បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ស៊ូ រ៉ូហ្សានិច៖ ការធ្វើទីផ្សារប្រកបដោយសីលធម៌ ជាកត្តាជំរុញពាណិជ្ជកម្ម ឬសេវាកម្មឲ្យរីកចម្រើន
06, Jan 2018 , 10:39 pm        
រូបភាព
ដោយ:
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច អាយុ ទើបបាន​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ជំនាញ ការគ្រប់គ្រង​ម៉ាឃីតធីង​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​Leeds ប្រទេស​អង់គ្លេស​រយៈពេល​១​ឆ្នាំ​តាមរយៈ​អាហារូបករណ៍ Chevening​។ ក្រោយពី​បានបញ្ចប់​ការសិក្សា កញ្ញា​មានបំណង​ជ្រោមជ្រែង​ផ្នែក​ម៉ាឃីតធីង ទៅកាន់​ក្រុមហ៊ុន​ជាតិ អន្តរជាតិ និង ស្ថាប័ន​ផ្សេងៗ ដែល​អាចជា​ប្រយោជន៍​រយៈពេល​វែង​ដល់​សេដ្ឋកិច្ចកម្ពុជា​។ កញ្ញា​ដែល​បច្ចុប្បន្ន​មាន​អាយុ​២៤​ឆ្នាំ​រូបនេះ មើលឃើញថា កាលណា​ការធ្វើការងារ​នោះ ប្រកបដោយ​សីលធម៌ ការជំរុញ​ម៉ាឃីតធីង នៃ​ស្ថាប័ន​មួយ​នឹង​ទាក់ទាញ​បាន​អតិថិជន​ដែល​ស្ថាប័ន​នោះ  អាចឆ្លើយតប​នឹង​តម្រូវការ ហើយ​កត្តា​នេះ​នឹង​ជំរុញ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​នៃ​សេវាកម្ម ឬ ផលិតផល​នៅ​កម្ពុជា​មានការ​រីកចំរើន​កាន់តែ​ប្រសើរ​។ ជាមួយគ្នានេះដែរ កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច តែងតែ​ចាប់អារម្មណ៍ និង ធ្វើ​ការងារ​មួយចំនួន​ទាក់ទង​នឹង​សហគ្រិនភាព ហើយ​ចង់​បន្ត​កិច្ចការ​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត ពេលដែល​មានឱកាស​។
​សូម​អញ្ជើញ​អាន​បទ​សម្ភាស រវាង​លោក ទីន សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​កញ្ញា Sou Rosanich ជា​និស្សិត​អាហារូបករណ៍​CHEVENING​ឆ្នាំ​២០១៧ ដូចតទៅ​៖



​លោក ទីន សុខ​លីម​៖ តើ​កញ្ញា​ធ្វើ​យ៉ាង​មិច​ទើបបាន​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​? 
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច ៖ ការបន្ត​ការសិក្សា​ជាន់ខ្ពស់​នៅ​ប្រទេស​អង់គ្លេស​ជា​គោលបំណង​ធំ​មួយ​របស់ខ្ញុំ​។ មុននឹង​បានមក​បន្ត​ការសិក្សា​នៅទីនេះ ខ្ញុំ​បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ក្នុងការ​ដាក់ពាក្យ​យក​អាហារូបករណ៍ CHEVENING របស់​រដ្ឋាភិបាល​អង់​គ្លេ​ស​។ ក្នុងនោះ​រួមមាន​ការដាក់​ពាក្យ​ផ្ទាល់​ទៅកាន់​គណកម្មការ CHEVENING ការដាក់​ពាក្យ​ទៅកាន់​សកលវិទ្យា​ល័យ ៣ ផ្សេងគ្នា ការប្រឡង​កម្រិត​ភាសា​អង់គ្លេស និង ការបំពេញ​លក្ខខណ្ឌ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ទាំងអស់នេះ​ត្រូវការ​ការរៀបចំ​រយៈពេល​យូរ ភាព​អំណត់​អត់ធ្មត់​ដល់ទី​បញ្ចប់​។ 

