កីឡាជាតិ
ជាតិ
រដូវ​កាល​បាល់ទាត់​ឆ្នាំ​២០១៨៖ ពាន​សម្តេច ហ៊ុន សែន នៅ​ខែកុម្ភៈ លី​គ​ផ្តើម​នៅ​ខែមីនា​
08, Jan 2018 , 7:39 am        
រូបភាព
ពានក្របខណ្ឌលីគឆ្នាំ២០១៧
ពានក្របខណ្ឌលីគឆ្នាំ២០១៧
ដោយ:
​រដូវ​កាល​ឆ្នាំ​២០១៧​ចប់​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានបង្ហាញ​កាលបរិច្ឆេទ​ប្រកួត​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨​។ ក្នុងនោះ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នឹង​បើក​រដូវ​កាល​ថ្មី​របស់ខ្លួន​នា​ដើមខែ​មីនា ខណៈ​ពានរង្វាន់​សម្តេច ហ៊ុន សែន បើក​នៅ​សប្តាហ៍​ទី​១​នៃ​ខែកុម្ភៈ​។​

 
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៨ នឹង​បើក​រដូវ​កាល​ថ្មី​របស់់ខ្លួន​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។ ទន្ទឹមនឹងនេះ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ នឹង​បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​លោក ឌី វិជ្ជា ប្រធាន​គណៈកម្មការ​នា​យក​ទទួលបន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​ទាំងនេះ​។ 
 
​សម្រាប់​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៧ ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ បឹងកេត​បន្ត​រក្សា​តំណែង​ជើងឯក​ក្រោយ​ឈ្នះ​ក្រសួងការពារជាតិ​ដោយ​បាល់​ប៉េ​ណា​ល់​ទី ១០-៩ បន្ទាប់ពី​ប្រកួត​១២០​នាទី​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ១-១​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បញ្ចប់​ក្នុង​ចំណាត់​លេខ​៣​ក្រោយ​ចាញ់​ក្រសួងការពារជាតិ ៣-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ណាហ្គា​វើ​ល​ទទួលបាន​លេខ​៤​ក្រោយ​ចាញ់​ទ័ព​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៤-៣ នៅ​វគ្គ Play off​។​
 
​ក្រុម​ជើង​បឹងកេត​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៦០​លាន​រៀល និង​បាន​កៅអី​វគ្គ Group Stage នៃ​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៨​ដោយ​ស្វ័យប្រវត្តិ​។ បឹងកេត​ស្ថិតក្នុង​ពូ​ល F ជាមួយ​ក្រុម​សិង្ហ​បុរី Home United រួមទាំង​ក្រុម​ដែល​តំណាង​ឲ្យ​លី​គ​កំពូល​ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា​។ ចំណែក​ក្រុម​លេខ​២​ក្រសួងការពារជាតិ​ទទួលបាន​៤៦​លាន​រៀល រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​៣៦​លាន​រៀល និង​ណាហ្គា​វើ​ល​៣០​លាន​រៀល​។ 
 
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល ៣-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​បឹងកេត​ដោយ​បាល់​កាត់សេចក្តី​ក្នុង​លទ្ធផល ៥-៤ ក្រោយ​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ១-១​។ 
 
​ក្រៅពី​ពាន និង​មេដាយមាស ក្រុម​ម្ចាស់​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​៨០​លាន​រៀល រីឯ​ជើងឯក​រង​ណាហ្គា​វើ​ល​បាន​៤០​លាន​រៀល និង​ក្រុម​អគ្គិសនី​កម្ពុជា​បាន​២០​លាន​រៀល​។ ជាមួយគ្នានេះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ដល់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​៕       
 
 

Tag:
 Cambodian League 2018
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com