អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​រិះគន់​អាមេរិក​រឿង​កោះប្រជុំ​បន្ទាន់​លើ​បាតុកម្ម​នៅ​អ៊ីរ៉ង់​
06, Jan 2018 , 10:59 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបាតុកម្មនៅអ៊ីរ៉ង់ (រូបភាព៖ AP)
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបាតុកម្មនៅអ៊ីរ៉ង់ (រូបភាព៖ AP)
ដោយ: ថ្មីៗ
អាមេរិក​បាន​រង​ការរិះគន់​ខ្លាំង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្ដីពី​បាតុកម្ម​នៅ​អ៊ីរ៉ង់​នៅ​ថ្ងៃទី​៥ ខែមករា​។ សមា​ជិ​ក្រុមប្រឹក្សាសន្តិសុខ​ខ្លះ​បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​អាមេរិក ដែល​ស្នើ​ឲ្យ​កិច្ចប្រជុំ​បន្ទាន់​លើ​បញ្ហា​ដែល​មិន​ទាក់ទង​សន្តិសុខ​ពិភពលោក ឯ​រុស្ស៊ី​វិញ​បាន​ហៅ​សំណើ​របស់​អាមេរិក ជាការ​បំពាន​អំណាច​។​
 

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​កោះប្រជុំ​បន្ទាន់​មួយ​តាម​សំណើ​របស់​អាមេរិក​នៅ​ថ្ងៃទី​៥ ខែមករា ដើម្បី​ជជែក​លើ​បាតុកម្ម​នៅ​អ៊ីរ៉ង់​។ ក្រុង​វ៉ាស៊ីនតោន​អះអាងថា ប៉ះពាល់​សិទ្ធិមនុស្ស​យ៉ាងខ្លាំង ព្រោះ​ការបង្ក្រាប​របស់​កម្លាំង​សន្តិសុខ​អ៊ីរ៉ង់​បង្ក​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​ជាច្រើន​។ ប៉ុន្តែ បារាំង រុស្ស៊ី និង​ចិន បាន​រិះគន់​សំណើ​កោះប្រជុំ​របស់​អាមេរិក ខណៈ​របៀបវារៈ គឺជា​បញ្ហា​ក្នុងស្រុក​របស់​អ៊ីរ៉ង់​សុទ្ធសាធ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters តំណាង​របស់​បារាំង​លោក Francois Delattre និយាយ​រិះគន់​ដោយ​មិន​ចំឈ្មោះ​អាមេរិក​ថា បាតុកម្ម​មិនបាន​បង្ក​ផលប៉ះពាល់​សន្តិសុខ និង​សន្តិភាព​ពិភពលោក​ឡើយ ទោះជា​ស្ថានការណ៍​ពិតជា​គួរ​ឲ្យ​បារម្ភ​មែន​ក្ដី​។ លោក​ក៏​ស្នើ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប៉ុនប៉ង​នាំយក​បញ្ហា​នៅ​អ៊ីរ៉ង់​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដែល​ផ្ដល់​លទ្ធផល​ដែល​គ្រប់គ្នា​មិន​ចង់បាន​។​
 
​ចំណែកឯ​អគ្គរដ្ឋទូត​រុស្ស៊ី Vassily Nebenzia បាន​ហៅ​សំណើ​របស់​អាមេរិក​ជាការ​បំពាន​អំណាច​។ លោក Nebenzia អះអាងថា អាមេរិក​បាន​ព្យាយាម​បំពាន​វេទិកា​ក្រុមប្រឹក្សាសន្តិសុខ ហើយ​ការកោះប្រជុំ​បន្ទាន់​នេះ គឺជា​ប៉ុនប៉ង​របស់​អាមេរិក​ដើម្បី​បង្កបញ្ហា​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អាមេរិក​មិន​ពេញចិត្ត​ខ្លួនឯង​។ តំណាង​រុស្ស៊ី​ក៏​រិះគន់​អាមេរិក​ដែល​ចង់​ពិភាក្សា​បញ្ហា​អ៊ីរ៉ង់ និង​មិន​បំភ្លេច​ប្រធាន​សំខាន់​ដូចជា​វិបត្តិ​ស៊ី​រី នុយក្លេអ៊ែ​កូរ៉េខាងជើង និង​ជម្លោះ​នៅ​យេ​ម៉ែន​។​
 
​ទន្ទឹមគ្នា​នោះ តំណាង​ចិន​របស់លោក Wu Haitao ក៏​លើកឡើង​ដែរ​ថា ការពិភាក្សា​ស្ថានការណ៍​អ៊ីរ៉ង់​នៅ​ក្រុមប្រឹក្សាសន្តិសុខ មិនអាច​ដោះស្រាយ​បញ្ហា​អ៊ីរ៉ង់​បានទេ​។ លោកស្រី Nikki Haley ប្រេសិត​អាមេរិក​និយាយថា បាតុកម្ម​នៅ​អ៊ីរ៉ង់ នឹងមិន​ស្ងប់ស្ងាត់​ឡើយ ហើយ​អាមេរិក​ក៏បាន​កត់​ឈ្មោះ​អ៊ីរ៉ង់​រួចហើយ​ដែរ​។​
 
​ដោយឡែក អគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ Gholamali Khoshroo បាន​ប្រាប់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ថា អ៊ីរ៉ង់​មាន​ភស្តុតាង​គ្រប់គ្រាន់​រឹងមាំ ដែល​បង្ហាញ​ពី​ការ​លូកលាន់​របស់​បរទេស​ក្នុង​បាតុកម្ម​នេះ​។ លោក​ក៏​មិន​ភ្លេច​រិះគន់​អាមេរិក ដែល​អាង​ខ្លួន​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ ស្នើ​កោះប្រជុំ​បន្ទាន់​លើ​បញ្ហា​នេះ ទាំង​មិន​ស្ថិតក្នុង​អាណត្តិ​តរបស់​ខ្លួន​ផង​នោះ​៕
 
 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com