កីឡាជាតិ
ជាតិ
អុកចត្រង្គ​ចម្រាញ់រ​កជើង​ខ្លាំង​ដើម្បី​បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​
08, Jan 2018 , 2:37 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បើក​យុទ្ធនាការ​ស្វែង​កីឡារ​កជើង​ខ្លាំង​ក្នុងចំណោម​កីឡាករ​ទាំង​១៨​នាក់​ដែល​សហព័ន្ធ​គ្រោង​ស្នើ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ធ្វើជា​កីឡាករ​ជម្រើសជាតិ​។ កីឡាករ​ទាំងនេះ សុទ្ធតែជា​ជើង​ខ្លាំង​ដែល​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ក្នុងចំណោម​កីឡាករ​៤២​នាក់​។ យុទ្ធនាការ​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​៧ ដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC​។​



​កីឡាករ​ជើង​ខ្លាំង​ចំនួន​១៨​រូប​បាននិងកំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ដើម្បី​ដណ្តើម​ជើងឯក​ក្នុង​ក្រុម​កីឡាករ​ជម្រើសជាតិ​ដែល​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​គ្រោង​ស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្នុងចំណោម​កីឡាករ​ទាំងនេះ មានតែ​កីឡាករ​៥​រូប​នោះទេ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​។ ជាការ​ប្រកួត​ចម្រាញ់​ជើង​ខ្លាំង​ពិតមែន តែ​ក៏​ជាការ​ប្រកួត​ដើម្បី​អបអរ​ទិវា​ជ័យជម្នះ ៧​មករា ផងដែរ​។​



​យោងតាម​អគ្គលេខាធិការ​សហព័ន្ធ លោក ឈាវ បូរ៉ា ដែល​បាន​របូត​ឱកាស​ជា​កីឡាករ​ជម្រើសជាតិ​ក្រោយ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ការប្រកួត​ចម្រាញ់​ជើងឯក​នេះ​ធ្វើឡើង​តាម​រូបមន្ត​វិលជុំ ពោលគឺ​កីឡាករ​ទាំងអស់​ត្រូវ​ជួបគ្នា​មួយ​ប្រកួតៗ​។ អ្នក​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុងចំណោម​១៧​ប្រកួត​នឹង​ក្លាយជា​ជើងឯក​ប្រចាំការ​ប្រកួត​នេះ​។ ហើយ​អ្នកមាន​ពិន្ទុ​ខ្ពស់​ជា​បន្តបន្ទាប់​នឹង​ទទួលបាន​ចំណាត់ថ្នាក់​ជា​បន្តបន្ទាប់​ដែរ​។

​ការប្រកួត​វិលជុំ​ដោយ​ឲ្យ​កីឡាករ​ទាំងអស់​ជួបគ្នា​ម្នាក់ៗ​មួយ​ប្រកួត​នេះ​ត្រូវបាន​លោក ឈាវ បូរ៉ា ដែលជា​ស្តេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ពីរ​សម័យកាល​ចាត់ទុកជា​ការប្រកួត​ដែល​ផ្តល់ឱកាស​ឲ្យ​កីឡាករ​បាន​ដកស្រង់​បទពិសោធ​ពីគ្នា​ទៅវិញទៅមក​។ ជាមួយគ្នានេះ​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ កីឡាករ ហេង សាវ​ឌី បានចាត់ទុក​ការប្រកួត​នេះ​ជា​ឱកាស​ជួយ​ឲ្យ​រូបគេ​ទទួលបាន​បទពិសោធ​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​



​តែ​យ៉ាងណា​ស្តេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​រូបនេះ មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក​ការប្រកួត​នេះឡើយ ពោលគឺ​រូបគេ​ដាក់​ក្តី​រំ​ពឺ​ង​ត្រឹម Top 10 ក្នុងចំណោម​កីឡាករ​ទាំង​១៨​រូប​តែប៉ុណ្ណោះ​។ ការដាក់​ក្តី​រំពឹង​បែបនេះ ដោយសារ​រូបគេ​មិនមាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ការប្រកួត​នេះ ដោយសារ​រវល់​ជាមួយ​ការងារ​ជា​អ្នក​ទីផ្សារ​។



​កីឡាករ​ជើងឯក​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៣០០​ដុល្លារ លេខ​២​បាន​២០០​ដុល្លារ លេខ​៣​បាន​១០០​ដុល្លារ លេខ​៤​បាន​៥០​ដុល្លារ និង​លេខ​៥​បាន​២៥​ដុល្លារ​។ ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ចំណាត់ថ្នាក់​កីឡាករ​ជម្រើសជាតិ និង​អបអរ​ទិវា​ជ័យជម្នះ​៧​មករា ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC៕ 


Tag:
 អុកចត្រង្គ​
  ឈាវ បូរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com