​លោក ទីន សុខ​លីម​៖ មុននឹង​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស តើក​ញ្ញា​មានបទពិសោធន៍​អ្វីខ្លះ​?  
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច ៖ មុននឹង​ខ្ញុំ​មកកាន់​ប្រទេស​អង់គ្លេស ខ្ញុំ​បានបញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ និង ផ្នែក​អប់រំ ដោយបាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ សម្រាប់​ការចូលរួម​កិច្ចប្រជុំ​កំពូល​អនាគត​អ្នកដឹកនាំ​អាស៊ាន និង កម្មវិធី​ទាក់ទង​នឹង​សហគ្រិនភាព និង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​។ លើសពីនេះ ខ្ញុំ​ក៏មាន​បទពិសោធន៍​ការងារ​រយៈពេល ២​ឆ្នាំ ទាក់ទង​នឹង​ផ្នែក​ឌីជីថល​ម៉ាឃីតធីង និង​ផ្នែក​ធនធានមនុស្ស និង​ការងារ​ស្ម័គ្រចិត្ត​ជាច្រើន​ផងដែរ​។​

  
 
​​លោក ទីន សុខ​លីម​៖ តើក​ញ្ញា​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​អ្វីខ្លះ មុននឹង​ទទួល​ជ័យលាភី​អាហារូបករណ៍​នេះ​? 
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច ៖   ដូចដែល​ខ្ញុំ​បានលើកឡើង​ខ្លះៗ នេះ​ជាការ​រៀបចំ​រយៈពេល​វែង​ដោយមាន​ការអត់ធ្មត់​ខ្ពស់​។ ដើម្បី​ទទួលបាន​ជ័យលាភី​អាហារូបករណ៍​នេះ ខ្ញុំ​ផ្តោត​ដំបូង​លើ​ការបញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ដោយ​លទ្ធផល​ល្អ ការពង្រឹង​សមត្ថភាព​ភាសា​អង់គ្លេស និង បទពិសោធន៍​ក្នុង​បរិបទ​ការងារ​ដែល​គោរព​តាម​លក្ខខណ្ឌ​អាហារូបករណ៍​។ អ្វីដែល​សំខាន់​ជាងនេះទៀត គឺ​ការ​មាន​គម្រោង​ច្បាស់លាស់​នៅ​អ្វីដែល​ខ្លួន​ស្រលាញ់ និង​ភារកិច្ច​ដែល​ចង់​បំពេញ​ដើម្បី​ជា​ប្រយោជន៍ ដល់​សេដ្ឋកិច្ចសង្គម និង​ប្រទេស​ទាំងមូល​។ ទាំងនេះ​ទាមទារ​ឲ្យ​សរសេរ​ចេញ​ជា​សំណេរ​ក្បោះក្បាយ និង ប្រាកដប្រជា​។ ដូច្នេះ​ការសរសេរ​មាន​បែបបទ​ក៏​ជា​លក្ខណៈសម្បត្តិ​មួយ​ដែរ​។ ចំណុច​សំខាន់​មួយទៀត​គឺជា​ការប្តេជ្ញា​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ដើម្បី​សម្រេច​កិច្ចការ​នេះ ដែល​មិនមែនជា​រឿង​ងាយស្រួល​ឡើយ បើសិន​យើង​ស្ថិតក្នុង​កាលទេសៈ​កំពុង​សិក្សា ឬ បំពេញការងារ​ពេញ​ម៉ោង​។ ទំហំ​ការងារ​នេះ​មិនអាច​បញ្ចប់​ក្នុង​រយៈពេល​មួយ​យប់​បានទេ ដូច្នេះ​វា​ទាមទារ​ឲ្យ​ខ្ញុំ​ប្រឹងប្រែង​ដល់ទី​បញ្ចប់​។​

