ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក លី ខឹ​ឈាំ​ង​៖ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង មិន​ប្រើតែ​បបូរមាត់​ទេ តែ​ត្រូវអនុវត្ត​ដោយ​សមភាព
11, Jan 2018 , 8:19 am        
រូបភាព
​កិច្ចប្រជុំថ្នាក់ដឹកនាំកំពូលមេគង្គ​-​ឡាង​ឆាង លើកទី២ នៅថ្ងៃទី១០ មករា ២០១៧៖ រាប់ពីឆ្វេងនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចារ ,នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក,នាយករដ្ឋមន្រ្តីចិន លី ខឺឈាំង,នាយករដ្ឋមន្រ្តី ហ៊ុន សែន,នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត និងអនុប្រធានាធិបតី មិន ស្វេ
​កិច្ចប្រជុំថ្នាក់ដឹកនាំកំពូលមេគង្គ​-​ឡាង​ឆាង លើកទី២ នៅថ្ងៃទី១០ មករា ២០១៧៖ រាប់ពីឆ្វេងនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចារ ,នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក,នាយករដ្ឋមន្រ្តីចិន លី ខឺឈាំង,នាយករដ្ឋមន្រ្តី ហ៊ុន សែន,នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត និងអនុប្រធានាធិបតី មិន ស្វេ
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​ចិន និង​ជា​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លោក លី ខឹ​ឈាំ​ង បាន​និយាយថា ភាគី​ទាំង​៦​នៃ​អនុតំបន់​នេះ នឹង​ទទួលផល​ប្រយោជន៍​ទៅវិញទៅមក តាមរយៈ​គោលការណ៍​កុងសង់ស៊ីស និង​សមភាព ។ ប៉ុន្តែ​អ្វីដែល​លោក លី ខឹ​ឈាំ​ង មើលឃើញ​គោលដៅ​សម្រេចបាន​ផលប្រយោជន៍​នោះ គឺ​ការអនុវត្ត​ដោយ​ភាពត្រឹមត្រូវ ពោល​មិនមែន​ប្រើតែ​បបូរមាត់​នោះទេ​។​

 
​ឯកសារ​ចំនួន​ពីរ​ត្រូវ​បានអនុម័ត នៅក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​ថ្ងៃទី​១០ មករា​។ ឯកសារ​នោះ មាន​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ដែល​លើក​ពី​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ក្នុង​តំបន់​មេគង្គ​-​ឡានឆាង ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក និង​ផែនការ​សកម្មភាព​រយៈ​ពេល​៥​ឆ្នាំ (២០១៨-២០២២) ក្នុងទិសដៅ​បម្រើ​ផលប្រយោជន៍​រួមគ្នា ដល់​ប្រទេស​នៃ​តំបន់​មេគង្គ​-​ឡានឆាង​។​
 
ក្នុងនាម​ជា​សហប្រធាន​អចិន្ត្រៃយ​នៃ​អនុតំបន់​នេះ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាំ​ង បានប្រកាស​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សហការ​ជាមួយ​ប្រទេស​ទាំង​៥​ក្នុង​តំបន់​ទន្លេមេគង្គ ដើម្បី​សម្រេចបាន​នូវ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ក្នុងទិសដៅ​ធានាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​តំបន់​មេគង្គ​-​ឡានឆាង​។ តាមរយៈ​ការប្រកាស​ជំហ​នេះ លោក លី ខឹ​ឈាំ​ង ក៏​មិន​ភ្លេច​លើក​ពី​ភារកិច្ច​របស់​ចិន ដែល​ត្រូវគោរព​តាម​សន្យា​ដោះស្រាយ​បញ្ហា​តំបន់​មេគង្គ​ផងដែរ​។ 

​ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយ​បញ្ចប់​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​ចិន បាន​និយាយ​ជា​ភាសា​ចិន ដោយមាន​ការ​បកស​ប្រែជា​ភាសា​ខ្មែរ​ដូច្នេះ​ថា​៖«​ទី​១​ចិន​មាន​ភារកិច្ច​ទទួលខុស​ត្រូវគោរព​តាម​ការសន្យា​របស់ខ្លួន ទី​២​ព្រោះ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​៥ យើង​បរិភោគ​ទឹក​ចេញពី​ប្រភព​តែមួយ គឺ​ទន្លេ​ឡាន​ឆាង និង​មេគង្គ​។ ហើយ​បញ្ហា​អ្នក​នៅ​ខាងលើ និង​ប្រទេស​ក្រោម​ទន្លេ​ដែល​តែងតែមាន​ញ្ហា​ជាមួយគ្នា ហើយ​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ ដោយ​សម្របសម្រួល​រវាង​ប្រទេស​នៅតាម​តំបន់​ទន្លេ​។ ចិន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សហការ​ជាមួយ​ប្រទេស​ទាំង​៥ ដើម្បី​សម្រេចបាន​នូវ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ …»​។​
 
