អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម ចេញ​បញ្ជា​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​ប្រឆាំង​ស្ថាប័ន ឬ​បុគ្គល​ដែល​រំលោភ​ដីធ្លី​
06, Jan 2018 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
 លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc បាន​ទទូច​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាត់វិធានការ និង​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​ប្រឆាំង​ស្ថាប័ន ឬ​បុគ្គល​ទាំងឡាយណា ដែល​រំលោភ​លើ​ការប្រើប្រាស់ និង​គ្រប់គ្រង​ដីធ្លី ។ លោកនាយក​រដ្ឋមន្ត្រី ដាក់បទបញ្ជា​បែបនេះ ដើម្បី​ចៀសវាង​ប្រើប្រាស់​កញ្ចប់​ថវិការដ្ឋ​ខ្ជះខ្ជាយ និង​មាន​អំពើពុករលួយ ។

 
​លោកនាយក​រដ្ឋមន្ត្រី Nguyễn Xuân Phúc នៅ​ថ្ងៃ​៥ មករា បាន​អះអាងថា ជន​ទាំងឡាយណា ដែល​រំលោភបំពាន​លើ​ការប្រើប្រាស់​ដី​តាម​រូបភាព​លក់​-​ជួល​ដី ចុះបញ្ជី ឬ​ផ្តល់​អាជ្ញា​បណ្ណដោយ​ខុសច្បាប់ ត្រូវតែ​ទទួលរង​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម The Vietnam News ។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏បាន​បញ្ជាក់ដែរថា រាល់​ការដេញថ្លៃ​ដី ត្រូវតែ​ឆ្លងកាត់​នីតិវិធី និង​បទបញ្ជា​ច្បាស់លាស់ ជាពិសេស​នោះ ការដេញថ្លៃ​លើ «​ដី​មាស (golden land)» ដើម្បី​ចៀសវាង​ការ​ខ្ជះខ្ជាយ​កញ្ចប់​ថវិការដ្ឋ និង​អំពើពុករលួយ ។ ដី​មាស របស់​វៀតណាម​សំដៅ​លើដី​ដែល​ស្ថិតនៅ​តំបន់​ប្រជុំជន ជាពិសេស​នោះ​នៅក្នុង​ក្រុង​ហូជីមិញ​តែម្តង ។ 
 
​ជុំវិញ​បញ្ហា​នេះដែរ នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​ចាត់តាំង​ឲ្យ​មាន​ទាំង​ក្រសួង​ការពា​ជាតិ ក្រសួងបរិស្ថាន និង​ធនធានធម្មជាតិ ក៏ដូចជា​គណៈកម្មាធិកា​រ​ខេត្ត​ក្រុង​របស់ខ្លួន​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​លើ​ការ​គ្រប់​គ្រង់ និង​ការប្រើប្រាស់​ដី​ទូទាំងប្រទេស​ផងដែរ ហើយ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ត្រូវបាន​បញ្ចប់ និង​រាយការណ៍​ឲ្យ​លោក ត្រឹម​ខែវិច្ឆិកា​ខាងមុខ ។​
​ជាងនេះទៅទៀត​នោះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ ក៏បាន​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ត្រូវអនុវត្ត​បញ្ជា​របស់លោក ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​រ៉ាំរ៉ៃ ក៏ដូចជា​បណ្តឹង​នានា​ដែល​ពាក់ព័ន្ធ​នឹង​ដីធ្លី​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​រដ្ឋាភិបាល​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព ៕ 
 

Tag:
 វៀតណាម​
  ដីធ្លី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com