ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ បរទេស​កំពុង​បិទបាំង​ភាពបរាជ័យ ក្នុង​ការដាក់​សម្ពាធមក​លើ​កម្ពុជា​
07, Jan 2018 , 11:22 am        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា កម្ពុជា​មិន​ដើរ​តាម​ខ្សែ​ញាក់​របស់​បរទេស​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល ប្រកាស​បែបនេះ នៅក្នុង​ថ្ងៃ​ប្រារព្វ​ទិវា ៧ មករា លើក​ទី​៣៩ នៅ​ព្រឹក​នេះ​។​


 
​តាមរយៈ​បុព្វកថា​ជាង​មួយ​ម៉ោង សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា កត្តា​ផ្ទៃក្នុង​របស់​ជាតិ ជា​កត្តា​កំណត់​នៃ​ជ័យជម្នះ មិនមែន​បរទេស​ជា​អ្នកកំណត់​នោះទេ​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​ថ្លែងថា បរទេស​មួយចំនួន តែងតែ​ប្រើ​វោហារ​សព្ទ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​វា​គ្រាន់តែ​លេស​មួយ ដែល​រដ្ឋាភិបាល បាន​ចាត់ទុកជា​គោលបំណង​ចង់​បំផ្លិចបំផ្លាញ​សេចក្តីសុខ​កម្ពុជា​ទៅវិញ​ប៉ុណ្ណោះ​។​
 
​ថ្លែង​ចំពោះមុខ​សមាជិក​-​សមាជិកា​បក្ស ៥​ម៉ឺន​នាក់ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ នៅ​ថ្ងៃ​៧ មករា​នេះ ប្រធាន​គណបក្ស​ប្រជាជន​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​ពិតមែនតែ​អង្គការ​ចាត់តាំង​នៃ​បដិវត្តន៍​ពណ៌​ត្រូវបាន​រំលាយ​ហើយ​ក្តី ប៉ុន្តែ​ឧបាយកល​ដ៏​ពិសពុល​របស់​មជ្ឈដ្ឋាន​អគតិ​ខាងក្រៅ ដែល​បញ្ជា​ពីក្រោយ​ខ្នង​របស់​ចលនា​បដិវត្ត​ពណ៌​នៅ​កម្ពុជា​មិនទាន់​ផុតរលត់​នៅឡើយ​ទេ​។ គេ​បាន​ប្រើ​វោហា​រសព្ទ​នានា​ដ៏​ពិ​រោះ​អំពី​ប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និង​មនុស្សធម៌ ប៉ុន្តែ​សកម្មភាព​ពិត​របស់គេ បាន​រាំងខ្ទប់​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​នីតិរដ្ឋ ពិតប្រាកដ​មិន​ឲ្យ​រីកចម្រើន ដោយ​ជ្រើស​យក​បុគ្គល​មួយចំនួន​ដែល​ប្រឆាំង​រដ្ឋាភិបាល លើកទឹកចិត្ត​ដល់​អង្គការ​មិនមែនរ​ដ្ឋា​ភិ​បាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ដែល​បំពាន​ច្បាប់ ហើយ​ផ្ទុយទៅវិញ​គេបោះបង់​ប្រជាជន​កម្ពុជា និង​យក​ប្រជាជន​កម្ពុជា ធ្វើជា​ចំណាប់ខ្មាំង​របស់ខ្លួន​»​។​
 
