អន្តរជាតិ
នយោបាយអន្តរជាតិ
ត្រាំ បន្តដង្ហើមឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់១២០ថ្ងៃទៀត
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមករា បានសម្រេចចិត្តលើកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក ត្រាំ បានដាក់លក្ខខណ្ឌជាច្រើនដើម្បីដោះស្រាយចន្លោះប្រហោងក្នុងកិច្ចព្រមព្រៀងនេះក្នុងរយៈពេល១២០ថ្ងៃ។ ក្នុងករណីបញ្ហានៅតែមាន អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនេះមិនខាន ដែលនេះមានន័យស្មើនឹងការហែកកិច្ចព្រមព្រៀងចោលតែម្ដង។
ទីបំផុតទៅ លោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលវេលា ១២០ថ្ងៃទៀតសម្រាប់ការលើកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់។ ប៉ុន្តែលោកព្រមានថា នេះអាចជាលើកចុងក្រោយដែលលោកព្យួរទណ្ឌកម្មលើអ៊ីរ៉ង់ បើលក្ខខណ្ឌដែលលោកដាក់ចេញមិនត្រូវបានអនុវត្តទេនោះ។ សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប និងសភា ត្រូវរងសម្ពាធខ្លាំងដោយសារឱសានវាទរបស់លោក ត្រាំ បើមិនចង់ឲ្យកិច្ចព្រមព្រៀងឆ្នាំ២០១៥ នេះ ក្លាយជាអសារបង់ទេនោះ។
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១២ ខែមករា លោក ត្រាំ បានប្រកាសថា លោកមិនទាន់ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទេ ទោះជាលោកមិនពេញចិត្តខ្លាំងក្ដី។ ប៉ុន្តែលោកបានផ្ដល់ជម្រើសពីរដើម្បីបញ្ចប់បញ្ហា គឺដោះស្រាយចន្លោះប្រហោងដ៏ធំធេងក្នុងកិច្ចព្រមព្រៀងនេះ ឬក៏ទុកឲ្យអាមេរិកដើរចេញ។ អឺរ៉ុប និងភាគីផ្សេងទៀតដែលគាំទ្រកិច្ចព្រមព្រៀងនេះមានរយៈ១២០ថ្ងៃដើម្បីចាត់ការតាមបំណងលោក ត្រាំ ។
កន្លងមកលោក ត្រាំ បានបន្តរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឥតមានសំចៃមាត់ឡើយ ហើយលោកចាត់ទុកកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងអាក្រកបំផុតមួយដែរ។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ នេះមានគោលដៅដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជាថ្នូរនឹងការកម្រិតការផ្តល់ថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផង។ យ៉ាងណាក្ដី លោក ត្រាំ ចង់បានកិច្ចព្រមព្រៀងថ្មីមួយទៀតដើម្បីរឹតត្បិតអ៊ីរ៉ង់ឲ្យកាន់តែខ្លាំងថែមទៀត។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ បានដាក់លក្ខខណ្ឌមួយចំនួនដើម្បីរក្សាវត្តមានក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះដូចជាអ៊ីរ៉ង់ត្រូវអនុញ្ញាតឲ្យក្រុមត្រួតពិនិត្យបន្ទាន់ចូលទៅកាន់ទីតាំងនុយក្លេអ៊ែរទាំងអស់ និងបញ្ញត្តិនៃកិច្ចព្រមព្រៀងសំដៅដាក់ទណ្ឌកម្មលើអ៊ីរ៉ង់នឹងមិនអស់សុពលភាពជាដើម។ លោក ត្រាំ ក៏ចង់បង្កើតច្បាប់ថ្មីដែលចងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីងាយស្រួលដាក់ទណ្ឌកម្ម ក្នុងករណីមានការបំពាន។
បណ្តាប្រទេសជាសម្ព័ន្ធមិត្តអាមេរិក បូកបន្ថែមចិន និង រុស្ស៊ីផងនោះសុទ្ធតែយល់ឃើញថា ការសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះជារឿងប្រវត្តិសាស្ត្រ ហើយវាជារឿងជោគជ័យក្នុងការទប់ស្កាត់អ៊ីរ៉ង់ផលិតនុយក្លេអ៊ែរដោយប្រើប្រាស់នយោបាយការទូតនោះ។ ជាមួយការដាក់លក្ខខណ្ឌនេះ គេត្រូវរង់ចាំមើលនៅ១២០ថ្ងៃក្រោយថា កិច្ចព្រមព្រៀងមួយនេះនឹងមានវាសនាបន្តជីវិតទៀត ឬក៏ត្រូវអស់ដង្ហើមដោយស្នាដៃលោក ត្រាំ ៕
Tag:
អាមេរិក
អ៊ីរ៉ង់
អឺរ៉ុប
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com