ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សុជា​រចនា​ម៉ូដ​មកុដ​ខ្មែរ ពី​សំបក​ឡាំង និង​មាសសន្លឹក​យ៉ាង​ប្រណិត តែ​បែរជា​គេ​ថា​ចម្លង​ពី​ថៃ​
07, Jan 2018 , 10:59 pm        
រូបភាព
 ភ្នំពេញ​៖ លោក អ៊ី សុជា គឺជា​អ្នក​គំនូរ និង​រចនា​ម៉ូដ​មួយរូប ដែល​បាន​ច្នៃ​មកុដ  ពី​សំបក​ឡាំង និង​បិទមាស​សន្លឹក​ផង យ៉ាង​ស្អាត​ប្រណិត ប៉ុន្តែ​លោក ក៏ត្រូវ​រង​ការចោទប្រកាន់​ដែរ​ថា លោក​បាន​ចម្លង​ម៉ូដ​ពី​ប្រទេស​ថៃ​។ បើតាមការ​អះអាង​ពី លោក សុជា ម៉ូដ​មកុដ ដែល​លោក​ច្នៃ គឺជា​រចនាបថ​ខ្មែរ​សុទ្ធសាធ ដែល​បាន​រៀន​ពី​សារមន្ទីរ​ជាតិ និង​ពី​ព្រះបរមរាជវាំង​។ បុរស​វ័យ ៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​រូបនេះ ចង់​ឲ្យ​រចនា​ម៉ូដ​មកុដ​ខ្មែរ ឲ្យ​កាន់​តែមាន​ភាព​ប្រណិត និង​សម្បូរបែប​។​



​លោក អ៊ី សុជា គឺជា​អ្នក​ច្នៃ​មកុដ​ខ្មែរ​ពី​សំបក​ឡាំង ដែល​រំលេច​ក្បាច់​រចនាបថ​ខ្មែរ និង​បិទមាស​សន្លឹក យ៉ាង​ស្អាត​ប្រណិត​គួរ​គាប់​ភ្នែក ដូច​មាស​ពិតៗ  ប៉ុន្តែ​បើតាម​លោក សុជា ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​មិនទាន់​ទទួលយកបាន និង​ថែមទាំង​បាន​ចោទ​លោក​ចម្លង​ក្បាច់​ពី​ថៃ​ទៀតផង​។ បើតាម​បុរស​អ្នក​ខេត្តព្រៃវែង​រូបនេះ មូលហេតុ​ដែល​ធ្វើ​ឲ្យ​យល់ច្រឡំ​ដូច្នេះ ព្រោះ​មកុដ​របស់លោក មាន​ភាព​ប្រណិត​ជាង​មកុដ​ដែល​គេ​ធ្លាប់ធ្វើ និង​រំលេច​ក្បាច់​ច្បាស់ៗ​ចេញ​ក្រៅ បិទមាស​សន្លឹក (​មាសសន្លឹក​ប្រភេទ​មេ​គីមី​ប្រើ​លើ​គ្រឿង​សិល្បៈ​) និង​មាន​ដាំ​ត្បូង​ផង​។  

  
 
​លោក អ៊ី សុជា បាន​អះអាង​យ៉ាងច្បាស់​ថា ក្បាច់​មកុដ ដែល​លោក​រចនា គឺជា​ក្បាច់​ខ្មែរ​សុទ្ធសាធ ដែល​លោក​បាន​សិក្សា​ពី​សារមន្ទីរ​ជាតិ និង​ក្នុង​ព្រះបរមរាជវាំង​។ មាន​សប្បុរស មាឌ​មាំ លោក សុខ​ជា រៀបរាប់​បណ្ដើរ ភ្នែក​រេ​ទៅ​គ្រឿង​មកុដ​ដែល​ដាក់តាំង​ឱ្យ​ភ្ញៀវ​ទស្សនា​នៅលើ​តុ​បណ្ដើរ​ថា​៖«​គេ​ធ្លាប់តែ​ឃើញ​មកុដ​ពីមុនៗ មិនសូវ​រំលេច​ក្បាច់​ផុស​ឡើង ហើយ​ពណ៌​មិនសូវ​ភ្លឺ តែ​ដល់​ឃើញ​របស់ខ្ញុំ​ប្រណិត​ជាងគេ​អ៊ីចឹង គេ​ក៏​ថា​ខ្ញុំ​ចម្លង​ពី​ថៃ តាម​ពិតជា​ក្បាច់​របស់​ខ្មែរ​ពិតៗ​។ ទទួលស្គាល់ថា​មកុដ​ថៃ​ពិតជា​ស្អាត​មែន តែ​ខ្ញុំ​មិន​ចម្លង​ទេ ក្បាច់​ខ្មែរ​ច្រើនណាស់ យើង​យកមកប្រើ​យ៉ាងណា​ក៏​មិន​អស់ ខ្ញុំ​បាន​ទៅ​ស្រាវជ្រាវ​ពី​សារមន្ទីរ​មក ហើយ​ច្នៃ​តិចតួច​តែ​មិន​ចាក​ទម្រង់​ដើម​ទេ​»​។​

  
 
