បទយកការណ៍ / បទសម្ភាសន៍
គួរ​ឈប់​បង្ហោះ​រូបភាព​សាកសព និង​រូប​អសីលធម៌​ក្នុង​បណ្ដាញ​សង្គម​!
07, Jan 2018 , 8:39 pm        
រូបភាព
ដោយ:
 
ភ្នំពេញ​៖ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កំពុង​ក្លាយជា​ទីកន្លែង​បង្ហោះ​រូបភាព​យ៉ាង​ពេញនិយម សម្រាប់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ កំពុង​ក្លាយទៅជា​មនុស្ស​អសីលធម៌​ដោយ​មិនដឹង​ខ្លួន តាមរយៈ​ការ​បង្ហោះ​រូបភាព​សាកសព ឬ​រូប​មិនគួរ​គប្បី​ទាំងនេះ​។​


​លោក វិទូ​រ្យ គឺជា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់​។ រូបភាព​បង្ហាញ​ពី​ទេសភាព គ្រោះថ្នាក់​ចរាចរណ៍​មាន​អ្នករបួស​ធ្ងន់ធ្ងរ (​ពិការ​ដៃ​-​ជើង​,​ស្លាប់​) អ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់ និង​រូបភាព​ពី​ជីវិត​ផ្ទាល់ខ្លួន សុទ្ធតែជា​ដំណឹង​ដែល​យុវជន វិទូ​រ្យ ធ្លាប់​បង្ហោះ និង​ចែករំលែក (Share) នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ មិន​ត្រឹមតែ​ប៉​ណ្ណេះ​ឡើយ​យុវជន វិទូ​រ្យ ក៏​ធ្លាប់​បង្ហោះ​រូប​សាកសព​ជីតា របស់លោក​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ ការ​បង្ហោះ​សាកសព​ជីតា​ខ្លួន​នេះ ដោយសារតែ វិទូ​រ្យ ចង់បង្ហាញ​ពី​ភាព​អាឡោះអាល័យ និង​ចង់​ផ្សាយដំណឹង ដល់​សាច់ញាតិ មិត្តភក្តិ​ដទៃទៀត​ឲ្យ​បានដឹង​ពី​ដំណឹង​ទុក្ខ​ក្រៀមក្រំ​នេះ​។ 
 
​បុរស​មាឌតូច​សម្បុរ​ស្រអែម វ័យ​ជាង​២០​ឆ្នាំ​រូបនេះ បាន​រៀបរាប់ថា ៖«​សាកសព​ជីតា ដែល​លោក​បង្ហោះ មិន​មែនមាន​រូបភាព​ឃោ​ឃៅ ដូចជា​ការបាញ់សម្លាប់ គ្រោះថ្នាក់​ចរាចរណ៍ ដែលមាន​ឈាម ឬអ្វី​ផ្សេងៗ​ឡើយ​។ ប៉ុន្តែ​វា​ជាការ​កាន់ទុក្ខ​របស់​ក្រុមគ្រួសារ​ខ្ញុំ ជាការ​រំលឹក​គុណ​របស់គាត់ ជា​សិទ្ធិ​របស់ខ្ញុំ​» ។​
 
​នៅពេល​សួរថា តើ​លោក​ដឹងថា វា​ជា​រឿង​អសីលធម៌ និង​បំពាន​លើ​កិត្តិយស​ជីតា​លោក​ទេ​? វិទូ​រ្យ ឆ្លើយតប​ទាំង​ដឹង​ច្បាស់​ថា វា​ពិត​រំលោភ​ដល់​សិទ្ធិ​សព​ជីតា​របស់លោក​ដែរ តែ​គ្រាន់តែ​ខ្លួន​គិតថា វា​ជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​ការ​បង្ហោះ​រូបភាព​បែបនេះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ 
 