​លោក ទីន សុខ​លីម​៖ ហេតុអ្វី​បានជា​កញ្ញា​ជ្រើសរើស​ជំនាញការ​គ្រប់គ្រង​ម៉ាឃីតធីង​អន្តរជាតិ បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ​នេះ​?  
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច ៖  អរគុណ នេះ​ជា​សំណួរ​មួយ​ល្អ​។ សំរាប់​មុខជំនាញ​នេះ ខ្ញុំ​ជ្រើសរើស​ដោយ​ការស្រលាញ់​ពេញចិត្ត ១០០​ភាគរយ​។ មុននឹង​មក​រៀន​នៅ​ប្រទេស​អង់គ្លេស ខ្ញុំ​បានធ្វើ​ការទាក់ទង​នឹង​ផ្នែក​នេះ​តាំងពី​ឆ្នាំ​២០១៤ និង​ធ្វើ​គម្រោង​ផ្សេងៗ កន្លងមក​ពាក់​ព​ន្ធ័​នឹង​ពាណិជ្ជកម្ម និង​ការច្នៃប្រឌិត ដែល​ផ្នែក​ម៉ាឃីតធីង​ជា​ផ្នែក​មួយ​តម្រូវ​ឲ្យ​មានការ​ច្នៃប្រឌិត​ខ្ពស់ ដូច្នេះ​ជំនាញ​នេះ​បាន​ចាក់ស្រេះ​ក្នុង​ផ្នត់គំនិត​ខ្ញុំ​តាំងពី​ចាប់​ផ្តើមដំបូង​។ ជំនាញ​ម៉ាឃីតធីង សម្រាប់​ខ្ញុំ​ជា​ជំនាញ​មួយ​ដែល​មិន​ទូទៅ វា​ជា​សមត្ថភាព ជា​បរិបទ​គំនិត ជា​អត្តចរិត ដែល​គួបផ្សំ​នឹង​ការពង្រឹង​បន្ថែម​តាមរយៈ​ការសិក្សា និង​ការងារ​។ ដូច្នេះ​ទើប​ការបន្ត​សិក្សា​ផ្នែក​នេះ​មាន​សា​រះ​សំខាន់​ចំពោះ​ខ្ញុំ​។ សម្រាប់​ការសិក្សា​នេះ​ផងដែរ ក្រៅពី​ជ្រើសរើស​ប្រទេស​អង់គ្លេស ខ្ញុំ​ក៏មាន​មូលហេតុ​ក្នុងការ​ជ្រើសរើស​សកល​វិទ្យាល័យ Leeds​។ សាកលវិទ្យាល័យ Leeds ជា​អ្នកបង្កើត​ដំបូង​មួយ​នៃ Russell Group ដ៏​ល្បីល្បាញ​ដែលជា​ក្រុម​សកល​វិទ្យាល័យ​ផ្តោត​សំខាន់​ទៅលើ​ការស្រាវជ្រាវ (research) ដែល​ខ្ញុំ​គិតថា​ជា​ចំណុច​មួយ​សំខាន់​សម្រាប់​វិស័យ​អប់រំ​ក្នុងប្រទេស​កម្ពុជា ហើយក៏​សំខាន់​សម្រាប់​ខ្ញុំ​ផ្ទាល់​ព្រោះ​ខ្ញុំ​មានបំណង​ឲ្យ​និក្ខេបបទ​របស់ខ្ញុំ​ជា​ទិន្នន័យ​សុ​ក្រិត និង​ឯកសារ​មានតម្លៃ សម្រាប់​សង្គម​កម្ពុជា​ទោះ​តិចក្តី​ច្រើនក្តី​។ សាលា​ពាណិជ្ជកម្ម (Business School) នៅ​សកល​វិទ្យាល័យ Leeds ក៏​ជា​បណ្តុំ​មុខជំនាញ​ដែល​ផ្តល់​ការអប់រំ​មានគុណ​ភាព និង​មាន​ប្រជាប្រិយ​ភាពជា​យូរ​មកហើយ ហើយ​ដែល​ជំនាញ​ម៉ាឃីតធីង​ផ្ទាល់​តែម្តង​បានទទួល​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ឆ្នាំ​២០១៦ ក្នុងចំណោម សាកលវិទ្យាល័យ​ទាំងអស់​នៅក្នុង​ចក្រភព​អង់គ្លេស​។ មូលហេតុ​ទាំងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿថា ការជ្រើសរើស​ជំនាញ  និង សាកលវិទ្យាល័យ ពិតជា​មិន​ផ្តោត​សំខាន់​ទៅលើ​ទីតាំង ឬ​កត្តា​ផ្សេងៗ​ដែល​មិនសូវ​ពាក់​ព​ន្ធ័​នឹង​អនាគត​សិក្សា​ឡើយ​។​