​ប៉ុន្តែ​បើ​ការចូលរួម​អនុវត្ត មិន​គោរព​តាម​គោល​ការ​កុង​សង់​ស៊ី និង​សមភាព​ទេនោះ ការទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នេះ​ក៏​មិនអាច​កើតមាន​ដែរ​។ ក្នុងន័យនេះ​លោក លី ខឹ​ឈាំ​ង ជំរុញ​ឲ្យ​ប្រទេស​តំបន់​មេគង្គ​ទាំងអស់​អនុវត្ត​ភារកិច្ច​ដោយ​ភាពត្រឹមត្រូវ ពោល​មិនមែន​ប្រើតែ​បបូរមាត់​នោះទេ ។ «​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង មិនមែនជា​កន្លែង ដែល​និយាយ​ចេញ​តែ​ពី​បបូរមាត់​ទេ គឺ​យើង​និយាយ​ពី​គោលការណ៍​សំខាន់​នៃ​កិច្ចប្រជុំ​នេះ នៃ​ការគោរព​គ្នា​ទៅវិញទៅមក ដោយ​ស្មើភាព ដើម្បី​ការអភិវឌ្ឍ​រួម​។ ចំណុច​សំខាន់​នោះ យើង​ត្រូវមាន​សកម្មភាព​ជាក់ស្ដែង ដើម្បី​ជំរុញ​ក្របខណ្ឌ MLC ដើម្បី​ធានា​ធា យើង​ទទួលបាន​លទ្ធផល​ពិតប្រាកដ​។ យើង​មាន​កុង​សង់​ស៊ី និង​ស្មារតី​រួម ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​សកម្មភាព​ជាក់ស្ដែង​»​។ នេះ​បើតាម​លោក​លោក លី ខឹ​ឈាំ​ង ។​

​ចំពោះមុខ​មេដឹកនាំ​ប្រទេស​មេគង្គ​ប្រាំ​ផ្សេងទៀត សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា កត្ដា​សន្តិភាព​នៅក្នុង​តំបន់​អាច​សម្រេចបាន​តាមរយៈ​ការគោរព​អធិបតេយ្យ និង​បូរណភាព​ដែនដី​គ្នា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា ហើយ​វា​ស្របទៅនឹង​គោលការណ៍​រួម​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​ដូច្នេះ​ថា​៖«​ចំណុច​នេះ វា​ស្រប​នឹង​តម្លៃ​កិច្ចការ​សហប្រតិបត្តិកា​រ​មេគង្គ​-​ឡាន​ឆាង ដែល​ផ្តោតលើ​ការរក្សា​សន្តិភាព​ពេញលេញ ផ្អែកលើ​គោលការណ៍​នៃ​ការ គោរព​គ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង គោរព​មតិ​ឯកច្ឆន្ទ ពិគ្រោះ​យោបល់ គោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»​។​

អត្ថបទទាក់ទង
​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ​នេះ​មាន​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ហើយ​មេដឹកនាំ​ប្រទេស​ទាំង​៦ បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​អភិវឌ្ឍ​តំបន់​អនុ​មេគង្គ​។ ការពង្រីក​ទំនាក់ទំនង និង​កំណត់​កិច្ចសហប្រតិបត្តិការ​ថ្មី ធ្វើឡើង​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​។ ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​នេះ​សំដៅ​សរសរ​ស្តម្ភ​បី​បូករួម​ជាមួយ​វិស័យ​អាទិភាព​ចំនួន​ប្រាំ​ដែល​ត្រូវបាន​កំណត់ដោយ​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី ១​។ 

​សរសរ​ស្តម្ភ​ទាំងបី​នោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។ ចំណែក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មានដូចជា​ការផ្សាភ្ជាប់​, កិច្ចសហប្រតិបត្តិការ​ជំរុញ​សមត្ថភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លងដែន​, កិច្ចសហប្រតិបត្តិការ​នៃ​ការគ្រប់គ្រង​ទឹក និង​កសិកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​៕


 



Tag:
 ហ៊ុន សែន
 លី ខឹ​ឈាំ​ង
 ​មេគង្គ​-​ឡាង​ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com