​មិនមែន​តែ វិទូ​រ្យ ទេ ដែល​គិតបែបនេះ​។ អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ ក៏​ទំនង​គិត​ដូច វិទូ​រ្យ ដែរ​។ បើដូច្នោះ​មែន ពួកគេ​ប្រហែលជា​មិនបាន​គិត​ទេ​ថា ការ​បង្ហោះ​រូបភាព​សាកសព គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតនៅក្នុង​ស្ថានភាព​អាក្រក់ និង​រឿង​អសីលធម៌​ផ្សេងៗ កំពុង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវចិត្ត​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដទៃ​នោះទេ​។​
​ជា​អ្នក​និយម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែរ កញ្ញា គឹម ឈិន មិន​ពេញ​ចំពោះ​ការ​បង្ហោះ​រូបភាព​សោកនាដកម្ម និង​រូប​មិន​គប្បី​លើ​បណ្ដាញ​សង្គម​ឡើយ​។ គឹម ឈិន យល់ថា រូបភាព​សាកសព ឬ​រូប​ភាពមិន​សមរម្យ​ផ្សេងទៀត គឺជា​ការប្រមាថ​មើលងាយ​ដល់​ពួកគាត់ ព្រោះ​វា​ជា​រឿង​ឯកជន​សុទ្ធសាធ ហើយ​អ្នកស្លាប់​ក៏មាន​កិត្តិយស និង​កេរ្តិ៍ខ្មាស​ដែរ បើទោះជា​គាត់​បាន​ស្លាប់​ក៏ដោយចុះ​។ សម្រាប់ គឹម ឈិន រូបភាព​ទាំងនោះ​មិនគួរ​យកទៅ​បង្ហោះ​ឲ្យ​អ្នកដទៃ​បានឃើញ​នោះទេ​។​
 
​កញ្ញា គឹម ឈិន ដែល​មិន​គាំទ្រ​ទង្វើ​បែបនេះ បានបង្ហាញ​អារម្មណ៍​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​វា​អពមង្គល​ខ្លាំងណាស់​ដែល​ព្រឹក​ឡើង​ឃើញ​មុខ​សាកសព​ក្នុង​បណ្ដាញ​សង្គម​។ ព្រឹក​នេះ​ខ្ញុំ​បើក​ហ្វេ​ស​ប៊ុ​ក​ភ្លាម​ឃើញ​សាកសព​ភ្លាម វា​មិនល្អ​សោះ បង្ហោះ​រូប​បែបនេះ​បើ​ចំ​មនុស្ស​ខ្លះ ដែល​គេ​មាន​ដំណម​មិន​ឲ្យ​ឃើញ​សាកសព ក៏​ប៉ះពាល់​ផ្លូវចិត្ត​គេ​ដែរ​»​។​
 
​សម្រាប់​អ្នកស្រី ឆាយ គុយ តែងតែ​កើតមាន​បញ្ហា​តឹង​ណែន​អារម្មណ៍ នៅពេលដែល​ឃើញ​រូបភាព​សាកសព ឬ​រូបភាព​អ្នកជំងឺ​នៅលើ​ហ្វេ​ស​ប៊ុ​ក​។ ពេលខ្លះ​អ្នកស្រី ឆាយ គុយ អង្គុយ​មើល​ហ្វេ​ស​ប៊ុ​ក​ទាំង​សម្រក់​ទឹកភ្នែក​ទៀតផង នៅពេល​ឃើញ​ការ​បង្ហោះ​រូបភាព​សាកសព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ហ្វេ​ស​ប៊ុ​ក ព្រោះ​វា​បានធ្វើ​ឲ្យ​អ្នកស្រី រំ​ឮ​ក​ដល់​ម្ដាយ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។ រូបភាព​បែបនេះ បានធ្វើ​ឲ្យ​អ្នកស្រី ឆាយ គុយ ស្លុត​អារម្មណ៍ ហើយ​លែង​ចង់​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀតផង​។​
 
​អ្នកស្រី អត្ថាធិប្បាយ​ដូច្នេះ​ថា ៖«​មិនគួរ​បង្ហោះ​រូបភាព​គ្រោះថ្នាក់​ចរាចរ​ណ៍​ដែល​បង្ហាញ​រូបរាង និង​មុខមាត់​របស់​សាកសព​ពេក​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​គ្រួសារ សាច់ញាតិ របស់​សាកសព​។​ខ្ញុំ​តែងតែ​ស្លុត​នៅពេល​ឃើញ​រូបភាព​សាកសព ដែល​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ផ្សេងៗ​។  ដូច្នេះ​មិនគួរ​បង្ហោះ ឬ ផ្សាយ​ច្រើន​ពី​រូបភាព​ទាំង​នោះឡើយ​»​។​
 
