បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ឌី​ណា និពន្ធ​ប្រលោមលោក​ដើម្បី​លើកស្ទួយ​ការអាន​
07, Mar 2018 , 3:33 pm        
រូបភាព
 ភ្នំពេញ​៖ ទោះជា​ការនិពន្ធ​ប្រលោមលោក មិនសូវ​រកចំណូលបាន​ក្ដី វា​មិនមែនជា​បញ្ហា​ដែល​ធ្វើ​ឲ្យ កញ្ញា គឹម ឌី​ណា បោះបង់​ការនិពន្ធ​ប្រលោមលោក​នោះឡើយ​។ ផ្ទុយទៅវិញ អ្នកនិពន្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ អះអាងថា វា​ជា​កិច្ចការ​ចម្បង​ដែល​នាង​ត្រូវធ្វើ ដើម្បី​លើកស្ទួយ​ការអាន​ឡើងវិញ​។ សម្រាប់ កញ្ញា គឹម ឌី​ណា ការអាន ជួយ​ឲ្យ​មាន​បញ្ញា និង​ងាយ​ចម្រើន​ក្នុងការ​ប្រកបការងារ​។​



​លើកស្ទួយ​ការអាន ជា​កិច្ចការ​ចម្បង​ដែល​អ្នកនិពន្ធ​វ័យក្មេង កញ្ញា គឹម ឌី​ណា ប្តេជ្ញា​ធ្វើ​។ បើ​ទោះ​ដឹងថា ការនិពន្ធ​ប្រលោមលោក ជា​អាជីព​មួយ​រកប្រាក់​ចំណូល​បាន​មិន​ច្រើន​ក៏ដោយ  កញ្ញា នៅតែ​អះអាង​ខ្លួន​នៅតែ​ស្រលាញ់​ការងារ​នេះ​។ ម្ចាស់​ស្នាដៃ​ប្រលោមលោក​ចំណងជើង​ថា​«​ប្រពន្ធ​ខ្ញុំ​អាយុ​១៨​ឆ្នាំ​» ដែល​ទើប​បោះពុម្ព​នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ មានជំនឿថា​អត្ថបទ​ប្រលោមលោក​ដែល​ល្អ  និង​មាន​ខ្លឹមសារ នឹង​អាចជួយ​ឲ្យ​យុវវ័យ​ងាក​មក​ចាប់អារម្មណ៍ការអាន​វិញ​។  
 
​ស្នាមញញឹម​ជាប់​នៅលើ​ផ្ទៃមុខ បាន​រលុប​ភ្លាម នៅពេល​រំ​ឮ​ក​ពី​រឿង​ក្រុមគ្រួសារ​ខ្លួន​មិនសូវ​ពេញចិត្ត​ឲ្យ​នាងធ្វើ​ការងារ​តែង​និពន្ធ​នេះ​។ កញ្ញា ឌី​ណា បញ្ជាក់​ក្នុង​សម្តីញាប់ៗ​ថា​៖«​បើ​និយាយ​ពី​គ្រួសារ និង​សង្គម​គាត់​មិនសូវ​ឲ្យ​តម្លៃ ព្រោះ​វា​រកប្រាក់​បាន​តិច​»​។ 

  
 
​ដោយបាន​ដឹងថា​ ការនិពន្ធ​ប្រលោមលោក​រក​ចំណូល​មិនសូវ​បាន ដូច្នេះ​ឌី​ណា ក៏​ឆ្លៀត​និពន្ធ​អត្ថបទ​កុន​ដែរ ដើម្បី​បាន​ចំណូល​បន្ថែម​។ ទន្ទឹមនឹងនេះ នាង​បាន​ប្ដេជ្ញា​ថា ពី​ឆ្នាំ​២០១៨​តទៅ ខ្លួន​នឹង​បោះពុម្ព​សៀវភៅ​ប្រលោមលោក ដែលមាន​គុណភាព ផ្តល់​ចំណេះ​ដល់​អ្នកអាន ឲ្យ​បាន​១​ក្បាល​ក្នុង​មួយឆ្នាំ​។ សម្រាប់​ឆ្នាំ​២០១៨​នេះ កញ្ញា ឌី​ណា នឹង​សរសេរ​ប្រលោមលោក​ពី​ការប្រឡង​បវរកញ្ញាប្រលោមលោក​ ខណៈដែល​នាង​ក៏មាន​ស្នាដៃ​ប្រលោមលោក​ជាច្រើន​ទាំង​ខ្នាត​ខ្លី និង​ខ្នាត​វែង​ជាង​៣០​ស្នាដៃ ដែល​ស្នាដៃ ខ្លះ​បាន​បោះពុម្ព​ជា​សៀវភៅ និង​នៅក្នុង​ប្លុក និង​មួយចំនួនទៀត​មិនទាន់​បោះពុម្ព ។ តាម​កញ្ញា គឹម ឌី​ណា ស្នាដៃ​ប្រលោមលោក​ទាំងនោះ ភាគច្រើន​និយាយ​ពី​ការលើកទឹកចិត្ត​ស្ត្រី បញ្ហា​គ្រួសារ និង​ស្នេហា​។  

  
 
​កញ្ញា គឹម ឌី​ណា មាន​គោលដៅ​ឥត​ងាករេ ក្នុងការ​ជំរុញ​ការអាន ដោយបាន​បញ្ជាក់ថា ទោះជា​នាង​ធ្វើការ​អ្វី​ក៏ដោយ​នៅ​ថ្ងៃ​អនាគត ក៏​នាង​នៅតែ​ចូលរួម​លើកស្ទួយ​ការអាន និង​ចូលរួម​លើកទឹកចិត្ត​ការអាន​ដែរ​។ អ្នកនិពន្ធ​វ័យក្មេង​រូបនេះ ក៏​ស្នើ​ដល់​អ្នកអាន កុំ​វាយតម្លៃ​ជារួម​ថា​ស្នាដៃ​និពន្ធ​ទាំងអស់​មិនល្អ ពីព្រោះ​ការសន្និដ្ឋាន​ដូច្នេះ មិនបាន​ជួយ​អ្វី​ដល់​វិស័យ​តែង​និពន្ធ និង​លើក​ការអាន​នោះទេ មានតែ​ធ្វើ​យឺត ឬ​បំបាក់ទឹកចិត្ត​អ្នកនិពន្ធ​ទៅវិញ​។ កញ្ញា ពន្យល់​បន្ថែម​ដូច្នេះ​៖« សូមកុំ​ប្រញាប់​វាយតម្លៃ​ស្នាដៃ​ទាំងអស់​ថា​មិនល្អ ហើយ​បោះបង់​ការអាន ពេលដែល​អាន​ជួប​ស្នាដៃ​ណា​ដែល​មិនសូវ​ល្អ​។ សូម​គិតថា បើ​អ្នកនិពន្ធ​ម្នាក់​នោះ​នៅមានកម្រិត នៅមាន​អ្នកនិពន្ធ​ច្រើន​រូប​ផ្សេងទៀត​ដែល​និពន្ធ​ល្អ​»៕
 
 
 
  

 

Tag:
 គឹម ឌី​ណា​
 ​ និពន្ធ​
 ​ ការអាន​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com