ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ ការមិន​ជ្រៀតជ្រែក​ធ្វើ​ឲ្យ​យន្តការ​មេគង្គ​-​ឡាន​ឆាង រក្សាបាន​សន្តិភាព​​តំបន់​
10, Jan 2018 , 6:23 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្វាគមន៍នាយករដ្ឋមន្ត្រីថៃលោក​ ប្រាយុទ្ធ ចន្ទអូចា ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមេដឹកនាំទាំងប្រាំមួយដែលចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំមេគង្គ-ឡានឆាងលើកទីពីរ
សម្តេច ហ៊ុន សែន ស្វាគមន៍នាយករដ្ឋមន្ត្រីថៃលោក​ ប្រាយុទ្ធ ចន្ទអូចា ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមេដឹកនាំទាំងប្រាំមួយដែលចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំមេគង្គ-ឡានឆាងលើកទីពីរ
​ភ្នំពេញ៖ ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​បានលើកឡើង​ពី​តួនាទី​សំខាន់​យន្តការ​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ​ក្នុងការ​ធានាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​តំបន់​មេគង្គ​។ បើតាម​សម្តេច កិច្ចសហប្រតិបត្តិការ​នេះ​អនុវត្តតាម​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង  និង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។  

 
​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បាន​ថ្លែងថា​យន្តការ​សហប្រតិបត្តិកា​រ​អនុតំបន់​មេគង្គ​-​ឡាន​ឆាង នឹង​ធានាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​តំបន់​ដោយសារ​ឈរ​យន្តការ​នេះ​ឈរលើ​គោលការណ៍​គ្រឹះ​សំខាន់ៗ​ជាពិសេស​ការគោរព​គ្នា​ទៅវិញទៅមក និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជា​មិត្ត​។​
 
​សម្តេច​បាន​រម្លឹក​ផងដែរ​ថា វា​ជា​រឿង​មោទនភាព និង​កិត្តិយស​សម្រាប់​កម្ពុជា​ដែល​បានរៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​នៃ​ថ្នាក់ដឹកនាំ​តំបន់​មេគង្គ​នេះ​។ ចំណែក​ការជ្រើសរើស​យក​មូលបទ​ពាក់ព័ន្ធ​សន្តិភាព​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការផ្តល់​តម្លៃ​របស់​កម្ពុ​ជា​លើ​សន្តិភាព ស្រប​ពេលដែល​ភាពមិនច្បាស់លាស់​នៃ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​បន្ត​កើនឡើង​នោះ​។​
 
​សម្តេច​បាន​ថ្លែងថា​៖«​សម្រាប់​កម្ពុជា កិច្ចប្រជុំ​នេះ​មានន័យ​ជ្រាលជ្រៅ​ណាស់ ហើយ​វា​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​ដែល​កម្ពុជា​ជ្រើស​រើសយក​ប្រធានបទ ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​
 
«​សន្តិភាព​ប្រកបដោយ​និរន្តរភាព និង​ការអភិវឌ្ឍ​យូរអង្វែង​ត្រូវតែ​ជា​រឿង​អាទិភាព និង​ដើរ​ទៅមុខ​ទន្ទឹមគ្នា​។ យើង​មិនអាច​មើលរំលង​ចំណុច​ទាំងពីរ​នេះ​បានឡើយ​។ ស្រប​ពេលដែល​ភាពមិន​ច្បាស់​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ទាំង​នយោបាយ និង​សេដ្ឋកិច្ច  តំបន់​មេគង្គ​របស់​យើង​នឹង​ក្លាយជា​កន្លែង​ដែល​ត្រូវ​ឆ្លងកាត់​សាកល្បង​ជាថ្មីទៀត​»​។ សម្តេច ហ៊ុន សែន​បាន​បន្ត​ដូច្នេះ​។ 
 
​ក្នុង​សុន្ទរកថា​នេះដែរ សម្តេច​បាន​ឆ្លៀត​រម្លឹក​ឡើងវិញ​ពី​ប្រវត្តិសាស្ត្រ​ជូរចត់​ដែល​កើតឡើង​នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​កន្លងមក​ផងដែរ ដែល​វា​កើតឡើង​ដោយសារ​ការសាកល្បងការប្រកួតប្រជែង​អំណាច ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​តូចៗ​ពី​សំណាក់​ប្រទេស​មហាអំណាច ក៏ដូចជា​សង្គ្រាម​មនោគមន៍វិជ្ជា​នោះ​។ 
 
​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​តាម​ប្រវត្តិសាស្ត្រ តំបន់​របស់​យើង​ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម និង​ការប្រកួតប្រជែង​មនោគមន៍វិជ្ជា​។ សម្រាប់​កម្ពុជា ខ្ញុំ​ផ្ទាល់​នៅ​ចង់ចាំ​ដ៏​ជូរចត់​នូវ​ការ ជ្រៀតជ្រែក​ពី​ខាងក្រៅ ដែល​ធ្វើ​ឲ្យ​មាន​ចលាចល និង​ភាព​រឹក​វរ ដែល​បាន​បំផ្លិចបំផ្លាញ​សន្តិភាព និង​ស្ថិរភាព​របស់​យើង ហើយ​បាន​រារាំង​ការអភិវឌ្ឍ​អស់​ជាច្រើន​ទសវត្សរ៍​»​។​
 
​ចំពោះមុខ​មេដឹកនាំ​ប្រទេស​មេគង្គ​ប្រាំ​ផ្សេងទៀត សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា បទពិសោធន៍​ជូរចត់​នេះ​បង្ហាញថា សន្តិភាព​នៅក្នុង​តំបន់​អាច​សម្រេចបាន​តាមរយៈ​ការគោរព​អធិបតេយ្យ និង​បូរណភាព​ដែនដី​គ្នា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា ហើយ​វា​ស្របទៅនឹង​គោលការណ៍​រួម​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-ឡាន​ឆាង​ផងដែរ​។ 
 
«​ចំណុច​នេះ វា​ស្រប​នឹង​តម្លៃ​កិច្ចការ​សហប្រតិបត្តិកា​រ​មេគង្គ​-​ឡាន​ឆាង ដែល​ផ្តោតលើ​ការរក្សា​សន្តិភាព​ពេញលេញ ផ្អែកលើ​គោលការណ៍​ គោរព​គ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង គោរព​មតិ​ឯកច្ឆន្ទ ពិគ្រោះ​យោបល់ គោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»៕
 
 
 
 
 

Tag:
 មេគង្គឡានឆាង
  សម្តេច​ ហ៊ុន សែន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com