​លោក ទីន សុខ​លីម​៖ តើ​កញ្ញា​មើលឃើញ​បទពិសោធន៍​ការសិក្សា​នៅ​UK និង​កម្ពុជា​ខុសគ្នា​យ៉ាងណាដែរ​? 
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច ៖   ជាដំបូង​ខ្ញុំ​គិតថា​វិស័យ​អប់រំ​នៅ​កម្ពុជា មានការ​រីកចម្រើន​ច្រើនជាង​មុន​ឆ្ងាយ​បច្ចុប្បន្ន​ការសិក្សា​មាន​ភាព​តឹងរឹង​ជាង​មុន ហើយ​សកល​វិទ្យាល័យ​ក​ម្ពុ​ជា​ជាច្រើន​មានការ​សហការ​ជា​ដៃគូ និង ជំនួយ​ពីស​កល​វិទ្យាល័យ​ល្អៗ​នៅក្រៅ​ប្រទេស ដែល​ផ្តល់ឱកាស​ឲ្យ​និស្សិត​កម្ពុជា​ទទួលបាន​ការ​អភិវឌ្ឍ​ចំណេះ និង ជំនាញ​ច្រើនជាង​មុន ដែល​នេះ​នឹង​រៀបចំ​ពួកគេ​ឲ្យ​មាន​ភាពខ្លាំង​ជាង​មុន​ទាំង​ទស្សនវិស័យ និង ការប្រកប​ការងារ​ប​ន្ទា​ប់​ពី​រៀន​ចប់​។ ប៉ុន្តែ​ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ចក្រភព​អង់គ្លេស ខ្ញុំ​យល់ថា​ការសិក្សា​នៅ​កម្ពុជា​នៅមានកម្រិត​ច្រើន​ទាំង​ផ្នែក​យុទ្ធសាស្ត្រ​និង​ការអនុវត្ត​។ ក្នុងនោះ​ខ្ញុំ​មើលឃើញ​ផ្នែក​ស្រាវជ្រាវ​នៅមាន​ចំណុច​ខ្វះខាត​។ ខ្ញុំ​គិតថា​សាស្ត្រាចារ្យ​តែងតែ​ខិតខំ​ប្រឹងប្រែង ឲ្យ​សិស្ស​និស្សិត​មាន​ជំនាញ​ក្នុងការ​សរសេរ​កិច្ច​ស្រាវជ្រាវ​ឲ្យ​មាន​គុណភាព តែ​អ្វីដែល​ខ្ញុំ​គិតថា​អាចបំពេញ​ចន្លោះ​បាន​ថែមទៀត គឺ​ការផ្តល់​អាទិភាព​ឲ្យ​វិស័យ​មួយ​នេះ ទៅជា​ផ្នែក​មួយ​សំខាន់​ក្នុង​ប្រព័ន្ធ​អប់រំ​។ វា​នឹង​ជា​រឿង​មួយ​ប្រសើរ​ខ្លាំង​នៅពេល​ជំនាញ​នេះ​ត្រូវបាន​ផ្តោត​សំខាន់​ចាប់តាំងពី​ថ្នាក់​វិទ្យាល័យ ដែល​ធ្វើ​ឲ្យ​និស្សិត​មានចំណេះដឹង​ជ្រៅជ្រះ នៅពេល​ពួកគេ​ធ្វើការ​ស្រាវជ្រាវ នៅ​កម្រិត​បរិញ្ញាប័ត្រ និង​ជួប​បញ្ហា​តិចតួច​បំផុត​ក្នុង​ថ្នាក់អនុបណ្ឌិត និង បណ្ឌិត​។ ចំពោះ​ផ្នែក​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​បទពិសោធន៍​សិក្សា សាកលវិទ្យាល័យ​អង់គ្លេស​មាន​ភាព​ដាច់ខាត សំរាប់​វិន័យ​នៃ​ការសិក្សា និង​បំពេញការងារ​សាលា​គ្រប់​ប្រភេទ​។ ការសិក្សា​នៅ​អង់គ្លេស​ផ្តោតលើ​ការអាន និង ស្រាវជ្រាវ​ខ្លាំង​បំផុត ដែល​នៅ​កម្ពុជា​នៅ​ខ្វះ​នៅឡើយ​។ ទោះជា​យ៉ាងណា ខ្ញុំ​យល់ថា​កម្ពុជា​នឹង​បន្ត​វិ​វត្ត​ម្តង​បន្តិចៗ​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ​។​