​មាន​សម្ដី​មួយៗ ច្បាស់ៗ បុរស​វ័យ​៣៧​ឆ្នាំ​រូបនេះ ឲ្យ​ដឹងថា ក្នុង​មួយឈុត (​មកុដ សូរ​ង ក្រវាត់​ទ្រូង​) ត្រូវ​ចំណាយ​អស់​ប្រមាណ​១០០​ដុល្លារ អាច​លើស ឬ​ក្រោម​នេះ អាស្រ័យ​ទៅតាម​ចំនួន​គ្រឿង ហើយ​ការធ្វើ​ក៏​ចំណាយពេល​យូរ ឬ​ឆាប់​តាម​ក្បាច់​ដែរ​។ លោក សុជា បញ្ជាក់​៖ «​គ្រឿង​ខ្លះ​យើង​ធ្វើ​ចំណាយ​អស់ប្រាក់​ច្រើន ដោយសារតែ​គ្រឿង​ខ្លះ​ក្នុង​មួយឈុត​មាន​ច្រើន ហើយ​មាសសន្លឹក​ដែល​យើង​យកមកប្រើ​ជា​ប្រភេទ​មាស​ល្អ វា​មិន​ដូច​គ្រឿង​រយ ជួន​អស់​៥០​ដុល្លារ ជួន​១០០​ដុល្លារ ជួន​លើស​នេះ​មិន​ទៀងទេ​»​។​
 
​ក្នុង​មួយឈុត លោក អ៊ី សុជា លក់​ក្នុងតម្លៃ​ប្រមាណ​៥០០​ដុល្លារ ហើយ​អ្នកទិញ​ជា​សិល្បករ​ក្នុងស្រុក និង​លក់​ទៅ​ប្រទេស​ថៃ និង​ប្រទេស​បារាំង ប៉ុន្តែ​លោក សុជា​ថា ការលក់​មិនសូវ​បាន​ច្រើន​ទេ ពីព្រោះ​មិនមាន​គេ​ស្គាល់​ច្រើន​។ បុរស​ញញឹម​ស្រស់​រូបនេះ ក៏​បារម្ភ​ដែរ នៅពេល​មាន​ជនជាតិ​ថៃ រក​ទិញ​មកុដ​របស់លោក ព្រោះ​លោក​ខ្លាច គេ​យកទៅ​ច្នៃ​ឱ្យចេញ​ជា​ក្បាច់​របស់គេ​។ លោក អ៊ី សុជា បញ្ជាក់​ពី​កង្វល់​របស់ខ្លួន​ដូច្នេះ​៖ «​ខ្ញុំ​ធ្លាប់​សួរ​ថៃ​ថា ហេតុអ្វី​បាន​ទិញ​របស់ខ្ញុំ​ទៅ ព្រោះ​ប្រទេស​អ្នកឯង​សម្បូរបែប​ណាស់ គ្រឿង​អស់ទាំង​នេះ ហើយ​ប្រណិតៗ​ផង គេ​ថា​នៅ​ប្រទេស​គេ មានតែ​បែបបទ​គេ គេ​ចង់បាន​រចនាបទ​ខ្មែរ​ពិតៗ​។ ដូច្នេះ​ខ្ញុំ​ក៏​មិនសូវ​លក់​ឱ្យគេ​ទេ ខ្លាច​គេ​យក​របស់​យើង​ទៅ​ច្នៃ​ឱ្យចេញ​ជា​ដួងព្រលឹង​គេ​»​។​

  
 
​អ្នកដែល​ជំនាញ​ផ្នែក​គំនូរ និង​ច្នៃ​ម៉ូដ រូបនេះ  ក៏​បង្ហើប​ដែរ​ថា ចំណូល​ពី​ការ​រចនា​មកុដ​នេះ មិនបាន​ច្រើន​ឡើយ គឺ​អាស្រ័យ​តាម​ការបញ្ជាទិញ​ពី​ភ្ញៀវ​។ ក្នុង​មួយខែ លោក អាច​រកបាន​ប្រមាណ​២០០​ដុល្លារ​ជា​មធ្យម​។ ក្រៅពី​ធ្វើ​មកុដ លោក អ៊ី សុខ​ជា ជា​អ្នក​តុបតែង​ផ្ទះ​ក្នុង​ពិធីបុណ្យ និង​មង្គលការ និង​ច្នៃ​ម៉ូដ​សម្ភារ​ចាស់ៗ ឬ​ពី​សំរាម ឬ​របស់​ពី​ធម្មជាតិ ធ្វើជា​វត្ថុ​សិល្បៈ​។ លោក​ក៏មាន​បង្រៀន​ពី​វិធី​ធ្វើ​មកុដ​ដែរ ហើយ​សម្រាប់​អ្នក​ដែល​គ្មាន​ប្រាក់​បង់ថ្លៃ​សិក្សា លោក​នឹង​បង្រៀន​មិន​គិតថ្លៃ គ្រាន់តែ​ត្រូវ ជួយ​ធ្វើ​មកុដ​លោក​ខ្លះៗ នៅពេល​ពួកគេ​ទំនេរ​។ សម្រាប់​បុរស​ដែលមាន​ជំនាញ​ផ្នែក​គំនូរ និង​រចនា រូបនេះ ចង់​ធ្វើ​ឲ្យ​ម៉ូដ​មកុដ​ខ្មែរ កាន់​តែមាន​ភាពសម្បូរ​បែប និង​កាន់តែ​ប្រណិត​៕
 
 
 
 
 

Tag:
 អ៊ី សុជា​
  មកុដ​
 ​ ច្នៃ​
 ​ រចនាបថ​
© រក្សាសិទ្ធិដោយ thmeythmey.com