កីឡាអន្តរជាតិ
អន្តរជាតិ
លី​ក​បារាំង​ផ្អាក​ប្រើ​បច្ចេកវិទ្យា Goal-line ដោយសារ​ឃើញ​កំហុស​បច្ចេកទេស​
13, Jan 2018 , 9:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (LFP) បានសម្រេច​ផ្អាក​ប្រើប្រាស់​បច្ចេកវិទ្យា Goal-line Technology ដែលជា​ឧបករណ៍​ជំនួយ​អាជ្ញាកណ្ដាល​ដើម្បី​ដឹងថា​បាល់​ចូល ឬ​មិន​ចូល បន្ទាប់ពី​មាន​កំហុស​បច្ចេកទេស​ពីរលើក​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ League Cup នៅ​សប្តាហ៍​នេះ​។​



​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ផ្សាយ​ថា បច្ចេកវិទ្យា GoalControl មិនបាន​ផ្តល់​សញ្ញា​ដល់​លោក​អាជ្ញាកណ្តាល​សម្រាប់​គ្រាប់​បាល់​ចូល​ទី​ទី​២ របស់ Paris St-Germain ដែល​ធ្វើបាន​ដោយ Adrien Rabiot នា​ការប្រកួត​ជាមួយ Amiens ក្នុង​ពានរង្វាន់ League Cup នោះទេ ទាល់តែ​អាជ្ញាកណ្តាល​ទៅពិនិត្យ​ជាមួយ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល (video assistant referee) ទើប​ដឹងថា​បាល់​ចូល​ទី​។

​កំហុស​ដូចគ្នានេះដែរ ក៏បាន​កើតឡើង​អំឡុង​ការប្រកួត​រវាង Angers និង Montpellier ដោយ​នាឡិការ​មិនបាន​ញ័រ​បញ្ជាក់ថា​បាល់​បាន​ចូល​ទី​ឡើយ ហើយ​អាជ្ញាកណ្តាល​បានសម្រេច​មិន​ប្រើ​បច្ចេកវិទ្យា​នេះ​នៅ​តង់​ទី​២​តែម្តង​។​

Goalline Technology ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​លី​ក​បាល់ទាត់​បារាំង​ចាប់តាំងពី​ឆ្នាំ ២០១៥ ត្រូវបាន​គេ​ព្រមាន​រួចទៅហើយ​កាលពី​ខែ​មុន ក្រោយពី​មាន​កំហុស​បច្ចេកទេស​នៅ​ដើមរដូវ​កាល ហើយ LFP បានបញ្ជាក់​ពី​ការផ្អាក​ឧបករណ៍​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមករា ដោយ​បញ្ជាក់ថា ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​នឹង​ជួបប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​បន្តទៀត​៕






Tag:
 ​បាល់ទាត់​
  Goalline Technology
  លី​ក​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com