​ជាមួយ​ជំហ​រឹងមាំ​ក្នុងការ​ដឹកនាំ​ប្រទេស សម្ដេច ហ៊ុន សែន បាន​និយាយថា កម្ពុជា​មិន​ចុះ​ញ៉ម ឬ​ខ្លាច​ការកៀបសង្កត់​រប​ស់បរ​ទេស​តាមរយៈ​ការផ្ដាច់​ជំនួយ​ទេ ប៉ុន្តែ​ក្រុម​បរទេស​ទាំងនោះ​វិញ​ទេ ដែល​កំពុង​បរាជ័យ​ក្នុង​ការដាក់​សម្ពាធមក​លើ​កម្ពុជា​។ «​មជ្ឈដ្ឋាន​បរទេស​ទាំង​នោះ ដែល​ធ្វើជា​មើលមិនឃើញ​ទិដ្ឋភាព​នៅ​កម្ពុជា កំពុង​ព្យាយាម​បិទបាំង​ការបរាជ័យ​របស់ខ្លួន បន្ត​រក​វិធី​ដាក់​ការកៀបសង្កត់​មកលើរ​ដ្ឋា​ភិ​បាល​ឲ្យ​ធ្វើតាម​ឆន្ទៈ​របស់ខ្លួន នៅ​ក្រោមលេស​រឹតបន្តឹង​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តាមរយៈ​ការ​គំរាម​កាត់​ផ្ដាច់ជំនួយ និង​វិធានការ​រឹតបន្តឹង​ផ្សេងៗ ដែលជា​ការជ្រៀតជ្រែក​យ៉ាង​កំរោល​មកលើ​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​អធិបតេយ្យ​មួយ​។ ក្នុងនាម​រដ្ឋ​អធិបតេយ្យ​កម្ពុជា​មិនអាច​ឱនក្បាល​ទទួលយក​ការកៀបសង្កត់​ណាមួយ​ពី​ខាងក្រៅ​បានឡើយ​។ ជាពិសេស​មិន​ទុក​ឲ្យ​មានការ​ប៉ុនប៉ង​ផ្លាស់ប្ដូរ​បដិវត្ត​ព័ណ៌​កើតមាន​បានជា​ដាច់ខាត​»​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន ដែល​បន្ត​រំ​ឮ​ក​ពី​ស្នាដៃ​រដ្ឋាភិបាល​ថា ការរក្សាបាន​នូវ​សុខសន្តិភាព គឺអាច​រក្សា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។​
 
​កន្លងមក​សហភាព​អឺរ៉ុប និង​អាមេរិក បាន​ព្រមាន​ពី​វិធានការ​ជា​បន្តបន្ទាប់ ទាំង​ការ​រឹតបន្តឹង​ទិដ្ឋាការ ការ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល និង​ដក​ការអនុគ្រោះ​ពន្ធ​ទំនិញ​ជាដើម ដោយ​ផ្សារភ្ជាប់​ជាមួយ​បញ្ហានយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។ ការព្រមាន​បែបនេះ អាច​ក្លាយ​ទៅ​ចំណោទ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ដោះស្រាយ​ដែរ ខណៈ​កម្ពុជា បានទទួល​ផលប្រយោជន៍​ពី​ការអនុគ្រោះ​ពន្ធ​ទូទៅ​១០០០​លាន​ដុល្លារ ពី​ទីផ្សារ​សេដ្ឋកិច្ច​របស់​សហភាព​និង​អាមេរិក​នេះ​។ 
 
​សហរដ្ឋអាមេរិក ដែល​តែងតែ​ចេញ​តតាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ប្រកាស​ទៀតថា អាមេរិក​នឹង​បន្ត​ដាក់​វិធានការ​ផ្សេងៗ​ទៀត មកលើ​ប្រទេស​កម្ពុជា ប្រសិនជា​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិន​វិល​ទៅរក​ភាពប្រក្រតី​ដូចដើម​វិញ​ទេ​។​

អត្ថបទទាក់ទង

 
​តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា កម្ពុជា​មិន​ពឹង​ផ្អែកលើ​បរទេស​ទាំងស្រុង​នោះទេ​។ ឆ្លើយតប​នឹង​ការព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​នេះ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​គម្រោង​បង្កើត​ធនាគារ​ដែលមាន​ថវិកា​១០០​លាន​ដុល្លារ ដើម្បី​ទុក​បំពេញតម្រូវការ​សហ​គ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​បញ្ហា​ខ្វះ​ដើមទុន​សម្រាប់​ប្រក​បរប​អ្វីមួយ​។ ជាពិសេស​លើ​កម្ពស់​ដល់​ការផលិត​ក្នុងស្រុក និង​ជំរុញ​ឲ្យ​មានការ​នាំចេញ​ផលិតផល​ទៅ​ប្រកួតប្រជែង​ក្រៅប្រទេស ។​
 
​សម្រាប់​អ្នកវិភាគ​វិញ កម្ពុជា​ពិតជា​អាច​រស់​នៅបាន​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹងផ្អែក​បរទេស ។ ប៉ុន្តែ​វា​គ្រាន់តែ​លំបាក​បន្តិច​ប៉ុណ្ណោះ​។ បើតាម​អ្នកវិភាគ អ្វីដែល​រដ្ឋាភិបាល​ត្រូវធ្វើ​នោះ គឺ​ការបង្កើត​គោលនយោបាយ​ច្បាស់លាស់​វែងឆ្ងាយ ក្នុងការ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ការផលិត​បែប​បច្ចេកទេស កែច្នៃ​ធនធាន​ដែល​ខ្លួន​មាន និង​លុបបំបាត់​អំពើពុករលួយ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ឲ្យ​បាន​ពិតប្រាកដ​៕

Tag:
 ហ៊ុន សែន
 EU
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com