ជាតិ
​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឯកសារ​សំខាន់ៗ​ពីរ​ត្រូវ​បានអនុម័ត​ក្រោយ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ​នៅ​កម្ពុជា​
10, Jan 2018 , 9:43 pm        
រូបភាព
​ភ្នំពេញ៖ឯកសារ​សំខាន់ៗ​ចំនួន​២ ត្រូវបាន​អនុម័ត​ដោយ​មេដឹកនាំ​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​ឯកសារ ២​ផ្សេងទៀត​ត្រូវបាន​កត់សម្គាល់​ដោយ​មេដឹកនាំ​សមាជិក​ទាំង ៦​ផងដែរ​ផង​។ ឯកសារ​ទាំងពីរ​នេះ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​រវាង​ប្រទេស​ចំនួន​៦ ស្ថិត​តាម​ដង​ទន្លេមេគង្គ​រួមមាន​កម្ពុជា ចិន ថៃ ឡាវ វៀតណាម មី​យ៉ាន់​ម៉ា និង​វៀតណាម​។​

​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បានបញ្ចប់​ហើយ​នៅ​ថ្ងៃទី​១០ ខែមករា​នេះ ដោយបាន​អនុម័ត​ឯកសារ​សំខាន់​ចំនួន​ពីរ​។ ឯកសារ​ទាំងនោះ​រួ​មាន​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ (២០១៨-២០២២) ។ ក្រៅពីនេះ​មេដឹកនាំ​ក៏បាន​កត់សម្គាល់​ពី​បញ្ជី​រួម​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ដំណាក់កាល​ទី​ពីរ និង​របាយការណ៍​នៃ​ក្រុមការងារ​តាម​វិស័យ​អាទិភាព​ទាំង​៦ ផងដែរ​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច ហ៊ុន សែន បាន​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​ចិន​លោក លី ខឹ​ឈាំ​ង ។ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក និង​អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា មីន ស្វេ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ ដែល​រៀបចំឡើង​នៅ​វិមាន​សន្តិភាព​។ 
 
​ក្នុង​សន្និសីទ​បិទ​បញ្ចប់​កិច្ចប្រជុំ​នា​វិមាន​សន្តិភាព​ថ្ងៃទី ១០ មករា សម្តេច ហ៊ុន សែន ក្នុងនាម​ជា​សហប្រធាន​ប្តូរ​វេន​បាន​ទទួលស្គាល់ថា កិច្ចប្រជុំ​កំពូល​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ​ជាមួយ​លទ្ធផល​ដោយ​ជាទី​ពេញចិត្ត ហើយ​មេដឹកនាំ​ដែល​ចូលរួម​ក៏​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​ផងដែរ​។  ទាក់ទិន​នឹង​លទ្ធផល​កិច្ចប្រជុំ​នេះ សម្តេច ហ៊ុន សែន​បានប្រកាសថា ឯកសារ​សំខាន់​ចំនួន​ពីរ រួ​ជាមួយ​ការកត់សម្គាល់​លើ​គម្រោង​និង​របាយការណ៍​ពីរ​។​
 
​សម្តេច​បាន​ថ្លែង​ដូច្នេះ​៖ «​ពួកយើង​បាន​ឈានដល់​សម្រេច​កុងសង់ស៊ីស (​ឯកច្ឆន្ទ​) លើ​ឯកសារ​សំខាន់​ពីរ​មានដូចជា សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង និង​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ ២០១៨-២០២២​។ យើង​ក៏បាន​កត់សម្គាល់​គម្រោង​ដំណាក់កាល​ទី​ពីរ​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ ២០១៨ និង​របាយការណ៍​វឌ្ឍនភាព​នៃ​ក្រុមការងារ​រួមទាំង ៦ វិស័យ​អាទិភាព​សំខាន់​ដែរ​»​។ 
 
