កីឡាជាតិ
ជាតិ
ក្រុម​ជើងឯក Never Care និង​ក្រុម Infinity ចេញទៅ​ប្រជែង​ជើងឯក MATIC នៅ​ថៃ​
12, Jan 2018 , 2:53 pm        
រូបភាព
ក្រុម Never Care ទទួលពានរង្វាន់ជើងឯក MATIC ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងទៅ
ក្រុម Never Care ទទួលពានរង្វាន់ជើងឯក MATIC ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងទៅ
ដោយ:
​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា​(E-sport)​ចំនួន​ពីរ​រួមមាន​ម្ចាស់​ជើងឯក MATIC ឆ្នាំ​២០១៧ Never Care និង Infinity ចេញទៅ​ប្រជែង​ដណ្តើម​ជើងឯក MATIC (Mission Against Terror International Championship) អន្តរជាតិ​ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ​។ ការប្រកួត​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ មាន​ក្រុម​ចំនួន​១២​មកពី​៦​ប្រទេស​ចូលរួម​។



​ម្ចាស់​ជើងឯក MATIC អន្តរជាតិ​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី Never Care បាន​ដឹក​ដៃ​ក្រុម​ចំណូល​ថ្មី Infinity ទៅ​ប្រជែង​ដណ្តើម​ជើងឯក​ព្រឹត្តិការណ៍ MATIC អន្តរជាតិ​ប្រចាំឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​លោក លន់ សាម​ឌី រំពឹងថា ក្រុម​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ ពិសេស​ក្រុម Never Care នឹង​អាច​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​នៅ​ឆ្នាំនេះ​។​

​កត្តា​ដែល​ធ្វើ​ឲ្យ​អគ្គលេខាធិការ​សហព័ន្ធ​រូបនេះ​មាន​ទំនុកចិត្ត​បែបនេះ ដោយសារ​ក្រុម Never Care ជា​ក្រុម​ខ្លាំង​ដែល​ពោ​ពេញ​ដោយ​បទពិសោធ​ក្នុងការ​ប្រកួត​អន្តរជាតិ​។ នេះ​ជា​លើក​ទី៣ហើយ​សម្រាប់ Never Care ក៏ដូចជា​សហព័ន្ធ​ដែល​ចូលរួម​កម្មវិធី​នេះ ខណៈ​កាលពី​ឆ្នាំ​២០១៧ ក្រុម Never Care គ្រង​តំណែង​ជើងឯក និង​ឆ្នាំ​២០១៦ គ្រង​ជើងឯក​រង​។



​ការយល់​ចិត្ត​របស់​ស​មា​ជិ​ក​ក្នុង​ក្រុម​បាន​ជំរុញ​ឲ្យ​ប្រធាន​ក្រុម Never Care លោក សេន​តូ ដាក់​ក្តី​រំពឹង​៧០​ភាគរយ​ក្នុងការ​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​នៅ​ឆ្នាំនេះ​។ ទន្ទឹមនឹង​ក្តី​រំពឹង ភាពខ្លាំង​របស់​គូប្រជែង​បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ ដោយ​ពួកគេ​បានចាត់ទុក​ថៃ និង​ម៉ាឡេស៊ី​ជា​ឧបសគ្គ​ធំ​សម្រាប់​ខ្លួន​។​

​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​អន្តរជាតិ MATIC ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្រុម Never Care បាន​ផ្តួល​ម្ចាស់​ជើងឯក​ពីរ​ជំនាន់​របស់​ថៃ Superior នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​គ្រង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2017​។  ជ័យជម្នះ​នេះ​ក្រុម​កម្ពុជា​ទទួលបាន​ពាន​១​និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​១៥,០០០​ដុល្លារ​។ 

​ការទទួលបាន​កៅអី​ចេញទៅ​ប្រជែង​ជើងឯក​នៅ​ឆ្នាំនេះ បន្ទាប់​ក្រុម Never Care និង​ក្រុម Infinity គ្រង​ជើងឯក និង​ជើងឯក​រង​ជា​បន្តបន្ទាប់​នៃ​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧​។ ការប្រកួត​ជើងឯក MATIC ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​មាន​ក្រុម​ចំនួន​១២​ចូលរួម​។ ក្នុងនោះ​ម្ចាស់​ផ្ទៃ​៣​ក្រុម​, កម្ពុជា​២​ក្រុម​, ចិន​២​ក្រុម​, សិង្ហ​បុរី​២​ក្រុម​, ម៉ាឡេស៊ី​២​ក្រុម និង​ឥណ្ឌូណេស៊ី​១​ក្រុម​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨​។

​សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ឆ្នាំនេះ​ក្រុម​ជើងឯក​ទទួលបាន​១៥,០០០​ដុល្លារ​, លេខ​២​បាន​៧​ពាន់​ដុល្លារ​, លេខ​៣​បាន​៤​ពាន់​ដុល្លារ និង​លេខ​៤​បាន​២,៥០០​ដុល្លារ​៕


Tag:
 E-sport
  MATIC
  លន់ សាម​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com