ជាតិ
បទសម្ភាសន៍
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេគង្គ​-​ឡាន​ឆាង​៖ អ្នកជំនាញ​ថា ប្រទេស​ដែល​ឆ្លាត និង​មាន​សមត្ថភាព​នឹង​ទាញ​បាន​ប្រយោជន៍​ច្រើន​
07, Jan 2018 , 2:09 pm        
រូបភាព
បណ្ឌិត ឈាង វណ្ណារិទ្ធ​ និងបណ្ឌិត សុក ស៊ីផាន់ណា​ នៅក្នុងវេទិកា​សាធារណៈស្តីពី​មេគង្គ-​ឡានឆាង​រៀបចំឡើង​ដោយវិទ្យា​ស្ថានកម្ពុជា​សម្រាប់ការសិក្សា​យុទ្ធសាស្ត្រ
បណ្ឌិត ឈាង វណ្ណារិទ្ធ​ និងបណ្ឌិត សុក ស៊ីផាន់ណា​ នៅក្នុងវេទិកា​សាធារណៈស្តីពី​មេគង្គ-​ឡានឆាង​រៀបចំឡើង​ដោយវិទ្យា​ស្ថានកម្ពុជា​សម្រាប់ការសិក្សា​យុទ្ធសាស្ត្រ
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម ការផ្សាភ្ជាប់​រវាង​ប្រជាជន ការអភិវឌ្ឍ និង​សន្តិសុខ​តំបន់​មេគង្គ​។ ដោយសារ​កិច្ចសហប្រតិបត្តិការ​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​ចិន គេ​ឃើញ​មានការ​រិះគន់ថា ចិន​នឹង​ទាញ​ប្រយោជន៍​ច្រើន​ពី​កិច្ចសហប្រតិបត្តិការ​នេះ ខណៈ​ប្រទេស​ឯទៀត​ជាពិសេស​ប្រជាជន​តាម​មូលដ្ឋាន​នឹងមិន​មានលទ្ធភាព​ទាញ​ប្រយោជន៍​ច្រើន​ឡើយ​។ ប៉ុន្តែ​អ្នកជំនាញ​យល់ថា វា​ជា​រឿង​ធម្មតា​ក្នុង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​អ្នក​ចំណេញ​តិច ឬ​ច្រើន ហើយ​គេ​មិនអាច​ចោទ​ចិន​បានឡើយ​។ សំខាន់ ជា​សមាជិក​មួយ កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព ភាព​ឆ្លាត​វៃ ខ្លាំង និង​បង្កើន​ភាព​ដឹកនាំ​ដើម្បី​ទាញ​ប្រយោជន៍​ឲ្យ​បាន​ច្រើន​។

   
 
​សូម​ស្តាប់​បទ​សម្ភាស​ជាមួយ​លោក សៅ ផល​និស្ស័យ នៃ​សារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ សហ​ស្ថាបនិក វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ (CISS)

 
​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Mekong-Lancang Cooperation) មាន​អាយុ​កាលពីរ​ឆ្នាំ​ហើយ​គិត​មក​ត្រឹម​ពេលនេះ​។ នៅ​ថ្ងៃ​ពុធ​ទី ១០ ខែមករា​ខាងមុខ មេដឹកនាំ​ប្រទេស​សមាជិក​ទាំង​ប្រាំមួយ​នឹង​ជួបពិភាក្សា​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងកិច្ចប្រជុំ​កំពូល​មេដឹកនាំ​លើក​ទី​ពីរ​។ 
 
​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ISEAS ប្រទេស​សិង្ហ​បុរី និង​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ (CISS) យល់ឃើញថា កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ពីរ​ខាងមុខ មេដឹកនាំ​នឹង​ពិនិត្យ​លទ្ធផល​ដែល​ខ្លួន​សម្រេចបាន​និង​កំណត់​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ទៅមុខទៀត​ដែរ​។​
 
«​មេដឹកនាំ​នឹង​វាយតម្លៃ​តើ​អ្វីដែល​សម្រេចបាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង និង​អ្វី​ទៅ​ដែល​ត្រូវតែ​ធ្វើ​បន្តបន្ទាប់​។ អ្វីដែល​ពិសេស​ថ្នាក់ដឹកនាំ​នឹង​ពិភាក្សា និង​អនុម័ត​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះ​»​។ លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ បានបញ្ជាក់​ដូច្នេះ​។
 