​បើតាម​ការលើកឡើងរ​បស់​សម្តេច កន្លងមក​ប្រទេស​សមាជិក​បានសម្រេច​ប​ង្កើ​ត​លេខាធិការដ្ឋាន អង្គភាព​សម្របសម្រួល​ថ្នាក់ជាតិ​នៅតាម​បណ្តា​ប្រទេស​នីមួយៗ​ទាំង​ប្រាំមួយ និង​បាន​ជំរុញ​ក្រុមការងារ​រួម​សម្រាប់​វិស័យ​អាទិភាព​សំខាន់ៗ​រួចហើយ​។ នៅពេល​ខាងមុខ ដើម្បី​គាំទ្រ​កិច្ចសហប្រតិបត្តិការ​នេះ សមាជិក​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ក៏​ឯកភាពគ្នា​នឹង​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក មជ្ឈមណ្ឌល​បរិស្ថាន​មេគង្គ​-​ឡាន​ឆាង និង​មជ្ឈមណ្ឌល​សិក្សា​ទន្លេមេគង្គ​សាកល​។​
 
​បន្ថែម​លើ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ សម្តេច​បានកត់សម្គាល់​ពី​ការលូតលាស់​រហ័ស​នេះ​យន្តការ​អនុតំបន់​មេគង្គ​-​ឡាន​ឆាង ដោយ​ក្នុង​ថេរវេលា​មិន​ដល់​ពីរ​ឆ្នាំ​ផង ប្រទេស​ជា​សមាជិក​បាន​ជំរុញ​យន្តការ​នេះ​ទៅជា​គម្រោង​សហប្រតិបត្តិការ​ពេញលេញ​មួយ​ដែល​រចនាសម្ព័ន្ធ​ដឹកនាំ​ប្រតិបត្តិការ​ការងារ​ពហុ​ស្រទាប់ និង​មាន​យន្តការ​ដឹកនាំ​ដែល​រឹងមាំ និង​ពេញលេញ​។
 
​ក្នុងនាម​ជា​សហប្រធាន​សម្តេច ហ៊ុន សែន រំពឹងថា កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​សម្រេច​ជោគជ័យ​រួមគ្នា​ក្នុង​ការកសាង​សហគមន៍​ដែលមាន​ជោគវាសនា​តែមួយ​។​
 
«​យើង​មាន​ទំនុកចិត្ត​មុតមាំ​ថា យន្តការ​នេះ​នឹង​ជួយ​ឲ្យ​ប្រទេស​ទាំង​ប្រាំមួយ​ធ្វើដំណើរ​ទៅមុខ​កាន់តែ​លឿន​ដើម្បី​សម្រេច​គោលដៅ និង​ប្រែក្លាយ​កិច្ចសហប្រតិបត្តិការ​នេះ​ទៅជា​សហគមន៍​មួយ មាន​អនាគត វិបុលភាព និង​សន្តិភាព​រួមគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​។  
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ​នេះ​មាន​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ហើយ​មេដឹកនាំ​ប្រទេស​ទាំង​៦ បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​អភិវឌ្ឍ​តំបន់​អនុ​មេគង្គ​។ ការ​ព​ង្រឹ​ក​ទំនាក់ទំនង និង​កំណត់​កិច្ចសហប្រតិបត្តិការ​ថ្មី ធ្វើឡើង​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​។ ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​នេះ​សំដៅ​សរសរ​ស្តម្ភ​បី​បូករួម​ជាមួយ​វិស័យ​អាទិភាព​ចំនួន​ប្រាំ​ដែល​ត្រូវបាន​កំណត់ដោយ​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី ១​។ 
 
​សរសរ​ស្តម្ភ​ទាំងបី​នោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។ ចំណែក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មានដូចជា​ការផ្សាភ្ជាប់​, កិច្ចសហប្រតិបត្តិការ​ជំរុញ​សមត្ថភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លងដែន​, កិច្ចសហប្រតិបត្តិការ​នៃ​ការគ្រប់គ្រង​ទឹក និង​កសិកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​៕

Tag:
 មេគង្គ​-​ឡាន​ឆាង​
  កម្ពុជា​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com