  
 
​លោក ទីន សុខ​លីម​៖  តើ​កញ្ញា​ជួប​ផល​លំបាក​អ្វីខ្លះ​ចំពោះ​ការសិក្សា​នៅ​ទីនោះ​? 
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច ៖   ផល​លំបាក​សំរាប់​ខ្ញុំ​គឺ​ដូចជា​និស្សិត​គ្រប់រូប ការសិក្សា​នៅទីនេះ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ និង ការចំណាយ​ពេលវេលា​ច្រើន​បំផុត​។ អ្វីដែល​ជាការ​លំបាក​ដំណាក់កាល​ដំបូង គឺ​ការដែល​និស្សិត​អន្តរជាតិ​បន្ត​ការសិក្សា​នៅ​បរទេស ហើយ​ត្រូវ​រៀន​ប្តូរ​បែបបទ​នៃ​ការបំពេញ​ការងារ​សាលា (​ជាក់ស្តែង​ការសរសេរ​) ស្ទើរតែ​ទាំងស្រុង​។ ការសិក្សា​នៅ​អង់គ្លេស​ពឹងផ្អែក​ចំបង​លើ​ការសរសេរ​ដែល​ប្រកបដោយ​ការវិភាគ​ពិស្តារ ការលើកឡើង​នូវ​ទិន្នន័យ​ច្បាស់លាស់​ពី​ឯកសារយោង និង ការយក​ទ្រឹស្តី​មក​ប្រៀបធៀប និង​ពិនិត្យពិច័យ​ត្រឹមត្រូវ​។ ទាំងនេះ​សុទ្ធតែជា​អ្វីដែល​ត្រូវ​រៀនសូត្រ និង​បំពេញ​ឲ្យ​ការសិក្សា​មានជោគ​ជ័យ​ពិតប្រាកដ​។ 
 
​លោក ទីន សុខ​លីម​៖ ក្រោយពី​បញ្ចប់​ការសិក្សា តើ​កញ្ញា​នឹងធ្វើ​អ្វី​បន្ទាប់​?  
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច ៖   គោលបំណង​ខ្ញុំ​ពីដំបូង​នៅ​មិន​ផ្លាស់ប្តូរ មុននឹង​ក្រោយ​បញ្ចប់​ការសិក្សា ខ្ញុំ​មានបំណង​ជ្រោមជ្រែង​ផ្នែក​ម៉ាឃីតធីង​ទៅកាន់​ក្រុមហ៊ុន​ជាតិ អន្តរជាតិ និង ស្ថាប័ន​ផ្សេងៗ​ដែល​អាចជា​ប្រយោជន៍​រយៈពេល​វែង​ដល់​សេដ្ឋកិច្ចកម្ពុជា​។ ខ្ញុំ​យល់ថា កាលណា​ការធ្វើការងារ​នោះ ប្រកបដោយ​សីលធម៌ ការជំរុញ​ម៉ាឃីតធីង នៃ​ស្ថាប័ន​មួយ​នឹង​ទាក់ទាញ​បាន​អតិថិជន​ដែល​ស្ថាប័ន​នោះ អាចឆ្លើយតប​នឹង​តម្រូវការ ហើយ​កត្តា​នេះ​នឹង​ជំរុញ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​នៃ​សេវាកម្ម ឬ ផលិតផល​នៅ​កម្ពុជា​មានការ​រីកចំរើន​កាន់តែ​ប្រសើរ​។ ជាមួយគ្នានេះដែរ ខ្ញុំ​តែងតែ​ចាប់អារម្មណ៍ និង ធ្វើ​ការងារ​មួយចំនួន​ទាក់ទង​នឹង​សហគ្រិនភាព ដូច្នេះ​ខ្ញុំ​បន្ត​កិច្ចការ​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត ពេលដែល​មានឱកាស​។​
 
