ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក ថ្លែង​សារ​អបអរ​ទិវា​ជ័យជម្នះ ៧ មករា​
07, Jan 2018 , 1:20 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​អបអរសាទរ​ទិវា​ជ័យជម្នះ ៧ មករា លើក​ទី​៣៩ ។​


 
​តាម​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក បាន​រំឭកថា ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩ ទីក្រុង​ភ្នំពេញ ត្រូវបាន​រំដោះ​ចេញពី​របប​ខ្មៅ​ងងឹត​របស់​ខ្មែរក្រហម ហើយ​កម្ពុជា ចាប់ផ្ដើម​បន្តដំណើរ​ទៅកាន់​ពន្លឺ​ត្រចះត្រចង់ និង​ពោល​ពេញ​ទៅដោយ​ក្តីសង្ឃឹម​ក្នុងពេល​អនាគត​។​
 
​អាមេរិក បន្តថា ខួប​លើក​ទី​៣៩ នៃ​ថ្ងៃ​រំដោះជាតិ​នេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ អាមេរិក ចងចាំ​ជានិច្ច​នៃ​ការស្លាប់​របស់​ប្រជាជន​ខ្មែរ​២​លាន​នាក់​ក្នុងសម័យ ប៉ុល ពត និង​ភាពឈឺចាប់​របស់​ប្រជាជន​រាប់លាន​នាក់​ផ្សេងទៀត​។ អម​ជាមួយ​សារ​ខាងលើនេះ ស្ថានទូត​អាមេរិក បាន​សរសេរ​ដូច្នេះ​ថា​៖«​ពួកយើង​ក៏​សម្ដែង​ការ​សាទរ​ផងដែរ ចំពោះ​ភាព​ប៉ិនប្រសប់ ភាពក្លាហាន និង​ស្មារតី​លះបង់ ជាមួយ​ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​រំដោះ​ចេញពី​សម័យកាល​ខ្មៅ​ងងឹត​, ការកសាង​ប្រទេស​ពួកគេ​ឡើងវិញ និង​ការប្រឹងប្រែង​បន្ត​ដំណើរការ​ទៅមុខ​ក្នុងការ​ផ្សះផ្សារ​ជាតិ​»​។​
 
​នៅ​ព្រឹក​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួបជុំ​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា ៥​ម៉ឺន​នាក់ ដើម្បី​រំ​ឮ​ក​ខួប​ថ្ងៃទី ៧ មករា លើក​ទី​៣៩ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​។ ការជួប​ជុំគ្នា​នេះ ក្នុង​អត្ថន័យ​រំ​ឮ​ក​ឡើងវិញ ពី​ភាព​ជូ​ចត់​នៃ​ការរំដោះ​ជាតិ ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ពី​ការរង​ទុក​វេទនា ក្នុងសម័យ ប៉ុល ពត​។ ជាពិសេស​ការលះបង់រ​បស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែង​ច​ចារ​រក​សន្តិភាព រហូតដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ ,​បង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍ​ជាតិ​នា​បច្ចុប្បន្ននេះ​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​តម្លៃ​ថ្ងៃ​៧​មករា ថា​ជា​ជីវិត​ទី​២​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​
 
​ការជួប​ជុំគ្នា​នេះ ក្រោម​វត្តមាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ហ៊ុន សែន និង​សម្ដេច ហេង សំរិន​៕
 

Tag:
 ​អាមេរិក​
  ៧ មករា​
© រក្សាសិទ្ធិដោយ thmeythmey.com