អត្ថបទពាណិជ្ជកម្ម
បងប្អូន​ត្រកូល​សុវត្ថិ​ទាំងបី បោះ​ដំណើរ​លើ​វិថី​សិល្បៈ​នៅ​ផលិតកម្ម​ហង្ស​មាស​ដូច​ឪពុក​
09, Jan 2018 , 4:22 pm        
រូបភាព
​ផលិតកម្ម​រស្មី​ហង្ស​មាស កាលពី​ថ្ងៃទី​៨ ខែមករា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​វត្តមាន​តារាចម្រៀង​ថ្មី​របស់ខ្លួន​ចំនួន​៣​នាក់​។ អ្នក​ទាំងនោះ គឺ លោក សុវត្ថិ មុនី​វណ្ណ លោក សុវត្ថិ មុនី​នាគ និង​លោក សុវត្ថិ សិរីវុឌ្ឍ ដែលជា​កូនប្រុស​បង្កើត​របស់​កំ​ពូ​ល​តារាចម្រៀង លោក ព្រាប សុវត្ថិ នៃ​ផលិតកម្ម​ដ៏​ល្បីល្បាញ​នេះ​ស្រាប់​។​

​ស្លឹកឈើ​ពិតជា​មិន​ជ្រុះ​ឆ្ងាយ​ពី​គល់​ឡើយ​។ តារាចម្រៀង ព្រាប សុវត្ថិ ដែល​រក្សា​ឈ្មោះ​ល្បីល្បាញ​របស់ខ្លួន​អស់​ពេល​ប្រមាណ​២០​ឆ្នាំកន្លងមក ជាមួយ​ផលិតកម្ម​ហង្ស​មាស មានកូន​ប្រុស​បីនាក់ ដែល​សុទ្ធតែ​ដើរ​តាម​គន្លង​របស់ខ្លួន​។



​ផលិតកម្ម​រស្មី​ហង្ស​មាស បានបង្ហាញ​វត្តមាន លោក សុវត្ថិ មុនី​វណ្ណ លោក សុវត្ថិ មុនី​នាគ និង​លោក សុវត្ថិ សិរីវុឌ្ឍ ជា​តារាចម្រៀង​ផ្លូវការ នា​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ផលិតកម្ម លោក ព្រាប សុវត្ថិ និង​ភរិយា​។​

​ក្នុងនាម​ជា​ឪពុក លោក ព្រាប សុវត្ថិ បាន​អះអាងថា លោក​បានឃើញ​ទេពកោសល្យ និង​សមត្ថភាព​ពី​កំណើត​របស់​កូនៗ ហើយ​លោក​បាន​ជុំរុញ​ឲ្យ​ពួកគេ​ធ្វើដំណើរ​លើ​វិថី​សិល្បៈ​ចម្រៀង ដូចជា​ខ្លួន​ផងដែរ​។ ដូចជា​ស្វាមី​ផងដែរ អ្នកស្រី ឡុង ស្រីមុំ រំភើប​ខ្លាំង រហូតដល់​ស្រក់​ទឹកភ្នែក​ចំពោះ​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​កូនៗ ទៅតាម​គន្លង​របស់​ស្វាមី​។​



​ពន្លក​ថ្មី​ទាំង​៣​របស់​ផលិតកម្ម​ហង្ស​មាស​ដែលមាន​អាយុ​ក្នុង​រង្វង់​២០​ឆ្នាំ បាន​ប្តេជ្ញា​រួមគ្នា​បង្កើត​អ្វីដែល​ប្លែកៗ និង​ទាក់ទាញ​សម្រាប់​ក្រុម​អ្នកគាំទ្រ បើទោះបីជា​ពួកគេ​ស្ថិតនៅ​វ័យ​សិក្សា​នៅឡើយ​ក៏ដោយ​។​

​លោកស្រី គឹម លាង អគ្គនាយិកា​រង​ក្រុមហ៊ុន​ហង្ស​មាស​គ្រុប  បាន​មានប្រសាសន៍ថា បងប្អូន​ត្រកូល​សុវត្ថិ​ទាំងបី គឺជា​តារាចម្រៀង​ពន្លក​តារា​ថ្មី​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ និង​សក្កា​នុព​ល​។ ពួកគេ​នឹង​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ជាមួយនឹង​អ្វីដែល​ថ្មី អ្វីដែល​ប្លែក ចម្រៀង​គ្រប់​រសជាតិ​ដើម្បី​ជា​ចំណី​អារម្មណ៍​របស់​ទស្សនិកជន ចាប់ពីពេលនេះ​តទៅ​។



​លោកស្រី​បាន​បន្តទៀតថា  ក្នុងនាម​ជា​ក្រុមហ៊ុន​សិល្បៈ​កម្សាន្ត​ឈានមុខ​គេ​នៅ​កម្ពុជា ហង្ស​មាស​បន្ត​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​សិល្បៈ​ដែលមាន​សម​ត្ថិ​ភាព ដើម្បី​វិស័យ​មួយ​នេះ​។

​ចង់​ជ្រាប​ច្បាស់​ពី​សមត្ថភាព​តារាចម្រៀង​ថ្មី​របស់​រស្មី​ហង្ស​មាស​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖








​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com