែនាំឲ្យកងទ័ពអនុវត្តស្មារតីមហាសន្និបាតបក្សលើកទី១៩ និងការកសាងកងទ័ពឲ្យបានខ្លាំងក្នុងយុគសម័យថ្មី។ ក្នុងន័យនេះ ប្រមុខដឹកនាំចិនរូបនេះបានណែនាំឲ្យទាហានគ្រប់រូប គ្រប់តំណែង អនុវត្តឲ្យខ្ជាប់ខ្ជួននូវសេចក្ដីសម្រេចរបស់គណៈកម្មាធិការមជ្ឈិម និង CMC ជាមួយនឹងស្មារតីប្រយុទ្ធដោយមិនត្រូវខា្លចការលំបាក និងសេចក្ដីស្លាប់នោះទេ។
«ពួកគេត្រូវហ្វឹកហាត់ឲ្យបានខ្លាំងក្លា ក្លាហានជម្នះការលំបាកលើសពីសត្រូវ និងក្លាយជាកម្លាំងទ័ពដ៏ខ្លាំងក្លាដែលត្រៀមខ្លួនប្រយុទ្ធ ហើយឈ្នះជានិច្ច ដើម្បីបំពេញតាមបញ្ជារបស់បក្ស និងប្រជាជន»។ នេះជាការណែនាំរបស់លោក ស៊ី ជិនភីង ទៅកាន់កងទ័ពចិនដែលឈរក្រោមអាកាសធាតុត្រជាក់ខ្លាំង ក៏ដូចជាកងទ័ពទាំងមូលផង។ លោក ស៊ី ចង់ឲ្យយោធាពង្រឹងខ្លួនតាមរយៈការស្រាវជ្រាវបច្ចេកវិទ្យាទំនើបៗ និងហ្វឹកហាត់រួមគ្នាឲ្យបានច្រើន។
ចាប់តាំងពីក្លាយជាមេដឹកនាំកំពូលចិនក្នុងឆ្នាំ២០១២ មក លោក ស៊ី ជិនភីង បានចេញបញ្ជាឲ្យកែទម្រង់យោធាចិនជាបន្តបន្ទាប់។ ក្នុងនោះគេឃើញមាន ការបង្កើតនាយកដ្ឋានថ្មីៗចំណុះ CMC បង្កើតទីបញ្ជាការសមរភូមិថ្មីៗចំនួនប្រាំជំនួសអង្គភាពចាស់ និងកាត់បន្ថយកងទ័ពចំនួនបីសែននាក់ជាដើម។ អ្នកជិតខាងចិនមានឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក តាមដានយកចិត្តទុកចំពោះការកែទម្រង់នេះ ដោយបារម្ភថា ស្ថិរភាព និងសន្តិសុខនៅអាស៊ីកំពុងឡើងកម្ដៅខ្លាំងឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com