ជាតិ
រថយន្ត
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ប្រកាស​លុប​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទូទាំងប្រទេស ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​
06, Jan 2018 , 10:44 am        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ សម្រេច​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវគោក និង​ផ្លូវទឹក​ទូទាំងប្រទេស ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​។


​ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញថា ការពង្រាយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រើន​ទីតាំង មាន​សមត្ថកិច្ច​ច្រើន​មុខជំនាញ ជា​កត្តា​នាំ​ឲ្យ​កើតមាន​បញ្ហា​ប្រឈម ប៉ះពាល់​ដល់​សិទ្ធិសេរីភាព ផលប្រយោជន៍ និង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​។ តាមរយៈ​ការសង្កេត​ឃើញបែបនេះ ក្រសួងមហាផ្ទៃ សម្រេច​លុបចោល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំងនេះ ក្នុង​គោលបំណង​បម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ ក៏ដូចជា​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ផងដែរ​។​
 
​លិខិត​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​បានសម្រេច​នូវ​គោលនយោបាយ និង​ការប្ដេជ្ញាចិត្ត​ដ៏​មោះមុត​របស់​រដ្ឋាភិបាល​ក្នុង​ការផ្ដល់សេវា​បម្រើ ក៏ដូចជា​បង្កលក្ខណៈ​សម្បត្តិ​ប្រសើ​ជូន​ប្រជាពលរដ្ឋ ក្នុង​ការធ្វើសកម្មភាព​ប្រកបមុខរបរ លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​ដោយ​ភាពកក់ក្តៅ គ្មាន​ការរំខាន ព្រមទាំង​លុបបំបាត់​ឲ្យ​បាន​នូវ​អំពើ​អសកម្ម​នានា ដែល​តែងតែ​កើតមានឡើង​នៅតាម​ប៉ុស្តិ​ត្រួតពិនិត្យ និង​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំង​ផ្លូវគោក​និង​ផ្លូវទឹក​»​។​
 
​លិខិត​ដដែល​បន្តថា បើ​ក្នុងករណី​ចាំបាច់​ដោយ​ផ្អែកលើ​ស្ថានការណ៍​ជាក់ស្ដែង ដែល​តម្រូវ​ឲ្យ​មាន​ប៉ុស្តិ៍​ឈរជើង​អចិន្ត្រៃយ ឬ​ប៉ុស្តិ៍​ចល័ត​ត្រួតពិនិត្យ​របស់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​-​ខេត្ត​នោះ គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ត្រូវធ្វើ​សំណើសុំ​ការពិនិត្យ និង​សម្រេច​ពី​ប្រធាន​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ និង​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ទើប​អាច​អនុវត្តបាន​។​
 
«​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត មាន​ភារកិច្ច​ទទួលខុស​ត្រូវ​ក្នុងការ​ត្រួតពិនិត្យ រាល់​សកម្មភាព​អនុវត្ត​របស់​ប៉ុស្តិ៍​ត្រួតពិនិត្យ ដែល​ត្រូវបាន​បង្កើត​ព្រមទាំង​ធានា​ឲ្យ​បាន​ដាច់ខាត មិន​ឲ្យ​មាន​អំពើ​អសកម្ម​ណាមួយ​កើតឡើង ធ្វើ​ឲ្យ​ប៉ះពាល់​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ឬ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឡើយ​»​។ នេះ​បើតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​៕

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com