​លោក ទីន សុខ​លីម​៖   តើ​អ្វី​ដែលជា​សារ​របស់​កញ្ញា​ទៅកាន់​និស្សិត​ផ្សេងទៀត ដែលមាន​បំណង​សិក្សា​នៅ​ទីនោះ​?
​កញ្ញា ស៊ូ រ៉ូ​ហ្សា​និ​ច ៖   ខ្ញុំ​សូម​លើកទឹកចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ឲ្យ​និស្សិត​កម្ពុជា​បន្ត​អភិវឌ្ឍ​ចំណេះដឹង​ឲ្យ​បាន​ខ្ពង់ខ្ពស់​មិន​ថា​ចាស់​ឬ​ក្មេង ប្រុស​ឬ​ស្រី​។ ការអប់រំ​ជា​ផ្នែក​មួយ​ដែល​មិនអាច​ខ្វះ​បាន​សំរាប់​សង្គម ហើយ​វា​ជា​ចំណុច​គោល​ក្នុងការ​អភិវឌ្ឍ​។ ក្រៅពី​លក្ខណៈវិនិច្ឆ័យ​ដូចជា​កម្រិត GPA កម្រិត​ភាសា​អង់គ្លេស ការណែនាំ​ពី​សាស្ត្រាចារ្យ និង ចំណុច​ទូទៅ​ទាំងឡាយ​ដែល​និស្សិត​គួរ​បំពេញ ខ្ញុំ​គាំទ្រ​និស្សិត​ខ្មែរ​ឲ្យ​ស្វែងយល់ និង សម្រេច​នូវ​អ្វីដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ព្រោះ​មានតែ​ការងារ​ដែល​ខ្លួន​ចូលចិត្ត​ទេ ដែល​ផ្តល់នូវ​លទ្ធផល​ល្អ​ពិតប្រាកដ​ក្នុងពេល​យូរអង្វែង​។ មុននឹង​សម្រេចចិត្ត​បន្ត​ការសិក្សា ត្រូវមាន​ភាពច្បាស់លាស់​ជាមួយ​ខ្លួនឯង​ជាមុនសិន​។ ការសិក្សា​ក្រៅប្រទេស​មិនមែនជា​បញ្ហា​ងាយស្រួល មិនមែនជា​ទំនោរ​ប្រជាប្រិយភាព ហើយ​មិនមែនជា​ការបំពេញ​ពេលវេលា​ទំនេរ​នោះឡើយ​។ ខ្ញុំ​សូម​ឲ្យ​និស្សិត​ទាំងអស់​មានការ​ស្រលាញ់​ពេញចិត្ត​ពិតប្រាកដ​នូវ​អ្វីដែល​យើង​ចង់​ចាប់យក ហើយ​មាន​គម្រោង​ច្បាស់លាស់​ក្នុងការ​ចាប់យក​នោះ ព្រោះ​ទាំងនេះ​វា​នឹង​បង្ហាញ​ក្នុង​សំណេរ​ក្នុងការ​ដាក់ពាក្យ និង​ការសម្ភាស​របស់​យើង​។ យើង​អាច​ចោទ សួរ​ខ្លួនឯង​ថា តើ​យើង​មាន​ចំណូលចិត្ត​ធ្វើ​អ្វី​? ហើយ​តើ​យើង​អាចរួមចំណែក​ឲ្យ​កម្ពុជា​ប្រសើរ​ជាង​មុន​តាមរយៈ​ចំណូលចិត្ត​នោះ​ដោយ​វិធី​ណា​? យើង​គួរ​ចងចាំ​ថា​អំពើ​គ្រប់យ៉ាង​របស់​យើង​ក្នុង​ការសិក្សា ការប្រកប​ការងារ និង​អ្វីៗ​ផ្សេងៗ​ជាច្រើន​ទៀត វា​នឹង​ជះឥទ្ធិពល​ទៅលើ​អ្វី​មួយទៀត​។ ដូច្នេះ​ប្រសិនបើ​យើង​មាន​ភាពប្រាកដប្រជា និង​មាន​សេចក្តីស្រលាញ់​ដៅ​ក្នុង​ទឹកចិត្ត​ហើយ នោះ​អ្វីដែល​យើង​ធ្វើ​នឹងមាន​ឥទ្ធិពល​វិជ្ជមាន​ក្នុងពេល​ណាមួយ​នាពេល​អនាគត​៕

  

© រក្សាសិទ្ធិដោយ thmeythmey.com