អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេទ័ព​ឥណ្ឌា​៖ ចិន​ខ្លាំង តែ​ឥណ្ឌា​ក៏​មិន​អន់​ដែរ​
13, Jan 2018 , 8:39 pm        
រូបភាព
មេទ័ពជើងគោកឥណ្ឌា Bipin Rawat (ឈរខាងឆ្វេងបង្អស់) (រូបភាព៖ AFP)
មេទ័ពជើងគោកឥណ្ឌា Bipin Rawat (ឈរខាងឆ្វេងបង្អស់) (រូបភាព៖ AFP)
ប្រមុខ​កងទ័ពជើងគោក​ឥណ្ឌា​ឧ​ត្ត​ម​សេនីយ៍ Bipin Rawat បានប្រកាស​បង្កើន​ការ​ល្បាត​តាម​ព្រំដែន​ជាមួយ​ចិន ដើម្បី​ការពារ​ទឹកដី​ខ្លួន និង​បញ្ចៀស​ការប្រទាំងប្រទើស​ផ្នែក​យោធា​ផង​។ លោក Bipin Rawat ទទួលស្គាល់​អានុភាព​យោធា​របស់​ចិន តែ​ក៏​អះអាង​ដែរ​ថា ឥណ្ឌា​ក៏មាន​កម្លាំងយោធា​ខ្លាំងក្លា​មិនធម្មតា​ផងដែរ​។​



​ឥណ្ឌា​នឹង​តទល់​ជាមួយ​ការកើនឡើង​ឥទ្ធិពល​របស់​ចិន និង​បង្កើន​ការត្រួតពិនិត្យ​ព្រំដែន​ដែលមាន​ជម្លោះ ដើម្បី​ទប់ស្កាត់​ការប្រឈមមុខ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ​។ នេះ​ជា​សម្ដី​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក Bipin Rawat មេបញ្ជាការ​កងទ័ពជើងគោក​ឥណ្ឌា​។ យោធា​ឥណ្ឌា និង​ចិន បាន​ប្រឈមមុខគ្នា​រយៈពេល​វែង​កាលពី​ឆ្នាំមុន​នៅ​តំបន់​ព្រំដែន Doklam ដែល​ទាមទារ​ដោយ​ចិន និង​ប៊ូ​តង់ ដែលជា​សម្ព័ន្ធមិត្ត​ឥណ្ឌា​។​

​ឥណ្ឌា និង​ចិន ដែលជា​អ្នកជិតខាង​គ្នា និង​មានឈ្មោះ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដូចគ្នា មាន​ព្រំដែន​ខណ្ឌ​ចែក​វែង​អន្លាយ ដែល​ភាគច្រើន​មិនទាន់​កំណត់​ច្បាស់លាស់​នៅឡើយ​។ ជារឿយៗ កងទ័ព​ប្រទេស​ទាំងពីរ បាន​ប្រឈមមុខគ្នា​នៅ​តំបន់​មាន​ជម្លោះ ដែល​បង្ក​ជាការ​បារម្ភ​ពី​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​ផង ព្រោះ​ការប៉ះទង្គិច​ផ្នែក​យោធា​ក៏​ធ្លាប់​កើតមាន​ញឹកញាប់​មកហើយ ហើយ​ពេលខ្លះ​គឺជា​សង្គ្រាម​តែម្ដង​ដូចជា​សង្គ្រាម​ឆ្នាំ​១៩៦២ ជាដើម​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ជុំវិញ​ជម្លោះព្រំដែន​ជាមួយ​អ្នកជិតខាង​របស់ខ្លួន​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ Bipin Rawat បាន​ទទួលស្គាល់ថា ចិន​គឺជា​ប្រទេស​ខ្លាំង​មួយ ប៉ុន្តែ​ឥណ្ឌា​ក៏​មិនមែនជា​ប្រទេស​ខ្សោយ​ដែរ​។ លោក​បន្តថា ឥណ្ឌា​បាន​បង្កើន​ចំនួន​ទ័ព​តាម​ព្រំដែន និង​ការ​ល្បាត​ផងដែរ ដែល​បង្ហាញថា ឥណ្ឌា​មាន​សមត្ថភាព​ទប់ទល់​ឥទ្ធិពល​របស់​ចិន ហើយ​បើ​មានការ​ឈ្លានពាន យោធា​ឥណ្ឌា​នឹង​ឆ្លើយតប​ភ្លាម​។​

​ចំពោះ​ការប្រឈមមុខ​នៅឯ Doklam ដែល​ខណ្ឌ​ចែក​ឥណ្ឌា ចិន និង​ប៊ូ​តង់​កាលពី​ឆ្នាំមុន មេទ័ព​ឥណ្ឌា​ខាងលើ​បាន​សារភាពថា យោធា​ឥណ្ឌា​ពិតជា​ចូល​ទឹកដី​បរទេស​មែន តែដោយសារ​កងទ័ព​ចិន​ប្រដាប់​គ្រឿង​បរិក្ខារ​ធំៗ​។ លោក Rawat ចោទ​ចិន​ថា​ព្យាយាម​ដណ្ដើមយក​តំបន់ Doklam ទាំងមូល ដែល​ឥណ្ឌា​ចាត់ទុកជា​ការផ្លាស់ប្ដូរ​ស្ថានភាព​ដើម​របស់​តំបន់​ជម្លោះ តែ​ឥណ្ឌា​ក៏​ព្យាយាម​ធ្វើយ៉ាងណា​មិន​ឲ្យ​ការប្រឈមមុខ​រាលដាល​ជា​ជម្លោះ​ដែរ​។

​ជម្លោះព្រំដែន​នៅ Doklam កើតឡើង​នៅ​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៧ ក្រោយ​យោធា​ចិន​បញ្ជូន​គ្រឿងចក្រ​ឈូសឆាយ​នៅ​តំបន់​ខ្ពង់រាប​លើ​ភ្នំ​ហិមាល័យ​នៅ​ព្រំដែន​ខណ្ឌ​ចែក​ចិន និង​ប៊ូ​តង់​។ កងទ័ព​ឥណ្ឌា ដែលមាន​មូលដ្ឋាន​នៅក្បែ​នោះ ក៏​ចូលទៅ​ហាមឃាត់​សកម្មភាព​ទាហាន​ចិន ហើយ​ក្រុង​ប៉េកាំង​ក៏​ចោទ​ទាហាន​ឥណ្ឌា​ថា​បាន​ចូល​ទឹកដី​របស់ខ្លួន​។ សង្គ្រាមពាក្យសម្ដី​ក៏​ផ្ទុះឡើង​បន្តបន្ទាប់ ប៉ុន្តែ​ស្ថានការណ៍​ក៏​វិល​ទៅ​ស្ថានភាព​ដើម​វិញ​នៅ​ពាក់កណ្ដាល​ខែសីហា​៕
   


Tag:
 ​ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com