កីឡាអន្តរជាតិ
អន្តរជាតិ
Tevez លា Shanghai Shenhua ត្រឡប់​ទៅ Boca Juniors វិញ​
06, Jan 2018 , 11:55 am        
រូបភាព
 
Carlos Tevez បាន​ត្រឡប់​ទៅលេង​នៅ Boca Juniors របស់​អា​ហ្ស​ង់​ទីន​វិញ ក្រោយ​មិន​កាក់កប​ជាមួយ​ក្រុម Shanghai Shenhua នៃ​ក្របខណ្ឌ​លី​ក​កំពូល​ចិន Chinese Super League​។​


​អតីត​ខ្សែប្រយុទ្ធ Manchester United និង Manchester City រូបនេះ​បាន​ចាក​ចេញពី Boca Juniors ទៅ​ចូលរួម​ជាមួយ​ក្រុម Shanghai Shenhua កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែលមាន​តម្លៃ ៤០​លាន​ផោន ប្រហែល ៥៤​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ប្រាក់​ឈ្នួល​ខ្ពស់កប់ពពក​ទៀតផង​។​
 
​នេះ​ជាការ​វិល​ទៅលេង​ឲ្យ​ក្លិប​ក្នុងប្រទេស​កំណើត​ខ្លួន​ជា​លើក​ទី​៣ និង​ជា​ក្លិប​ពី​កុមារភាព​ដែល​អតីត​សមាជិក​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំនេះ​ធ្លាប់​ប្រកប​អាជីព​ជាមួយ Boca លើកដំបូង​កាលពី​ឆ្នាំ​២០០១ រហូតដល់ ២០០៤ មុន​ទៅ​ចូលរួម​ជាមួយ Corinthians ក្នុង​រដូវ​កាល ២០០៥-២០០៦​។​
 
Tevez បាន​ចំណាយពេល ៧​ឆ្នាំ​ក្នុង​ក្របខណ្ឌ Premier League ហើយ​បានឈ្នះ​ពានរង្វាន់​លី​ក​កំពូល​នេះ​ជាមួយ​ក្លឹប​ពីរ​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester​។​
 
​លើសពីនេះ​រូបគេ​ក៏បាន​ជួយ​ក្រុម​បិសាច​ក្រហម Manchester United លើក​ពាន Champions League ក្នុង​ឆ្នាំ ២០០៨ មុន​ទៅ​ចូលរួម Juventus ឆ្នាំ ២០១៣ ហើយ​ឈ្នះ​ជើងឯក​អ៊ីតាលី Series A ចំនួន​ពីរលើក​៕
 

Tag:
 បាល់ទាត់​
  Carlos Tevez
  Boca Juniors
  Shanghai Shenhua
© រក្សាសិទ្ធិដោយ thmeythmey.com