​ឆ្លើយតប​នឹង​ការរិះគន់ និង​ការ​វាយតម្លៃថា មានតែ​ចិន​ដែល​ទាញ​បាន​ប្រយោជន៍ ខណៈ​ប្រជាជន​សាមញ្ញ​ក្នុងប្រទេស​ប្រាំ​ផ្សេងទៀត​ហាក់​មិនមាន​លទ្ធភាព​ទាញ​ប្រយោជន៍​ច្រើន​ពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នោះ លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​មាន​ចំណេញ​តិច​ឬ​ច្រើន​វា​អាស្រ័យ​លើ​ភាព​ឆ្លាត​វៃ​និង​ខ្លាំង​របស់​ប្រទេស​នីមួយៗ​។ 
 
«​ខ្ញុំ​គិតថា កិច្ចសហប្រតិបត្តិការ​វា​មាន​អ្នកទទួលបាន​ច្រើន និង​តិច​។ វា​មិនបាន​ស្មើគ្នា​ទេ​។ វា​ពឹង​លើ​សមត្ថភាព និង​ភាពជា​អ្នកដឹកនាំ​របស់​ប្រទេស​នីមួយៗ​។ បើ​យើង​ឆ្លាត ខ្លាំង មាន​សមត្ថភាព យើង​ទទួលបាន​ប្រយោជន៍​ច្រើន​។  ដូច្នេះ​យើង​មិនអាច​ចោទ​ប្រទេស​ណាមួយ​មក​គ្របដណ្តប់​លើ​យើង​»​។​
 
​ពេល​សាកសួរ​រឿង​ចិន​អាច​ប្រើប្រាស់​វេទិកា​មេគង្គ​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ាន លោក ឈាង វណ្ណា​រិ​ទ្ធ ទទួលស្គាល់ថា វា​ប្រាកដ​ណាស់​ព្រោះ​ផលប្រយោជន៍​របស់​ចិន​គឺ​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់ និង​ឆាក​អន្តរជាតិ​។ ប៉ុន្តែ​អ្នកជំនាញ​រូបនេះ​លើកសរសើរ​ពី​ចំណុច​វិជ្ជមាន​របស់​មហា​យក្ស​ចិន​។ នោះ គឺ​ចិន​ទទួលយក​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក ហើយ​ចិន​ក៏​មិន​ដាក់​គំនិត​ឲ្យ​ប្រទេស​ផ្សេង​ធ្វើតាម​ដូច​ប្រទេស​មហាអំណាច​មួយចំនួន​ទៀតឡើយ​។ ចិន​ស្តាប់​បណ្តា​ប្រទេស​ផ្សេង និង​រៀន​ពីគ្នា​ទៅវិញទៅមក​។  
 
​បន្ថែម​ពីនេះ បើតាម​អ្នកស្រាវជ្រាវ​ខាងលើ យន្តការ​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ​នឹងចូលរួម​កាត់បន្ថយ​ភាព​តានតឹង​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ទឹកទន្លេ​មេគង្គ​ផងដែរ ដោយសារ​ភាគី​បើកចំហ​ដើម្បី​ពិភាក្សា និង​សន្ទនា​គ្នា​ក្រោម​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។ 
 
​យ៉ាងណាមិញ លោក ឈាង វណ្ណា​រិ​ទ្ធ យល់ឃើញថា បរិស្ថាន​នៅក្នុង​តំបន់​នៅជាប​ញ្ហា​ចោទ​នៅឡើយ ដោយសារ​ប្រជាជន​មិនសូវ​ចូលរួម ហើយ​ការអនុវត្ត​គោលនយោបាយ​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​ឡើយ​។ ដូច្នេះហើយ លោក​យល់ថា វា​ជា​រឿង​ចាំបាច់​ដែល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះ​ត្រូវ​ជំរុញ​បន្ថែម​លើ​ការធានា​និរន្តរភាព​នៃ​បរិស្ថាន​តំបន់​នេះ​។​
 
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៥ដោយមាន​សមាជិក​សរុប​ប្រាំមួយ​មាន​កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម និង​ផ្តោត​សំខាន់​លើស​រសរ​ស្តម្ភ​បី និង​មាន​វិស័យ​អាទិភាព​ចំនួន​ប្រាំ​។ សរសរ​ស្តម្ភ​បី​នោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។ ចំណែក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មានដូចជា​ការផ្សាភ្ជាប់​, កិច្ចសហប្រតិបត្តិការ​ជំរុញ​សមត្ថភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លងដែន​, កិច្ចសហប្រតិបត្តិការ​នៃ​ការគ្រប់គ្រង​ទឹក និង​កសិកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ៕

Tag:
 មេគង្គ​-​ឡាន​ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com