ជាតិ
សិល្បះ
សាវ៉ន ចូលប្រឡងព្រោះកម្មវិធីមិនគិតពីសម្ផស្ស រីឯម្ចាស់បទកកាកិកី បន្តខកចិត្ត ទោះបីបានដូរហ្គីតា
× កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៣ របស់ទូរទស្សន៍ហង្សមាស ឈានដល់សប្តាហ៍ទី៤ នៃវគ្គ Judge Audition។ ក្នុងចំណោមបេក្ខជនជាច្រើននាក់ បេក្ខនារី សេង សាវ៉ន និងបេក្ខជន ឈឺន ស៊ៃបុស្បា មានចំណុចដ៏គួរឲ្យសម្គាល់។
សេង សាវ៉ន អាយុ៣២ឆ្នាំ ហាក់ដូចជាអន់ចិត្តនឹងសម្ផស្សធម្មជាតិរបស់ខ្លួន។ បេក្ខនារីមកពីខេត្តតាកែវរូបនេះ បានអះអាងថា មិនដែលមានប្រវត្តិប្រឡងចម្រៀងកន្លងមកឡើយ ពីព្រោះសម្ផស្សរបស់ខ្លួនមិនសូវស្អាត។ ប៉ុន្តែសម្រាប់ Cambodian Idol កញ្ញា សាវ៉ន ដាច់ចិត្តចូលប្រឡងជាលើកដំបូង ព្រោះកម្មវិធីនេះ ផ្តោតតែលើសំឡេង ដោយមិនគិតពីរូបសម្ផស្សនោះឡើយ។
សាវ៉ន ដែលជាក្មួយស្រីរបស់បេក្ខនារី ម្នាក់ទៀតឈ្មោះ ជិន ចាន់ធឿន បានច្រៀងបទ «ទឹកភ្នែកនាងបដាចារ»។ ទោះបីជានាងច្រៀងមិនសូវដាក់មនោសញ្ចេតនា និងមានភាពអៀនប្រៀន ប៉ុន្តែក្រុមគណៈកម្មការដែលមានលោក ព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ និងកញ្ញា ឱក សុគន្ធកញ្ញា បានផ្តល់ចម្លើយ «Yes» ជាបន្តបន្ទាប់ ក្រោយបង្កើតកម្មវិធីរីករាយមួយចំនួនជាមួយបេក្ខនារីរូបនេះ។
ដោយឡែកបេក្ខជន ឈឺន ស៊ៃបុស្បា វត្តមានក្នុងកម្មវិធី Cambodian Idol លើកនេះ ជាលើកទី១១របស់ខ្លួនក្នុងការចូលប្រឡងសមត្ថភាពផ្នែកចម្រៀង ពោលគឺតាំងពីអាយុ១៤ឆ្នាំ។ បុស្បា មកពីខេត្តកណ្តាលដែលជានិស្សិតម្នាក់ផងដែរ ចង់ក្លាយជាតារាចម្រៀង Original ដ៏ល្បីល្បាញម្នាក់។
បេក្ខជនរូបនេះ បានបកស្រាយបទចម្រៀង «កកាកិកី» ដែលអះអាងថាជាបទនិពន្ធខ្លួនឯង តែគេបានសំដែងការខកចិត្ត ដោយសារមិនអាចច្រៀងជាមួយនឹងហ្គីតាផ្ទាល់ខ្លួន។ បុស្បាថា គេមិនសូវស្និទ្ធជាមួយហ្គីតាដែលកម្មវិធីតម្រូវឲ្យប្រើប្រាស់នៅនាទីចុងក្រោយនោះឡើយ។
ដើម្បីឲ្យបេក្ខជនអស់ចិត្ត ក្រុមតារាដែលជាគ្រូបង្វឹក បានអនុញ្ញាតឲ្យ បុស្បា បង្ហាញសមត្ថភាពជាថ្មីជាមួយនឹងហ្គីតារបស់ខ្លួន។ ការច្រៀងបទ «កកាកិកី» ម្តងទៀត មិនបានដល់ទីបញ្ចប់ឡើយ ដោយលោក ណុប បាយ៉ារិទ្ធ ផ្អាកពាក់កណ្តាលទី មុនផ្តល់ចម្លើយ «No» ជាបន្តបន្ទាប់។
© រក្សាសិទ្ធិដោយ thmeythmey.com