កីឡាអន្តរជាតិ
អន្តរជាតិ
ទឹកដី​ថៃ​ជា​ជុំរុំ​ហ្វឹកហាត់​ដ៏​ពេញនិយម​របស់​ក្លិប​អាជីព​កូរ៉េខាងត្បូង​នា​រដូវរងា​
06, Jan 2018 , 9:19 pm        
រូបភាព
​ថៃ​គឺជា​ទិសដៅ​ដ៏​ពេញនិយម​បំផុត​សម្រាប់​ក្លិប​កីឡាបាល់ទាត់​អាជីព​របស់​កូរ៉េខាងត្បូង (K League) ដើម្បី​ហ្វឹកហាត់​នៅក្នុង​រដូវរងារ​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​បានចេញ​ផ្សាយ​ដោយ​ប្រតិបត្តិ​ក​រលីក​កាលពីដើម​ខែមករា​កន្លងមក​។​



​សារព័ត៌មាន Yonhap បាន​ផ្សាយ​ថា ក្លិប​បាល់ទាត់​នៃ​លី​ក​បាល់ទាត់​កំពូល​កូរ៉េខាងត្បូង (K League Classic) មួយចំនួន​បានចាប់ផ្តើម​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​រដូវ​កាល​ថ្មី​របស់​ពួកគេ ប៉ុន្តែ​ត្រូវធ្វើឡើង​នៅលើ​ទឹកដី​ថៃ​នៅក្នុង​ខែ​នេះ​។ K League Classic រដូវ​កាល ២០១៨ នឹង​ចាប់ផ្តើម​ការប្រកួត​ពីថ្ងៃ​ទី​១ ខែមីនា​តទៅ​។​
 
Jeju United ក្រុម​ជើងឯក​រង​រដូវ​កាល ២០១៧ និង Incheon United នឹង​បោះ​ចំ​ជំរំ​ហ្វឹកហាត់​នៅឯ​ខេត្ត​ឈៀង​ម៉ៃ ខណៈ​ក្រុម Pohang Steelers និង Gyeongnam FC នឹង​បោះ​ទីតាំងនៅ​ក្រុង​បាងកក​។ ក្រៅពីនោះ​ក្រុម Gangwon FC និង Jeonnam Dragons ក៏​នឹង​ចាប់ផ្តើម​ការហ្វឹកហាត់រ​បស់​ពួកគេ​ក្នុងប្រទេស​ថៃ​ដែរ​។​
 
​លើសពីនេះ បើតាម​អ្នកគ្រប់គ្រង​លី​កនៅ​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា មានតែ​ក្លិប​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​នឹង​រៀបចំ​ជំរំ​ហ្វឹកហាត់​រដូវរងារ​ក្នុងប្រទេស​អឺរ៉ុប​។ FC Seoul ដែល​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៥ រដូវ​កាល​មុននឹង​ធ្វើដំណើរ​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចាប់ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ រហូតដល់​ថ្ងៃទី​៧ ខែកុម្ភៈ មុន​ត្រឡប់មក Kagoshima ប្រទេស​ជប៉ុន​វិញ​សម្រាប់​កម្មវិធី​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​របស់​ពួកគេ​។ ក្រុម Ulsan Hyundai ដែល​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​៤ នឹងធ្វើ​ដំណើរ​ទៅ​តំបន់ Algarve ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ចន្លោះ​ពីថ្ងៃ​ទី​១០​រហូតដល់​ថ្ងៃទី​៣០ ខែមករា​។​
 
​ដោយឡែក ក្លិប​ក្នុង​ក្របខណ្ឌ​ទី​២ K League រួមមាន Seongnam FC, Suwon FC និង FC Anyang នឹង​ហោះហើរ​ទៅកាន់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ខែ​នេះ​ដូចគ្នា​សម្រាប់​ត្រៀម​រៀបចំ​យុទ្ធនាការ​រដូវ​កាល​ថ្មី​រៀងៗ​ខ្លួន​៕

Tag:
 ​បាល់ទាត់​
  K League Classic
  កូរ៉េខាងត្បូង​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com