សៀមរាប៖ ក្នុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានប្រមូលចំណូលពីការលក់សំបុត្រ ឬប័ណ្ណទស្សនារមណីយដ្ឋានអង្គរ កើនឡើងជិត ១០៨លានដុល្លារអាមេរិក។ ទំហំនៃប្រាក់ចំណូលនេះកើនឡើងទ្វេរដង ដែលមិនធ្លាប់មានពីមុនមក។ តើមូលហេតុអ្វីបានជាចំណូលរដ្ឋ ដែលបានមកពីការលក់សំបុត្រ ឬប័ណ្ណទស្សនារមណីយដ្ឋានអង្គរកើនឡើងខ្ពស់ ក្រោយពីរដ្ឋាភិបាលសម្រេចយកពីក្រុមហ៊ុនឯកជន មកគ្រប់គ្រងដោយខ្លួនឯងវិញនេះ?
បើយើងក្រឡេកមើលសាវតានៃរមណីយដ្ឋានអង្គរនេះ ឃើញថាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ បានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនអស់រយៈពេលជាង១៥ឆ្នាំ ពោលគឺក្រុមហ៊ុន សុខា អូតែល បានទទួលសិទ្ធិកាន់កាប់ ចាប់តាំងពីកណ្ដាលឆ្នាំ១៩៩៩មក។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ចំណូលចូលរដ្ឋ ដែលបានមកពីការលក់សំបុត្រ ឬប័ណ្ណទស្សនារមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន សុខា អូតែលនេះ អាចហក់ខ្ពស់បានត្រឹម៦០លានដុល្លារអាមេរិក ក្នុងរង្វង់ភ្ញៀវទេសចរ២លាននាក់ប៉ុណ្ណោះ។
ដោយគិតត្រឹមចំណូលពីឆ្នាំ២០១៣ ដល់២០១៥ នោះ ឃើញថា ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ក្នុងងឆ្នាំ២០១៥ មានភ្ញៀវទេសចរចំនួន ២,០០០,០១៨នាក់ គិតជាសាច់ប្រាក់ស្មើ៦០,០៥៣,៧០០ដុល្លារ។ ឯឆ្នាំ២០១៤ មានចំនួន ២,០៥៩,៧០២នាក់ និងស្មើ ៥៩,៣៤២,០០០ដុល្លារ ។ ចំណែកឆ្នាំ២០១៣ តួលេខដូចគ្នានេះមានចំនួនជាង ៥៧លានដុល្លារ។ នេះបើតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា។
តែយ៉ាងណាចំណូលដែលក្រុមហ៊ុន សុខា អូតែល ប្រឹងប្រែងលក់សំបុត្រចូលរមណីយអង្គរ ហើយខំប្រមូលថវិកាចូលរដ្ឋ ក្នុងទំហំទឹកប្រាក់៦០លានដុល្លារនេះ បានត្រឹមរងការរិះគន់ពីមជ្ឈដ្ឋានទូទៅពីភាពមិនប្រក្រតី នៃការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជននេះ។ អ្វីដែលត្រូវបានមជ្ឈដ្ឋានទូទៅ ដាក់ការសន្និដ្ឋាន និងវាយតម្លៃក្រៅផ្លូវការនោះ គឺភាពពុករលួយ ការកិបកេងបន្លំចំណូលរដ្ឋ ដាក់ចូលក្នុងហោប៉ៅខ្លួន ដែលធ្វើឲ្យបាត់បង់ប្រយោជនជាតិធ្ងន់ធ្ងរ។
ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរទៀតនោះ គឺកិត្តិយសរដ្ឋាភិបាលតែម្ដង។ គ្រាន់តែរឿងលក់សំបុត្រចូលរមណីយដ្ឋានអង្គរនេះ អតីតគណបក្សសង្គ្រោះជាតិបានទាញប្រជាប្រិយភាព រដ្ឋាភិបាលស្ទើតែធ្លាក់ចុះដល់បាត។តាមការសន្និដ្ឋានរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ដែលតែងតែចេញមុខរិះគន់លើបញ្ហាចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនប្រមាណ១៦០លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងរង្វង់ភ្ញៀវទេសចរ៤លាននាក់ ។ តែរដ្ឋាភិបាលមិនដែលទទួលយកការលើកឡើងរបស់បក្សប្រឆាំងឡើយ ដោយរដ្ឋាភិបាលចាត់ទុក សម្ដីគណបក្សប្រឆាំងជារឿងប្រឌិត មិនមានឯកសារត្រឹមត្រូវ ដែលមានបំណងភូតកុហកប្រជាពលរដ្ឋ។
