កីឡាអន្តរជាតិ
អន្តរជាតិ
Joey Barton ៖ Coutinho ចេញពី Liverpool ជារឿងដ៏ល្អសម្រាប់ Klopp
× អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេស Joey Barton នៅតែមើលឃើញថា Liverpool អាចរក្សាភាពខ្លាំងរបស់ខ្លួនបានដដែលបើទោះបីក្រុមយល់ព្រមលក់ Philippe Coutinho ទៅឲ្យ Barcelona ក៏ដោយ។ លើសពីនេះ Barton បានហៅការចាកចេញរបស់ Coutinho ថាជារឿងល្អសម្រាប់លោក Jurgen Klopp អ្នកចាត់ការក្រុមរហស្សនាមហង្សក្រហមនេះទៀតផង។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Express។
Philippe Coutinho បានបញ្ចប់ក្តីសុបិនផ្លាស់ពី Liverpool ទៅចូលរួមជាមួយ FC Barcelona ក្នុងតម្លៃផ្ទេរថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ១៤២លានផោន ប្រហែល ១៩២លានដុល្លារអាមេរិក។
ការចាកចេញរបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល វ័យ២៤ឆ្នាំរូបនេះ ត្រូវបានអតីខ្សែបម្រើ Newcastle និង Manchester City លោក Joey Barton មើលឃើញថាជារឿងល្អប្រសើរមួយសម្រាប់អ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp។
ប្រសើរត្រង់ថា Klopp មិនបាច់ឈឺក្បាលដើម្បីស្វែងរកកីឡាករដែលកំពុងមានឈ្មោះល្បីផ្សេងទៀតដូចជា Thomas Lemar ខ្សែបម្រើរបស់ Monaco ឬ Riyad Mahrez របស់ Leicester City មកជំនួសកន្លែង Coutinho ឡើយ ស្របពេល Adam Lallana បានត្រឡប់ពីការរងរបួសអាចជួយក្រុមវិញបាន។
«Klopp មានបញ្ហាមួយ។ ជារឿយៗនៅក្នុងការប្រកួតរបស់ Liverpool ខ្ញុំតែងឃើញមាន Coutinho Sadio Mane, Mohamed Salah និង Lallana តែងតែលេងបម្រើជាមួយគ្នា។ ដូច្នេះពេលគ្នាន Coutinho វានឹងប្តូរទៅជា Mane, Salah និង Georginio Wijnaldum ឬក៏ Lallana រួមជាមួយខ្សែប្រយុទ្ធ Roberto Firmino ហើយនេះជាដំណោះស្រាយដ៏ល្អមួយ»។ នេះជាសម្តីរបស់ Barton ដែលបានប្រាប់ Talk SPORT យ៉ាងដូច្នេះ ហើយលោកបានបន្ថែមទៀតថា៖«ខ្ញុំគិតថាវាពិតជាបានជួយ Klopp គាត់ដឹងថាគាត់មានកីឡាករម្នាក់ដែលចង់ចាកចេញពីគាត់ ហើយគាត់បានទទួលលុយពីការចាកចេញនេះយ៉ាងច្រើនដើម្បីវិនិយោកក្រុមបន្តទៀត»៕
Tag:
បាល់ទាត់
Philippe Coutinho
Liverpool
Joey Barton
Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com