​ពិតណាស់​ការ​បង្ហោះ​រូបភាព​សាកសព​គ្រប់​ទម្រង់ គឺជា​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​សាកសព ហើយ​ជា​ទង្វើ​ដែល​ខ្វះ​សីលធម៌ និង​សុជីវធម៌​លើ​សាកសព និង​ជនរងគ្រោះ​។ បើតាម​វេជ្ជបណ្ឌិត​ចិត្តសាស្ត្រ​លោក ឈឹម សុធា​រ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ ការ​បង្ហោះ​រូបភាព​បែបនេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ដិត​ជាប់​អារម្មណ៍​អ្នក​ដែល​បានឃើញ​ទេ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ថប់​អារម្មណ៍ និង​ប៉ះពាល់​ផ្លូវចិត្ត​ផងដែរ​។ «​លើសពីនេះទៅទៀត​បើសិន​ក្មេង​ជា​អ្នកមើល​រូបភាព​ទាំងនោះ នៅ​ថ្ងៃ​អនាគត​គេ​អាច​នឹង​ក្លាយជា​មនុស្ស​បង្ក​ហិង្សា​ច្រើន​ក្នុងសង្គម និង​អាចធ្វើ​អោយគេ​មិនចេះ​គោរព​គ្នា ឬ​ជួយ​គ្នា​ជាដើម​»​។ នេះ​ជាការ​ពន្យល់​របស់លោក ឈឹម សុធា​រ៉ា ទាក់ទង​បញ្ហា​ផ្លូវចិត្ត​។​
 
​តាមពិត​ការ​បង្ហោះ​រូបភាព​មិនគួរ​គប្បី​ទាំងនោះ ក៏មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សិទ្ធិ​បុគ្គល​ផងដែរ​។ បើតាម​ក្រមរដ្ឋប្បវេណី​ផ្នែក​ទី​២ ស្ដីពី​សិទ្ធិ​បុគ្គល មាត្រា​១០ ស្ដីពី​អត្ថន័យ​នៃ​សិទ្ធិ​បុគ្គល បាន​ចែងថា «​សិទ្ធិ​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែលមាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត រូប​កាយ សុខភាព សេរីភាព នាម​កិត្តិយស ភាព​ឯកជន ឬ​សិទ្ធិ​ផ្សេងទៀត​ដែលជា​ផលប្រយោជន៍​ទាក់ទង​នឹង​លក្ខណ​បុគ្គល​»​។​
 
​ចំណែក​មាត្រា​១៣ នៃ​ក្រម​រដ្ឋ​ម​វេ​ណី ស្ដីពី​សិទ្ធិ​ទាមទារ​សំណង​ការ​ខូ​ត​ខាត បាន​ចែងថា « បញ្ញត្តិ​នៃ​មាត្រា​១១ (​សិទ្ធិ​ទាមទារ​ឲ្យ​បញ្ឈប់​) និង​មាត្រា​១២ (​សិទ្ធិ​ទាមទារ​ឲ្យ​ដក​នូវ​លទ្ធផល​នៃ​សកម្មភាព​រំលោភ​) នៃ​ក្រម​នេះ​មិន​រារាំង​ការទាមទារ​សំណង​ការខូចខាត ដោយ​អ្នក​ដែល​ទទួលរង​នូវ​ការរំលោភ​ផលប្រយោជន៍​ទាក់ទង នឹង​លក្ខណ​បុគ្គល​នោះ ដោយយោង​ទៅតាម​បញ្ញត្តិ​ស្ដីពី​អំពើរ​អ​និ​ត្សា​នុ​កូ​ល​បានឡើយ​»៕
 

Tag:
 សាកសព​
  រដ្ឋបវេណី​
 ​ ជំងឺ​ថប់​អារម្មណ៍​
 ​ បណ្ដាញ​សង្គម​
  FB
© រក្សាសិទ្ធិដោយ thmeythmey.com