ជាតិ
សិល្បះ
សម្ដេចព្រះរាម បុប្ផា​ទេវី ដឹកនាំ​ការសម្តែង​របាំ​ក្បាច់បុរាណ​ខ្មែរ ៣​សម័យកាល​រួមគ្នា
10, Jan 2018 , 9:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក Ballet Royal du Cambodge - របាំព្រះរាជទ្រព្យ
រូបភាពពីហ្វេសប៊ុក Ballet Royal du Cambodge - របាំព្រះរាជទ្រព្យ
​ភ្នំពេញ​៖ សម្ដេចព្រះរាម ន​រោ​ត្ដម បុប្ផា​ទេវី ទ្រង់​កំពុង​ដឹកនាំ និង​រៀបចំ​យ៉ាង​មមាញឹក នូវ​ការសម្តែង​របាំ​ក្បាច់បុរាណ​ខ្មែរ ៣ សម័យកាល​ចូលគ្នា គឺ​សម័យកាល​ព្រះបាទ​សម្ដេចព្រះ​ស៊ីសុវត្ថិ សម័យ​ព្រះមហា​ក្សត្រិយ៍ ស៊ី សុវត្ថិ កុ​សមៈ​នារីរត្ន​សេរី​វ​ឌ្ឍ​នា និង​សម័យ​បច្ចុប្បន្ន​។ ការសម្តែង​នេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែមករា​នេះ នៅ​សាលសន្និសីទ​ចតុមុខ​។​



​ការរៀបចំ​ឲ្យ​មានការ​សម្តែង​របាំ​ក្បាច់បុរាណ​ខ្មែ​ឬ​៣​សម័យកាល​រួមគ្នា គឺ​ដើម្បី​បង្ហាញ​កូន​ខ្មែរ​ឱ្យដឹងពី​ការវិវឌ្ឍ​របាំ​ក្បាច់បុរាណ​ខ្មែរ និង​យល់ដឹង​ពី​ក្បាច់​របាំ​ពី​១០០​ឆ្នាំមុន ព្រះ​ព្រះទ័យ​យកចិត្តទុកដាក់ និង​ប្រឹងប្រែង​ដោយផ្ទាល់​ពី​សម្ដេចព្រះរាម បុប្ផា​ទេវី​។

​បើតាម​គ្រូបង្ហាត់​របាំ​ក្នុង​ស្នាដៃ​របាំ​១០០​ឆ្នាំនេះ អ្នកស្រី វ័ន សា​វ៉ាយ ការរៀបចំ​កម្មវិធី​សម្ដែង​នេះ គឺ​ក្នុង​បំណង​បង្ហាញ​ពី​ទម្រង់​សិល្បៈ​តាំងពី​បុរាណ​របស់​ខ្មែរ ឲ្យ​កូន​ខ្មែរ​បាន​ឱ្យដឹងពី​ភាពខុសប្លែក​គ្នា​រវាងរ​បាំ​បុរាណ និង​ល្ខោនខោល នៅពេល​សម្ដែង​រឿង​រាមកេរ្ដិ៍​ដូចគ្នា​។ អ្នកស្រី វ័ន សា​វ៉ាយ បាន​បន្តទៀតថា ការសម្តែង​នេះ ក៏​បង្ហាញ​ពី​ការវិវឌ្ឍ​នៃ​របាំ តាំងពី​បុរាណ​រហូតមកដល់​បច្ចុប្បន្ន ដោយ​ស្ថិតក្នុង​ច្បាប់ដើម​ដដែល ហើយ​អ្វីដែល​សំខាន់​នោះ គឺ​ដើម្បីឱ្យ​កូន​ខ្មែរ​ឈប់​យល់ច្រឡំ​ថា ខ្មែរ​ចម្លង​ក្បាច់​របាំ​ពី​ប្រទេស​ថៃ​ទៀត​។  អ្នកស្រី វ័ន សា​វ៉ៃ បន្ថែមថា​៖«​ពេលដែល​យើង​លើកយក​របាំ​ក្បាច់បុរាណ​តាំងពី​១០០​ឆ្នាំមុន​មក​រាំ បែរជា​កូន​ខ្មែរ​យល់ថា​យើង​ចម្លង​ពី​ថៃ​ទៅវិញ​។  តាមពិត​របាំ​យើង កើតមាន​តាំងពី​យូរ ហើយ​ប្រទេស​ថៃ​ទើបតែ​កើត​ក្រោយ​យើង​ទេ​។ យើង​សម្ដែង​នេះ ដើម្បីឱ្យ​ពួកគាត់​ឈប់​យល់ច្រឡំ​ទៀត ម្យ៉ាង​ឱ្យ​គាត់​បាន​ស្វែងយល់​កាន់តែច្បាស់​ពី​ក្បាច់​របាំ​ខ្មែរ​យើង​»​។​

​សម័យកាល​ទាំង​៣ គឺមាន​សម័យ​ព្រះបាទ​សម្ដេចព្រះ​ស៊ីសុវត្ថិ ដែល​នឹង​រាំ​របាំ​បួងសួង  សម័យ​ព្រះមហា​ក្សត្រិយ៍ ស៊ី សុវត្ថិ កុ​សមៈ​នារីរត្ន​សេរី​វ​ឌ្ឍ​នា សម្ដែង​រឿង​រាមកេរ្តិ៍ ដែលមាន​ទាំង​របាំ​បុរាណ និង​ល្ខោនខោល​។ ចំណែក​សម័យ​បច្ចុប្បន្ន សម្ដែង​របាំ​អប្សរា និង​របាំ​ទេព​មនោ​រម្យ​។​

​តម្លៃ​សំបុត្រ​ក្នុងការ​សម្ដែង​នេះ​មានតម្លៃ ៥០​ដុល្លារ ៤០​ដុល្លារ ២៥​ដុល្លារ និង​៦​ដុល្លារ​។ សម្ដែង​ថ្ងៃទី​១២ ម៉ោង​៦​និង​៣០​នាទី​ដល់​ម៉ោង​៨​យប់ ថ្ងៃទី​១៣​មាន​ពីរ​ពេល នៅ​ម៉ោង ៣​និង​៣០​នាទី ដល់​ម៉ោង​៥​ល្ងាច និង​ម៉ោង​៦​និង​៣០​នាទី​ដល់​ម៉ោង​៨​យប់​៕




Tag:
 របាំ​បុរាណ​
 ​ សម្តេចព្រះរាម​បុប្ផា​ទេវី​
 ​ របាំ​អប្សរា​
  ​របាំ​បួងសួង​
© រក្សាសិទ្ធិដោយ thmeythmey.com