ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល ឲ្យ​លោក គឹម សុខ ជាប់ពន្ធនាគារ​មួយឆ្នាំ​កន្លះ​ដដែល​
10, Jan 2018 , 12:26 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​១0 ខែមករា ឆ្នាំ​២0១៨​នេះ តុលាការ​កំពូល ក៏​ប្រកាស​សាលដីកា​ភ្លាមៗ ដោយ​សម្រេច​ឲ្យ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ជាប់ពន្ធនាគារ​មួយឆ្នាំ​កន្លះ​ដដែល​។ លោក គឹម សុខ ជាប់ទោស​ទណ្ឌ ដោយសារតែ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។



​ដោយសារតែ​អវត្តមាន​ក្នុង​សវនាការ លោក ជូ​ង ជូ​ងី មេធាវី​របស់លោក គឹម សុខ មិន​ប្រតិកម្ម​ឬ​បកស្រាយ​អ្វី​ឡើយ ទៅនឹង​ការសម្រេច​របស់​តុលាការ​កំពូល​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា លោក នឹង​ជួបពិភាក្សា​ជាមួយ​លោក គឹម សុខ ដើម្បី​សម្រេច​ថា​ត្រូវធ្វើ​អ្វី​បន្តទៀត​។

​មកដល់ពេលនេះ លោក​មេធាវី ជូ​ង ជូ​ងី និង​លោក គឹម សុខ បានដាក់​បណ្តឹងសុំ​តវ៉ា​នៅ​គ្រប់​តុលាការ​អស់ហើយ ចាប់តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​។ ប៉ុន្តែ​ការតវ៉ា​ទាំងនេះ ទទួល​បរាជ័យ​រហូត ដោយ​តុលាការ​ទាំងបី​ថ្នាក់ យល់ឃើញ​ដូចគ្នា ថា​ការសម្រេច​ឲ្យ​លោក គឹម សុខ ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​កន្លះ គឺ​សម​ហេតុផល និង​ត្រឹមត្រូវ​តាម​នីតិវិធី​។

​លោក គឹម សុខ រង​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ហើយ​ត្រូវបាន​តុលាការ ចាត់​ទោស​ឲ្យ​ជាប់ពន្ធ​គារ​មួយ​ឆ្នាំកន្លះ កាលពី​អំឡុង​ខែ សីហា ឆ្នាំ​២0១៧​។ លើសពីនេះ តុលាការ ក៏​បង្គាប់​ឲ្យ​លោក គឹម សុខ បង់ប្រាក់ ៨00​លាន​រៀល ឲ្យ​ទៅ​សម្តេច ហ៊ុន សែន ដែលជា​ដើមបណ្តឹង​ផងដែរ​៕


Tag:
 ​តុលាការ​
  គឹម សុខ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com