ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី គ្រោង​ដាក់​សំណើសុំ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បណ្តោះអាសន្ន​
09, Jan 2018 , 12:13 pm        
រូបភាព
លោកមេធាវី សំ សុគង់ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីកន្លងមក
លោកមេធាវី សំ សុគង់ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីកន្លងមក
​ភ្នំពេញ​៖ ប្រហែលជា​ស្ថិតក្នុង​សប្តាហ៍​នេះ ក្រុម​មេធាវី នឹងដាក់​សំណើ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ ក្រុម​មេធាវី បាន​ព្រាង​ឯកសារ​និង​សំណើ​ថ្មី​នេះ​រួចហើយ​។



​លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រុម​មេធាវី បាន​ពិភាក្សាគ្នា​ម្តង​រួចហើយ​កាលពីពេល​ថ្មីៗ​នេះ ទាក់ទង​នឹង​ការរៀបចំ​សំណើសុំ​នៅក្រៅ​ឃុំ​។ លោក បន្តថា យ៉ាងយូរ​នៅ​ថ្ងៃស្អែក​ឬ​ថ្ងៃ​ខានស្អែក ក្រុម​មេធាវី នឹង​ជួបពិភាក្សា​ម្តងទៀត ដើម្បី​សម្រេច​រួមគ្នា​ជា​ផ្លូវការ ហើយ​បន្ទាប់មក​នឹងដាក់​សំណើ​នេះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តែម្តង​។

​លោក​មេធាវី យល់ថា សាលាដំបូង​រាជធានី​ភ្នំពេញ គួរតែ​ឲ្យ​លោក កឹម សុខា រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដើម្បី​ជួបជុំ​គ្រួសារ និង​អាចធ្វើ​កិច្ចការ​ផ្សេងៗ​សម្រាប់​ប្រទេសជាតិ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ឲ្យ​គាត់​នៅក្រៅ​ឃុំ​សិន​ទៅ ដល់ពេល​ត្រូវ​ហៅ​គាត់​ចូល​តុលាការ ក៏​ហៅ​ទៅ​»​។

​ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​លោក កឹម សុខា យកទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នា​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២0១៧ ក្រោម​ការសង្ស័យថា​បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ក្រុម​មេធាវី ក៏បាន​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ និង​ឈានដល់​តុលាការ​កំពូល ដើម្បី​សុំ​ជំទាស់​។ ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ទាំងពី​រ​នេះ សុទ្ធតែ​យល់ស្រប​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចាត់ទុក​ការឃុំខ្លួន​លោក កឹម សុខា ថា​ត្រឹមត្រូវ​តាម​នីតិវិធី​។

​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ កន្លងមក លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​ជួប​លោក កឹម សុខា ដល់​ពន្ធនាគារ​ចំនួន​បី​លើក​រួចមកហើយ ដើម្បី​សួរ​យក​ចម្លើយ​។​

​បើតាម​ការអះអាង​រប​ស់​មេធាវី លោក កឹម សុខា បាន​សារភាព​នៅមុខ​ចៅក្រម​ស៊ើប​សួរថា លោក បាន​ទាក់ទង​ជាមួយ​បរទេស​មែន ប៉ុន្តែ​ស្ថិតក្នុង​ក្របខណ្ឌ​ការងារ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ មិនមែន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​៕  
 



Tag:
 តុលាការ
  មេធាវី
  កឹម សុខា
  សុំនៅក្រៅឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com