ជាតិ
​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សម្តេច ហ៊ុន សែន ផ្ទេរតំណែងសហប្រធានកិច្ចសហ​ប្រតិ​បត្តិការ​មេគង្គ​ឡាន​ឆាង​ទៅ​នាយក​រដ្ឋមន្ត្រីឡាវ
10, Jan 2018 , 8:01 pm        
រូបភាព
​ភ្នំពេញ៖ ក្រោយពី​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ដោយ​ជោគជ័យ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរតំណែង​ជា​សហប្រធាន​ប្តូរ​វេន​កិច្ចប្រជុំ​នេះ​ទៅកាន់​នាយករដ្ឋមន្ត្រី​ឡាវ​លោក ថង​លួ​ន ស៊ី​សូលី​ត នៅ​ថ្ងៃ​ពុធ​ទី ១០ ខែមករា​នេះ​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ផ្ទេរ​ច្រវា​តំណាង​ឲ្យ​ភាពជា​សហប្រធាន​ប្តូរ​វេន​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​ទៅកាន់​នាយករដ្ឋមន្ត្រី​ឡាវ​លោក​ថង​លួ​ន ស៊ី​សូលី​ត នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី ១០ខែមករា​នា​វិមាន​សន្តិភាព ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ​ដោយ​ជោគជ័យ​។ 
 
 សម្តេច ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​រួម​បិទ​បញ្ចប់​កិច្ចប្រជុំ​ថា​៖«​ខ្ញុំ​សូម​ផ្តល់​ជា​ព័ត៌មាន​ថា កម្ពុជា​បានបញ្ចប់​អាណត្តិ​ភាពជា​សហប្រធាន​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែលជា​សហប្រធាន​អចិន្ត្រៃយ៍​។ ហើយ​ថ្ងៃនេះ​ខ្ញុំ​បានប្រគល់​អាណត្តិ​ភាពជា​សហប្រធាន​ទៅកាន់​សា​ធាណ​រដ្ឋ​ប្រជាធិបតេយ្យ​ឡាវ​។ ខ្ញុំ​ចង់​បញ្ជាក់ថា​សហប្រធាន​អចិន្ត្រៃយ៍ ហើយ​ប្រទេស​តាម​ដង​មេគង្គ​ជា​សហប្រធាន​ប្តូរ​វេន ព្រោះ​ឡាន​ឆាង​ស្ថិតនៅ​ក្នុងប្រទេស​ចិន​តែមួយ ឯ​មេគង្គ​ឆ្លងកាត់​ប្រទេស​ទាំង​ប្រាំ​»​។​
 
​ក្នុងពេល​នោះដែរ​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​សម​ភាគី​ចំពោះ​តួនាទី​ដឹកនាំ​ព​ន្លឿ​ន​របៀបវារៈ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ការគាំទ្រ​ឥត​ងាករេ​ចំពោះ​ភាព​សហប្រធាន​របស់​ក​ម្ពុ​ជា​កន្លងមកនេះ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះ មាន​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ហើយ​មេដឹកនាំ​ប្រទេស​ទាំង​៦ បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​អភិវឌ្ឍ​តំបន់​អនុ​មេគង្គ​។ ការ​ព​ង្រឹ​ក​ទំនាក់ទំនង និង​កំណត់​កិច្ចសហប្រតិបត្តិការ​ថ្មី ធ្វើឡើង​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​។ ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​នេះ​សំដៅ​សរសរ​ស្តម្ភ​បី​បូករួម​ជាមួយ​វិស័យ​អាទិភាព​ចំនួន​ប្រាំ​ដែល​ត្រូវបាន​កំណត់ដោយ​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី ១​។ 
 
​សរសរ​ស្តម្ភ​ទាំងបី​នោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។ ចំណែក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មានដូចជា​ការផ្សាភ្ជាប់​, កិច្ចសហប្រតិបត្តិការ​ជំរុញ​សមត្ថភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លងដែន​, កិច្ចសហប្រតិបត្តិការ​នៃ​ការគ្រប់គ្រង​ទឹក និង​កសិកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​៕

Tag:
 មេគង្គឡានឆាង
  សម្តេច​ ហ៊ុន សែន
  កម្ពុជា
 ឡាវ
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com