កីឡាជាតិ
ជាតិ
​ចំណាត់ថ្នាក់​អុកចត្រង្គ​ជម្រើសជាតិ​៖ វី​រ៉ា លេខ​១ សៅ​ឌី លេខ​២ លីម​ហេង លេខ​៣
08, Jan 2018 , 6:21 pm        
រូបភាព
ឆយ វីរ៉ា ឡើង​ទទួលរង្វាន់ពីគណៈកម្មការរៀបចំការប្រកួត
ឆយ វីរ៉ា ឡើង​ទទួលរង្វាន់ពីគណៈកម្មការរៀបចំការប្រកួត
ដោយ:
​កីឡាករ ឆ​យ វី​រ៉ា គ្រង​ជើងឯក​ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ចំណាត់ថ្នាក់​កីឡាករ​ជម្រើសជាតិ​ដើម្បី​អបអរ​ទិវា​ជ័យជម្នះ​៧​មករា ក្រោយ​១៧​ប្រកួត​ឈ្នះ​១០ ស្មើ​៥ និង​ចាញ់​២​។ ចំណែក​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ កីឡាករ ហេង សៅ​ឌី បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ឈ្នះ​៩ ស្មើ​៧ ចាញ់​១​។​



​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីរ​ថ្ងៃ​កីឡាករ ឆ​យ វី​រ៉ា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ការប្រកួត​ជម្រើស​ចំណាត់ថ្នាក់​កីឡាករ​ជម្រើសជាតិ​កីឡា​អុកចត្រង្គ​។ ក្នុងចំណោម​១៧​ប្រកួត​ម្ចាស់​ចំណាត់ថ្នាក់​លេខ​៣​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​ទទួលបាន​៣៥​ពិន្ទុ ក្រោយ​យកឈ្នះ​គូប្រកួត​១០​លើក ស្មើ​៥ និង​ចាញ់​២​លើក​។

​ជាមួយគ្នានេះ​ស្តេច​អុកចត្រង្គ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ កីឡាករ ហេង សៅ​ឌី ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ជាមួយ​ពិន្ទុសរុប​៣៤​ពិន្ទុ​ក្រោយ​ឈ្នះ​គូប្រកួត​៩ ស្មើ​៧ និង​ចាញ់​១​។ ចំណែក​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​កីឡាករ សុខ លីម​ហេង ដែលមាន​៣២​ពិន្ទុ​ក្រោយ​ឈ្នះ​៨ ស្មើ​៨ និង​ចាញ់​១ ខណៈ​លេខ​៤ និង​លេខ​៥​បាន​ទៅ​កីឡាករ ប៊ិន គា​សេង និង​កីឡាករ រស់ រិទ្ធី​យ៉ា ដោយ​ទទួលបាន​២៧ និង​២៦​ពិន្ទុ​ជា​បន្តបន្ទាប់​។​

​ម្ចាស់​ជើងឯក ឆ​យ វី​រ៉ា ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​១​លាន​រៀល រីឯ​ស្តេច​អុកចត្រង្គ​ឆ្នាំ​២០១៧ ហេង សៅ​ឌី បាន​៦០​ម៉ឺន​រៀល​ដុល្លារ ខណៈ​កីឡា​ករលេខ​៣ សុខ លីម​ហេង បាន​៣០​ម៉ឺន​រៀល​។ ចំណែក​កីឡា​ករលេខ​៤ ប៊ិន គា​សេង និង​កីឡា​ករលេខ​៥ រស់ រិទ្ធី​យ៉ា ទទួលបាន​២០​ម៉ឺន​រៀល និង​១៥​ម៉ឺន​រៀល​ជា​បន្តបន្ទាប់​។ ក្រៅពី​ប្រាក់រង្វាន់​សម្រាប់​ម្ចាស់​ជ័យលាភី​ក៏មាន​ប្រាក់​លើកទឹកចិត្ត​សម្រាប់​អ្នក​មិន​ទទួលបាន​ជ័យលាភី​ផងដែរ​។​

​ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ចំណាត់ថ្នាក់​កីឡាករ​ជម្រើសជាតិ និង​ដើម្បី​អបអរ​ទិវា​ជ័យជម្នះ​៧ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC មាន​កីឡាករ​១៨​រូប​ចូលរួម​។ ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​វិលជុំ​ដោយ​កីឡាករ​ម្នាក់ៗ​ត្រូវ​ប្រកួត​ចំនួន​១៧​ប្រកួត​៕    

 



Tag:
 អុកចត្រង្គ​
  ឆ​យ វី​រ៉ា​
  ហេង សៅ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com