ដោយសារតែចង់បង្ហាញពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាល កុំឲ្យប្រជាពលរដ្ឋជឿតាមសម្តីញុះញង់របស់ក្រុមប្រឆាំង រដ្ឋាភិបាលក៏សម្រេចយករមណីយដ្ឋានអង្គរពីក្រុមហ៊ុន សុខា អូតែល មកគ្រប់គ្រងវិញ។រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ សម្រាប់គ្រប់គ្រងលើការងារលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០១៦ ។ តាមរយៈសកម្មភាពគ្រប់គ្រងដោយខ្លួនឯង ក្នុងឆ្នាំដំបូងនេះ រដ្ឋាភិបាលអាចប្រមូលចំណូលជាង៦២លានដុល្លារ ដែលមានភ្ញៀវទេសចរចំនួន ២,១៩៧,២៥៤នាក់។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតួលេខនេះកើនឡើងខ្ពស់ ១០៧,៩៧៦,៤៣៩ដុល្លារ ហើយកើនជាង ៧១%ឯណោះ ក្នុងរង្វង់ភ្ញៀវទេសចរមានចំនួន ២,៤៥៧,០២៣ នាក់ ។
អ្វីដែលគេមើលឃើញពីភាពជោគជ័យរបស់រដ្ឋាភិបាលលើការប្រមូលចំណូលចូលរដ្ឋកើនឡើងនេះ គឺដោយសារតែគោលនយោបាយទាញយកប្រយោជន៍សម្រាប់ប្រទេសជាតិពីវិស័យទេសចរ តាមរយៈការដំឡើងថ្លៃសំបុត្រ។ ដោយមើលឃើញពីសក្ដានុពលនៃតំបន់ទេសចរប្រវត្តិសាស្ត្រនេះ រដ្ឋាភិបាលសម្រេចដំឡើងតម្លៃសំបុត្រទស្សនាសម្រាប់មួយថ្ងៃ ឡើងពី២០ទៅ៣៧ដុល្លារ ។សំបុត្រដែលមានសុពលភាព៣ថ្ងៃ ឡើងពី៤០ទៅ៦២ដុល្លារ និងសុពលភាពមួយសប្តាហ៍ ឡើងពី៦០ ទៅ៧២ដុល្លារ តែតម្លៃនេះនឹងដកចំនួន ២ដុល្លារ សម្រាប់ចូលមូលនិធីមន្ទីរពេទ្យគន្ធបុប្ផា។
ប៉ុន្តែសួរថា តើការបង្កើនចំណូលតាមរយៈការដំឡើងថ្លៃសំបុត្រនេះ អាចមានប្រសិទ្ធិភាពដែរទេ បើសិនជាការគ្រប់គ្រងចំណូលមិនត្រឹមត្រូវ?
ពិតណាស់វាជារឿងមួយ ដែលមិនអាចប្រកែកបានទេ បើសិនជាស្ថាប័នមួយ មានការគ្រប់គ្រងចំណូលបែបទុច្ចរិត កិបកេងបន្លំចូលហោប៉ៅខ្លួន ដើម្បីផលប្រយោជន៍មួយផ្នែករបស់ខ្លួន និងមនុស្សមួយក្រុម ដូចពាក្យគេនិយាយលេងថា «ចែកលុយគ្នាចាយ»នោះ ច្បាស់ណាស់ថា ស្ថាប័នមួយនោះប្រាកដជាខាតបង់ផលប្រយោជន៍ធំ ដោយសារមនុស្សមួយក្រុមនេះ ដែលវានឹងទាញឲ្យស្ថាប័ននោះធ្លាក់ចុះដល់បាតនៅពេលណាមួយជាក់ជាមិនខាន។ ត្រង់ន័យនេះគេអាចវាយតម្លៃបែបវិជ្ជមានបានថា ការកើនឡើងចំណូលចូលរដ្ឋជាង១០០លានដុល្លារនេះ អាចមកពីការគ្រប់គ្រងចំណូលរដ្ឋមានភាពត្រឹមត្រូវ គ្មានអំពើពុករលួយ និងការបន្លំចំណូលរដ្ឋ។ ទាំងនេះសឲ្យឃើញថា វាគឺជាចំណុចល្អមួយ ដែលអាចបង្ហាញពីគំរូភាពដល់ស្ថាប័នរដ្ឋផ្សេងទៀត អនុវត្តការគ្រប់គ្រងចំណូលរដ្ឋឲ្យបានត្រឹមត្រូវ ក្នុងទស្សនៈវិស័យគិតពីផលប្រយោជន៍ជាតិជាធំ មុននឹងគិតប្រយោជន៍ខ្លួនឯង សម្រាប់ទិសដៅអភិវឌ្ឍប្រទេសជាតិ។
