អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​កូរ៉េ​ទាំងពីរ​សម្រេចចិត្ត​ចរចា ចិន​ស្វាគមន៍ ឯ​អាមេរិក​និង​ជប៉ុន​បន្ត​ប្រុងប្រយ័ត្ន​
05, Jan 2018 , 11:19 pm        
រូបភាព
តំណាងចរចា​នុយក្លេអ៊ែ​របស់ចិន លោក Kong Xuanyou (រូបភាព៖ Kyodo)
តំណាងចរចា​នុយក្លេអ៊ែ​របស់ចិន លោក Kong Xuanyou (រូបភាព៖ Kyodo)
​នៅ​ថ្ងៃទី​៥ ខែមករា កូរ៉េ​ទាំង​បាន​យល់ព្រម​ចរចា​គ្នា​នៅ​សប្ដាហ៍​ក្រោយ​នៅ​តំបន់​ព្រំដែន​គ្មាន​កងទ័ព​។ ចិន​បាន​ស្វាគមន៍​ដំណើការ​ជា​វិជ្ជមាន​នេះ ប៉ុន្តែ​អាមេរិក និង​ជប៉ុន ហាក់​នៅ​រារែក និង​មិនទាន់​ជឿជាក់​មួយរយ​ភាគរយ​លើ​ការបន្ទន់​ឥរិយាបថរ​បស់​កូរ៉េខាងជើង​នៅឡើយ ហើយនឹង​បន្ត​ការប្រុងប្រយ័ត្ន​ដដែល​។



​តំណាង​ចរចា​នុយក្លេអ៊ែរ​របស់​ចិន លោក Kong Xuanyou នៅ​ថ្ងៃទី​៥ ខែមករា បាន​ស្វាគមន៍​ចំពោះ​ការ​វិ​វដ្ត​ជា​វិជ្ជមាន​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​កូរ៉េខាងត្បូង និង​ខាងជើង សុខចិត្ត​អង្គុយ​ចរចា​នៅ​សប្ដាហ៍​ក្រោយ​ជុំវិញ​លទ្ធភាព​នៃ​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១៨ ។ មន្ត្រីជាន់ខ្ពស់​ចិន​និយាយ​បែបនេះ អំឡុងពេល​ទស្សនកិច្ច​នៅ​ក្រុង​សេ​អ៊ូ​ល​ដើម្បី​ពិភាក្សា​លើ​បញ្ហា​កូរ៉េខាងជើង និង​ទំនាក់ទំនង​ទ្វេភាគី​។​

​ចំពោះមុខ​សម​ភាគី​កូរ៉េខាងត្បូង Lee Do-hoon លោក Kong Xuanyou និយាយថា ចំណុច​វិជ្ជមាន​ខ្លួន​ត្រូវបាន​លាតត្រដាង​ជុំវិញ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ ទោះ​ជាមាន​បញ្ហា​ប្រឈមមុខ​ជាច្រើន​ក្ដី​។ ចំណែក​លោក Lee វិញ​អះអាងថា ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បានមក​ចំ​ដល់​ណុ​ចរ​បត់​ដ៏​សំខាន់​មួយ ក្រោយ​ការ​ថ្លែង​សារ​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​នេះ​តម្រូវ​ឲ្យ​កូរ៉េខាងត្បូង និង​ចិន​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ខ្លាំង​ថែមទៀត​។​

​ខណៈដែល​ចិន និង​កូរ៉េខាងត្បូង​សាទរ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​កូរ៉េខាងជើង អាមេរិក និង​ជប៉ុន បែរជា​បង្កើន​ការប្រុងប្រយ័ត្ន​ទៅវិញ​។ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Itsunori Onodera និយាយថា វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​រក្សា​ជំហរ​រឹងមាំ ព្រោះ​កូរ៉េខាងជើង​មាន​ទំនោរ​ចង់​ចរចា តែ​ទន្ទឹមគ្នា​នោះ​កូរ៉េខាងជើង​នៅតែ​បន្ត​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​ដដែល​។ ដូច្នេះ​ជប៉ុន​គ្មាន​ជំហរ​ត្រូវ​បន្ទន់​ការតាមដាន​ឡើយ​។​

​ដូចគ្នា​នឹង​ជប៉ុន​ដែរ អាមេរិក​ក៏​បង្ហាញ​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គោលដៅ​របស់​កូរ៉េខាងជើង និង​មិនទាន់​ជឿថា ព្យុងយ៉ាង​ចង់​ចរចា​ដោយ​សុទ្ធចិត្ត ឬ​យ៉ាងណា​ឡើយ​។ នេះ​ក៏​ព្រោះតែ​កូរ៉េខាងជើង​មិនដែល​អះអាងថា ខ្លួន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ និង​មានតែ​បង្កើន​ការផលិត​ថែមទៀត​។ នេះ​បើតាម​សារ​អបអរ​ឆ្នាំ​ថ្មី​របស់លោក គីម ជុង​អ៊ុន ដែល​រំឭក​អាមេរិក​ដែរ​ថា ទឹកដី​អាមេរិក​ទាំងអស់​ស្ថិតក្នុង​រង្វង់​ដែល​មី​ស៊ី​ល​កូរ៉េ​ខាង​ទៅដល់​។​

​យ៉ាងណាមិញ ការចរចា​នៅ​សប្ដាហ៍​ក្រោយ​នៅ​ភូមិ​ប៉ាន់​មុន​ជុម នឹង​ផ្ដោត​សំខាន់​តែ​លើ​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​កម្មវិធី​អូឡាំពិក​ខែក្រោយ នៅ​ទីក្រុង​ព្យុង​ឆាង និង​ទំនាក់ទំនង​ទ្វេភាគី​ប៉ុណ្ណោះ​។ គេ​ក៏​មិនទាន់​អាចមាន​សុទិដ្ឋិនិយម​ខ្លាំងពេក​លើ​ជំនួប​លើកដំបូង​តាំងពី​ឆ្នាំ​២០១៥​នេះដែរ ដ្បិត​កូរ៉េខាងជើង​ប្រកាន់​ជំហរ​រឹងរូស​ខ្លាំង​រហូតមក ប៉ុន្តែ​គេ​អាច​សន្និដ្ឋានបានថា កូរ៉េខាងជើង​អាច​ប្រើប្រាស់​ព្រឹត្តិការណ៍​កីឡា​ដើម្បី​ដោះខ្លួន​ពី​សម្ពាធ​អន្តរជាតិ​៕


Tag:
 ចិន​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com