អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រៀប​សេដ្ឋកិច្ច​របស់ខ្លួន​ដូច​ទៅនឹង​«​មនុស្ស​ឈឺ តែ​មិនមាន​រោគសញ្ញា​»
07, Jan 2018 , 9:59 pm        
រូបភាព
ដោយ:
 ​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ហាក់​នៅ​មិនទាន់​ពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​របស់ខ្លួន បើទោះបីជា រយៈពេល​ចុងក្រោយ​នេះ មាន​ស្ថាប័ន​អន្តរជាតិ​ជាច្រើន បានទទួល​ស្គាល់ និង​សរសើរ​ពី​ភាពល្អ​ប្រសើរឡើង​នៃ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​ក៏ដោយ ។

 
​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ថ្លែងថា ឥណ្ឌូណេស៊ី ទទួលបាន​ការចាប់អារម្មណ៍ និង​កោតសរសើរ​ជាច្រើន​ពី​បណ្តា​ភ្នាក់ងារ​វិនិយោគ និង​ស្ថាប័ន​អន្តរជាតិ​។ លោក​រាប់បញ្ចូល​ទាំង​ធនាគារពិភពលោក ដែល​ទើបតែ​ចេញ​របាយការណ៍​បញ្ជាក់​ថា ឥណ្ឌូណេស៊ី បាន​ផ្លាស់ប្តូរ​ពី​ចំណាត់​ក្នុង​វិស័យ​ធុរកិច្ច​កាន់តែ​ល្អប្រសើរ​នោះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ឥណ្ឌូណេស៊ី The Jakarta Post នៅ​ថ្ងៃ ៦ មករា ។ 
 
​ទន្ទឹមនឹង​អះអាង​ពី​ការទទួលស្គាល់​ពី​ចំណុច​វិជ្ជមាន​របស់​ឥណ្ឌូណេស៊ី​នេះ លោក​ក៏បាន​ចោទ​ជា​សំណួរ​ទៅ​មន្ត្រីជាន់ខ្ពស់​របស់លោក ថា​តើ​មូលហេតុ​អ្វី​បានជា​ស្ថានភាព​ជាក់ស្តែង​នៃ​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី មិន​ដូច​អ្វីដែល​អ្នក​ខាងក្រៅ​មើលឃើញ​។ សម្រាប់​លោក សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី នៅ​មិនទាន់មាន​ការរីកលូតលាស់​ដូច​ការរំពឹងទុក​នៅឡើយ​នោះទេ ។​
 
​នា​កិច្ចប្រជុំ​គណៈ​មន្ត្រី​ឥណ្ឌូណេស៊ី ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​៥ មករា លោក​ប្រធានាធិបតី បាន​លើក​ចោទ​យ៉ាង​ដូច្នេះ​ថា​៖«​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី បាន​ហក់​ឡើង ដែល​រួមមាន​ទាំង​ផ្សារភាគហ៊ុន ហើយ​អត្រា​អតិផរណា​ក៏​ទាប និង​ជាពិសេស​នោះ កញ្ចប់​ថវិការដ្ឋ ក៏​កាន់តែ​ល្អប្រសើរ ។ គ្រប់យ៉ាង គឺ​ល្អ តើ​យើង​គួរ​ធ្វើ​អ្វី​បន្ទាប់​ទៀត​?»​។  
 
​លោក​បន្ថែមទៀតថា​៖«​ខ្ញុំ សូម​ប្រៀបធៀប​ស្ថានភាព​របស់​ឥណ្ឌូណេស៊ី ដូច​ទៅនឹង​មនុស្ស​ដែល​ឈឺ តែ​មិនមាន​រោគសញ្ញា​អ្វី​សោះ ។ កម្រិត​ជាតិ​ខ្លាញ់​ក៏​ល្អ​, បញ្ហា​បេះដូង​ក៏​គ្មាន ហើយ​អណ្តាត​ក៏​ល្អ​ទៀត​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន ។​
 
​តាមពិតទៅ បញ្ហា​ពីក្រោយ​នៃ​ការមិន​អស់ចិត្ត​ចំពោះ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​របស់លោក វី​ដូ​ដូ ក៏​ព្រោះតែ នៅពេល​អំឡុងពេល​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៤ លោក បាន​សន្យា​នឹង​ជំរុញ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ឲ្យ​លូតលាស់​ក្នុង​កម្រិត ៧​ភាគរយ ។​
 
​ក៏ប៉ុន្តែ គិត​ចាប់ពី​លោក​កាន់តំណែង​មក សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី នៅត្រឹមតែ​កម្រិត ៥​ភាគរយ​ប៉ុណ្ណោះ ហើយ លោក ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​រកហេតុ​ផល ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី រីកលូតលាស់​លឿន​ជាង​នេះ ខណៈ​អាណត្តិ​ដឹកនាំ​របស់លោក ក៏​កាន់តែ​ខិតជិត​ដល់ពេល​កំណត់​ហើយ​នោះ ៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  សេដ្ឋកិច្ច​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com