សរុបមកវិញក្នុងរយៈពេលពីឆ្នាំ ដែលរដ្ឋាភិបាលគ្រប់គ្រងរមណីយដ្ឋានអង្គរនេះអាចរកចំណូលបាន១៧០លានដុល្លារ ដែលបង្ហាញពីសញ្ញាវិជ្ជមានច្រើនក្នុងការប្រមូលចំណូលជាតិ។ ហើយចំណូលនេះនឹងកាន់តែកើនឡើងថែមទៀត តាមរយៈគោលនយោបាយកៀងគរភ្ញៀវទេសចរ មកកម្សាន្តនៅប្រទេសកម្ពុជា។
បើនិយាយដោយឡែក ក្រៅពីការប្រមូលចំណូលពីរមណីដ្ឋានអង្គរនេះ អគ្គនាយកដ្ឋានពន្ធដារ ក្រសួងពាណិជ្ជកម្ម ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ,ក្រសួងសាធារណៈនិងដឹកជញ្ជូន ,ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាដើម សុទ្ធតែមានភារកិច្ចប្រមូលចូលជាតិ ឲ្យស្របតាមគោលការណ៍រដ្ឋាភិបាល ដែលបានកំណត់ទិសដៅដែរ។
បើផ្អែកលើ សៀវភៅណែនាំអំពីថវិកាជាតិ ដែលផលិតដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ក្នុងឆ្នាំ២០០៧ ចំណូលចរន្ត គឺសំដៅលើចំណូលពន្ធ និងចំណូលមិនមែនពន្ធ។ ចំណូលពន្ធនានា ដែលទទួលបានពីការយកពន្ធលើទំនិញ សេវាកម្ម និងពាណិជ្ជកម្ម មានដូចជាពន្ធលើប្រាប់ចំណូលផ្ទាល់ខ្លួន ពន្ធលើប្រាក់ចំណេញ ពន្ធអាករលើកាស៊ីណូ ពន្ធលើអចលនទ្រព្យ និងពន្ធគយជាដើម។ ចំណូលមិនមែនពន្ធ មានដូចជា ចំណូលពីការជួល និងការលក់អចលនទ្រព្យសាធារណៈ សហគ្រាសសាធារណៈ សម្បទានរ៉ែ ថ្លៃលិខិតឆ្លងដែន ថ្លៃទិដ្ឋាការ និងសេវារដ្ឋបាលជាដើម។ ចំពោះចំណូលមូលធន រួមមាន ចំណូលមូលធនក្នុងប្រទេស ដែលភាគច្រើនបានមកពី វិនិយោគហិរញ្ញវត្ថុ និងចំណូលមូលធនក្រៅប្រទេស ដែលរួមមានមូលនិធិទ្រទ្រង់ថវិកា ប្រាក់កម្ចី និងជំនួយឥតសំណង។
និយាយដល់ចំណុចនេះ រដ្ឋាភិបាល ធ្លាប់ដាក់ទិសដៅប្រមូលថវិកាជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៥ ពាន់លានដុលា្លរ នៅក្នុងឆ្នាំ២០១៧ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ឲ្យមានភាពសមតុល្យគ្នាជាមួយការចំណាយនោះផងដែរ។ បើទោះជាគ្មានតួលេខច្បាស់ពីរដ្ឋាភិបាល ជុំវិញការប្រមូលថវិកាជាតិនេះ។ តែវាពិតជាអាចទៅរួចមែន បើផ្អែកលើកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ និងទំហំផលិតផលជាតិសរុប។ ប៉ុន្តែដើម្បីឲ្យសម្រេចតាមគោលការណ៍ គឺរដ្ឋាភិបាលត្រូវអនុវត្តគោលនយោបាយលុបបំបាត់អំពើពុករលួយ ,បំបាត់ការកិបកេងបន្លំថវិការដ្ឋ , ការធ្វើសវនកម្មទៅលើស្ថាប័នដែលមានភារកិច្ចប្រមូលថវិកាចូលជាតិឲ្យបានត្រឹមត្រូវ, ពង្រឹងការផលិតក្នុងស្រុក និងកាត់បន្ថយការចំណាយក្រៅផ្លូវការជាដើម។ និយាយត្រង់ចំណុចនេះ អ្នកវិភាគ មើលឃើញថា រដ្ឋាភិបាលនឹងអាចប្រមូលចំណូលជាតិ មិនក្រោមជាង៤ពាន់លានដុល្លារក្នុងមួយឆ្នាំឡើយ ហើយវាក៏អាចជួយឲ្យរដ្ឋាភិបាល កាត់បន្ថយការខ្ចីថវិកាពីប្រទេសផងដែរ៕