កីឡាជាតិ
ជាតិ
Muangthong បានបង្កើតកំណត់ត្រាឲ្យថៃឈ្នះពានតូយ៉ូតាមេគង្គ៣ឆ្នាំជាប់គ្នា
×
ក្រុមបាល់ទាត់ SCG Muangthong United បានជួយឲ្យថៃរក្សាកំណត់ត្រាឈ្នះពានតូយ៉ូតាមេគង្គក្លិប៣ឆ្នាំជាប់ៗគ្នា បន្ទាប់ពីក្រុមនេះគ្រងជើងឯកឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមវៀតណាម Sanna Khánh Hòa ក្នុងលទ្ធផលសរុបទាំងពីរជើង ៧-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ តំណែងជើងឯកនេះ Muangthong ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៧៥,០០០ដុល្លារ។
ថៃបានបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងពានរង្វាន់ Toyota Mekong Club Championship តាមរយៈការគ្រងជើងឯក៣ឆ្នាំជាប់ៗគ្នា។ SCG Muangthong United ជាក្រុមដែលជួយឲ្យថៃអាចរក្សាកំណត់ត្រាដ៏ល្អនេះ ក្រោយពួកគេគ្រងជើងឯកពានរង្វាន់នេះជាលើកដំបូងនៅឆ្នាំ២០១៧ បន្ទាប់ពីក្រុម Burriram United ដែលគ្រងជើងឯកនៅឆ្នាំ២០១៥ និង ២០១៦។
សម្រាប់ការប្រកួតឆ្នាំ២០១៧ ក្រុម SCG Muangthong United បានយកឈ្នះក្រុម Sanna Khánh Hòa របស់វៀតណាមដោយលទ្ធផលសរុបទាំងពីរជើង ៧-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ នាការប្រកួតជើងទី១នៅលើទឹកដីវៀតណាមកាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៧ Muangthong បានយកឈ្នះក្រុមវៀតណាម ៣-១ ហើយបានបន្តឈ្នះ ៤-០ ក្នុងជើងទី២នៅលើទឹកដីថៃកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ដើម្បីលើកពាននៅឆ្នាំ២០១៧ ជាមួយជ័យជម្នះ ៧-១។
ក្រុមជើងឯក SCG Muangthong United ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៧៥,០០០ដុល្លារអាមេរិក រីឯក្រុមលេខ២ Sanna Khánh Hòa បាន៥ម៉ឺនដុល្លារអាមេរិក ខណៈក្រុមលេខ៣ Lao Toyota បាន១ម៉ឺនដុល្លារ និងក្រុមលេខ៤ បឹងកេត ទទួលបាន៥ពាន់ដុល្លារអាមេរិក។ ចំណែកកីឡាករ Youssouf Touré របស់វៀតណាមដែលក្រសោបពានអ្នករកគ្រាប់បានច្រើនជាងគេ(២៧គ្រាប់) និងកីឡាករលេងល្អជាងគេប្រចាំការប្រកួតទទួលបាន៣ពាន់ដុល្លារអាមេរិក។
ព្រឹត្តិការណ៍ Toyota Mekong Club Championship បង្កើតឡើងនៅឆ្នាំ២០១៤។ ក្នុងនោះ Becamex Bình Dương របស់វៀតណាមគ្រងជើងឯកនៅឆ្នាំ២០១៤ ក្រោយយកឈ្នះក្រុម Ayeyawady United ក្នុងលទ្ធផល ៤-១។ បន្ទាប់មក Buriram United គ្រងជើងឯកឆ្នាំ២០១៥ និង ២០១៦ និងក្រុម Muangthong United គ្រងជើងឯកនៅឆ្នាំ២០១៧៕
Tag:
បាល់ទាត់
Toyota Mekong Club 2017
Maungthong United
© រក្សាសិទ្ធិដោយ thmeythmey.com