ភ្នំពេញ៖ ថ្ងៃ៧មករា គឺជាថ្ងៃដែលមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា រួមនឹងកងទ័ពវៀតណាមបានរំដោះប្រជាពលរដ្ឋខ្មែរទាំងមូលឲ្យចេញពីរបបអាវខ្មៅប្រល័យពូជសាសន៍ប៉ុលពត។ អ្នកមានសណ្តានចិត្តជាមួយគណបក្សប្រជាជនកម្ពុជាចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២។ តែអ្នកមានគំនិតជំទាស់វិញ ពួកគេចាត់ទុកថ្ងៃ ៧មករា គឺជាថ្ងៃដែលវៀតណាមដាក់អាណានិគមមកលើប្រទេសកម្ពុជា។
នៅថ្ងៃ៧មករានេះតែម្តង នៅលើទំព័រហ្វេសប៊ុក អ្នកខ្លះ ចាត់ទុកថ្ងៃនេះជាទិវារស់ឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ «សច្ចភាពជាប្រវត្តិសាស្ត្រ!» នេះ គឺជាសរសេរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត។ សម្រាប់អ្នកស្រឡាញ់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ពលពត, ថ្ងៃ ៧មករា គឺជាជីវិតទី២ របស់ប្រជាជនកម្ពុជាទាំងមូល។ មានថ្ងៃ ៧មករា ទើបមានអ្វីៗទាំងអស់នៅថ្ងៃនេះ។ មានថ្ងៃ ៧មករា ទើបមានថ្ងៃ ២៣តុលា ឆ្នាំ១៩៩១។ បើគ្មានថ្ងៃ៧ មករា ទេ ប្រជាជនកម្ពុជាមួយចំនួចក៏មិនអាចរស់រានមានជីវិតទៅរស់នៅបរទេសដែរ។ បើគ្មានថ្ងៃ ៧មករា ទេ អ្នកនយោបាយដែលរស់នៅបរទេស ក៏មិនអាចចូលមកធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាបានដែរ...។ ដូច្នេះ អ្នកប្រមាថថ្ងៃ ៧មករា គឺជាអ្នកប្រមាថជីវិតខ្លួនឯង និងជាជនអកត្តញ្ញូ ព្រោះថ្ងៃ ៧មករា មិនមែនជាសត្រូវរបស់អ្នកណាម្នាក់នោះឡើយ។
អ្នកខ្លះទៀតបានបន្ថែមទៀតថា ពួកគេមិនត្រឹមតែចងចាំថ្ងៃ៧មករាប៉ុណ្ណោះទេ។ តែពួកគេថែមទាំងរៀបរាប់ព្រឹត្តិការណ៍ខ្មៅងងឹតនៃរបបប៉ុលពតប្រាប់កូនចៅជំនាន់ក្រោយទៀតផង។ ពួកគេនិយាយថា៖ «មានថ្ងៃនេះទើបគ្រួសារខ្ញុំអាចរួចផុតពីសេចក្តីស្លាប់។ ខ្ញុំតែងតែដំណាលរឿងទុក្ខវេទនាកាលពីសម័យសង្គ្រាម និងរបបខ្មែរក្រហមប្រាប់កូនៗ ក្រុមគ្រួសារ យុវជន និងមិត្តភក្តិបរទេសទាំងឡាយដែលចាប់អារម្មណ៏នឹងប្រវត្តិសាស្ត្រខ្មែរជានិច្ច។ អ្នកណាភ្លេចក៏ភ្លេចទៅចុះព្រោះជារឿងរបស់គេទេ។ ចំណែកខ្ញុំវិញ ខ្ញុំនៅតែចងចាំជានិច្ចការឈឺចាប់ព្រាត់ប្រាស់បងប្អូនសាច់ញាតិគ្រួសារ ការធ្វើទារុណកម្មលើរាងកាយ ការអត់ឃ្លានទាំងឡាយដែលធ្លាប់ឆ្លងកាត់ក្នុងយុគសម័យឆ្នាំ៧០នេះ។ ខ្ញុំមិនចង់ឃើញជាថ្មីនូវកាវិលត្រឡប់នៃរបបព្រៃផ្សៃនេះម្តងទៀតឡើយ»។
កាលពីប៉ុន្មានថ្ងៃមុននេះ, តាមរយៈសារលើទំព័រហ្វេសប៊ុក, លោក សម រង្ស៊ី បានចំអកឲ្យភាគីរដ្ឋាភិបាលនិងគណបក្សកាន់អំណាច ដែលតែងលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ឆ្លើយតបនឹងការលើកឡើងបែបនេះទៅវិញថា បើគ្មានថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដែលជាថ្ងៃកើតឡើងនូវរបបខ្មែរក្រហមទេ ក៏គ្មានថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែរ។ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន ដោយសារតែការហ៊ុមព័ទ្ធទៅដោយបណ្តឹងនៅក្នុងតុលាការកម្ពុជារូបនេះ បានសរសេរសារលើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះថា៖«ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាឆាកល្ខោនដែលវៀតណាម បានរៀបចំទាំងអស់។ [….] មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយវៀតណាម ដើម្បីលេបទឹកដីយើង និងបំភ័ន្ដភ្នែកប្រជារាស្ត្រខ្មែរ»។
សាររបស់លោក សម រង្ស៊ី រួមទាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ផ្ទុយស្រឡះនឹងសាររបស់អ្នកគាំទ្រ និងមន្ត្រីគណបក្សកាន់អំណាច។ ហើយមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ដែលចេញមុខចេញមាត់ជាងគេ ក្នុងការសរសើរថ្ងៃ៧មករា គឺលោក សុខ ឥសាន។
លោក សុខ ឥសាន ដែលមានតួនាទីជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបង្ហោះសារចូលទៅក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) ស្ទើរតែរាល់ថ្ងៃ ដើម្បីរៀបរាប់ពីគុណតម្លៃនៃថ្ងៃ៧មករា។ លោក បានលើកកម្កើងសម្តេច ហ៊ុន សែន ជាឥស្សរជន ដែលមានគុណសម្បតិ្តច្រើនជាងគេ ក្នុងការពុះពារផ្តួលរំលំរបបខ្មែរក្រហម ក្នុងថ្ងៃ៧មករា ឆ្នាំ១៩៧៩។
លោក សុខ ឥសាន រម្លឹកគុណរបស់កងទ័ពវៀតណាមថា កងទ័ពវៀតណាម បានចូលមកជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមសំណូមពររបស់ប្រជាជនកម្ពុជា រួមទាំងអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា។ លោក បន្តថា បើគ្មានការជួយជាបន្ទាន់នោះទេ ប្រជាជនកម្ពុជាទូទាំងប្រទេស ប្រាកដជាត្រូវវិនាសសាបសូន្យជាក់ជាមិនខាន។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងការពារថា ថ្ងៃ៧មករា មិនមែនជាថ្ងៃដែលកងទ័ពវៀតណាម ចូលមកឈ្លានពានកម្ពុជានោះទេ។ លោក និយាយបញ្ច្រាស់មកវិញថា ប្រសិនបើវៀតណាម ចង់លេបទឹកដីខ្មែរ ដូចការលើកឡើងខាងលើមែននោះ ប្រហែលជាគ្មានប្រជាពលរដ្ឋកម្ពុជានៅថ្ងៃនេះ ឬទៅថ្ងៃអនាគតឡើយ៕