អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រមុខការទូតប៉ាគីស្ថានហៅអាមេរិកជាមិត្តក្បត់មិត្ត លោក Khawaja Asif រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន (រូបភាព៖ Wall Street Journal)
× រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Khawaja Asif បានរិះគន់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលព្យួរជំនួយយោធា និងការចោទប្រកាន់ទាំងឡាយមកលើប៉ាគីស្ថានជុំវិញយុទ្ធនាការបោសសម្អាតក្រុមភេរវករ។ លោក Khawaja Asif ចាត់ទុកទង្វើរបស់អាមេរិក មិនមែនជាទង្វើរបស់សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់ប៉ាគីស្ថានឡើយ។ មេបក្សប្រឆាំងប៉ាគីស្ថានក៏បានរិះគន់អាមេរិកធ្ងន់ៗ និងស្នើផ្ដាច់កិច្ចសហប្រតិបត្តិការយោធាទៀតផង។
ទាំងរដ្ឋាភិបាលប៉ាគីស្ថាន ទាំងបក្សប្រឆាំង បានចេញមកប្រតិកម្មខ្លាំងៗតបនឹងចំណាត់ការរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោន និងពាក្យសម្ដីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចោទប៉ាគីស្ថានថា កុហកបោកប្រាស់អាមេរិកអស់ពេលជាច្រើនឆ្នាំ។ លោក ត្រាំ បានបន្ទោសប៉ាគីស្ថានដែលទទួលជំនួយអាមេរិករាបរយលានដុល្លារ តែមិនជួយបោសសម្អាតក្រុមភេរវករឡើយ ហើយលោកក៏គំរាមកាត់ជំនួយសម្រាប់ប៉ាគីស្ថានទៀត។
ប៉ុន្មានថ្ងៃក្រោយការគំរាមនេះ រដ្ឋបាលក្រុងវ៉ាស៊ីនតោនក៏សម្រេចលុបចោលជំនួយក្នុងទំហំប្រមាណ៩០០លានដុល្លារឯណោះ។ ក្រុងវ៉ាស៊ីនតោនបានប្រាប់ឲ្យក្រុងអ៊ីស្លាម៉ាបាត ត្រូវឈប់ជួយក្រុមភេរវករ និងត្រូវចាត់វិធានការឲ្យពេញដៃពេញជើង ទើបខ្លួនផ្ដល់ជំនួយឲ្យឡើងវិញ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Khawaja Asif បាននិយាយថ្ងៃទី៤ ខែមករា ថា អាកប្បកិរិយារបស់អាមេរិក មិនមែនជាទង្វើរបស់មិត្តឡើយ តែជាមិត្តក្បត់មិត្ត។
ដោយឡែកមេដឹកនាំប្រឆាំង Imran Khan ដែលបានរិះគន់លោក ត្រាំ ខ្លាំងៗកន្លងមក បាននិយាយថា វាដល់ពេលដែលរដ្ឋាភិបាលផ្ដាច់ខ្លួនពីអាមេរិក។ លោក Khan ស្នើឲ្យរដ្ឋាភិបាលបញ្ជូនបុគ្គលិកចារកម្ម និងមិនចារកម្មចេញពីទឹកដីប៉ាគីស្ថាន ក៏ដូចជាព្យួរផ្លូវដឹកជញ្ជូនទាំងជើងគោក ទាំងអាកាស ដែលអាមេរិក និងកងទ័ពសម្ព័ន្ធយោធាណាតូ ធ្លាប់ប្រើដើម្បីបញ្ជូនសម្ភារទៅធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាន។
តាមពិតទៅនោះ ការកាត់ជំនួយរបស់អាមរិក គឺជារឿងដែលប៉ាគីស្ថានផ្ទាល់ដឹងមុនទៅហើយ ប៉ុន្តែរដ្ឋាភិបាលប៉ាគីស្ថានហាក់ភ្ញាក់ផ្អើលនឹងទង្វើរបស់ប្រធានាធិបតី ត្រាំ ដែលបង្ហោះសារជាសាធារណៈតាមបណ្ដាញសង្គម Twitter ។ រដ្ឋមន្ត្រីប៉ាគីស្ថានម្នាក់បាននិយាយឌឺដងថា FBI គូប្រជែងនយោបាយ កីឡាករអាមេរិកស្បែកខ្មៅ អាចស៊ាំនឹងការរិះគន់របស់លោក ត្រាំ លើ Twitter តែប៉ាគីស្ថានមិនអាចទម្លាប់បានទេ។
ទំនាក់ទំនរវាងអាមេរិក និងប៉ាគីស្ថានចាប់ផ្ដើមរអាក់រអួលក្នុងឆ្នាំ២០១១ ពេលដែលកម្លាំងពិសេសអាមេរិកសម្លាប់មេក្រុមភេរវករអាល់ កៃដា Osama bin Laden ក្នុងប្រតិបត្តិការសម្ងាត់លើទឹកដីប៉ាគីស្ថាន។ ចាប់ពីពេលនោះ ចម្ងល់ក៏លេចឡើងថា ហេតុអ្វីមេភេរវករលាក់ខ្លួនរស់នៅដោយស្រួលនៅប៉ាគីស្ថានទៅវិញ។ ប៉ុន្តែក្រុងអ៊ីស្លាម៉ាបាតចាត់ទុកសកម្មភាពរបស់អាមេរិក ជាការបំពានអធិបតេយ្យ ព្រោះអាមរិកធ្វើសកម្មភាពដោយមិនប្រាប់ខ្លួនមួយម៉ាត់៕
Tag:
ប៉ាគីស្ថាន
អាមេរិក
ដូណាល់ ត្រាំ
Khawaja Asif
© រក្សាសិទ្ធិដោយ thmeythmey.com