បទយកការណ៍ / បទសម្ភាសន៍
លោក ព្រឿង ឈាង​៖ត្រូវ​មើល​ប្រព័ន្ធ​អប់រំ និង​ការ​ផ្សាយ​ពី​​វប្បធម៌​ជាតិ មុននឹង​បន្ទោស​យុវជន​
29, Mar 2018 , 8:59 am        
រូបភាព
Proeung Chhieng​(រូបភាពពី​ទំព័រហ្វេសប៊ុក​​Angkor Dance Troupe)
Proeung Chhieng​(រូបភាពពី​ទំព័រហ្វេសប៊ុក​​Angkor Dance Troupe)
​លោកព្រឹទ្ធាចារ្យ ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលមាន​បទពិសោធន៍​សិល្បៈ តាំងពី​សម័យ​សង្គមរាស្ត្រនិយម បាន​លើកឡើងថា គេ​មិនអាច​បន្ទោស​កុមារ ឬ​យុវជន​បានឡើយ បើ​ពួកគេ​មិនទាន់​យល់​ពី​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​។ ព្រឺទ្ធាចារ្យ បានបន្តទៀតថា ​​គេ​ត្រូវ​មើលទៅ​លើ​ប្រព័ន្ធ​អប់រំ​ថ្នាក់ជាតិ ប្រព័ន្ធ​អប់រំ​ក្នុង​គ្រួសារ ក្នុងសង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព ថា​បាន​លើកទឹកចិត្ត​ដល់​ក្មេង​កម្រិតណា ហើយ​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា​។



​សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មី​ៗ ជាមួយ​លោកព្រឺទ្ធាចារ្យ ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ខាងក្រោម​៖

​កញ្ញា ប៉ូ សា​គុន​៖ បើ​មើល​ទៅលើ​ការសម្ដែង​សិល្បៈ​បុរាណ និង​សម័យ ឃើញថា​សិល្បៈ​សម័យ​មាន​យុវវ័យ​ទៅ​មើល​ច្រើន ហើយ​សិល្បៈ​បុរាណ​មាន​មនុស្ស​ចាស់​ទៅ​មើល​ច្រើន។ តើ​នេះ​ដោយ​មូលហេតុ​ចម្បង​អ្វីខ្លះ ?

ព្រឹទ្ធាចារ្យ ព្រឿង ឈាង​៖ ខ្ញុំ​និយាយ​ពាក្យ​មួយ​ឱ្យ​ស្រួល​ស្ដាប់ និង​ងាយ​យល់ថា មនុស្ស​ចាស់​ខ្មែរ​យើង គាត់​ហូប​ប្រហុក​តាំងពី​តូច ដូច្នេះ​គាត់​ស៊ាំ​នឹង​វា។ ចំណែក​ក្មេង​ឥឡូវ​ កើត​ក្នុង​សម័យនេះ គាត់​ញ៉ាំ​ឈី​ស ​ប៊ឺ​ហ្កឺ​ច្រើន ដូច្នេះ​ពួកគាត់​ស៊ាំ​នឹង​រសជាតិ​នេះ​។ ក្មេង​ប្រៀបបាន​ នឹង​សំឡី​ដែល​មិនទាន់​ជក់​ប្រេង បើ​យើង​ដាក់​អ្វី​ទៅ វា​នឹង​ជក់​របស់​នោះ​។ ដោយ​ឃើញបែបនេះ ក្រសួង​កំពុង​កែលម្អ​ប្រព័ន្ធ​អប់រំ​ថ្នាក់ជាតិ តាំងពី​ថ្នាក់ម​ត្តេ​យ្យ រហូតដល់​វិទ្យាល័យ ដើម្បី​បញ្ចូល​កម្មវិធីសិក្សា​សិល្បៈ​បុរាណ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ តាមពិត ក្រសួង​បាន​បញ្ចូល​កម្មវិធី​នេះ ​តាំងពី​ឆ្នាំ ១៩៨០ តែ​ហាក់ដូចជា​មិនសូវ​បាន​លទ្ធផល​ល្អ ដូច្នេះ​​ក្រសួងរប្បធម៌ បាន​រក​វិធី​យ៉ាងណា ដើម្បី​បញ្ជ្រាប​សិល្បៈ​បុរាណ ទៅដល់​កុមារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ឥឡូវ​យើង​ដាក់​ពី​ថ្នាក់​ម​ត្តេ​យ្យ​ទៅ មាន​តន្ត្រី ចម្រៀង របាំ គំនូរ ចម្លាក់ ដោយ​គ្រាន់តែ​ឱ្យ​គាត់​ស្គាល់​សិន​ទេ ហើយ​គ្រូ​អប់រំ​បន្ថែម ដើម្បីឱ្យ​ក្មេង​យល់​ពី​តម្លៃ​សិល្បៈ​បុរាណ​បណ្ដើរៗ​។ ធ្វើ​យ៉ាងនេះ ក្មេង​នឹង​បាន​ស៊ាំ ហើយ​ស្រលាញ់​សិល្បៈ​បុរាណ​តាំងពីក្មេង​។​

កញ្ញា ប៉ូ សា​គុន​៖ កន្លងមកខ្ញុំសង្កេតឃើញថា មនុស្សចាស់ផ្ទាល់ មិនសូវ​លើកទឹកចិត្ត​ក្មេង​មើល​របាំ ឬ​ល្ខោននៅតាម​​ទូរទស្សន៍​ឡើយ ហើយពេលខ្លះបានស្ដីបន្ទោសក្មេងថែមទៀត។ ​តើ​ការ​ណ៍នេះ​គួរ​កែប្រែ​យ៉ាងណា​?

ព្រឺទ្ធាចារ្យ ព្រឿង ឈាង​៖
នេះ​មកពី​ការអប់រំ​នៅក្នុង​គ្រួសារ​មាន​កម្រិត​ដែរ។ ជួនកាល ​គាត់​មិនបាន​រៀន​ច្រើន ស្ដាប់​ច្រើន ទើប​គាត់​មិនដឹងថា សិល្បៈ វប្បធម៌​បុរាណ ជា​ដួងព្រលឹង​របស់​ជាតិ​។ ដូច្នេះ​ មានតែ​អ្នកចេះដឹង ​ចូលរួម​លើកទឹកចិត្ត និង​ពន្យល់​ឱ្យ​គាត់​យល់ ធ្វើយ៉ាងណា​ឱ្យ​អាណាព្យាបាល ចូលរួម​លើកទឹកចិត្ត​ក្មេងៗ ឱ្យ​ស្រឡាញ់​វប្បធម៌​ជាតិ​។ ការពន្យល់​ឱ្យ​នរណាម្នាក់ យល់​ពីអ្វី​មួយ​មិនមែនជា​ការងាយស្រួល​ទេ តែ​យើង​កុំ​អស់សង្ឃឹម។  

​កញ្ញា ប៉ូ សា​គុន​៖ បើ​និយាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ តើ​មាន​តួនាទី​សំខាន់​យ៉ាងណាខ្លះ​?

ព្រឺទ្ធាចារ្យ ព្រឿង ឈាង​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ ​មាន​ឥទ្ធិពល​ខ្លាំងណាស់​លើ​កុមារ និង​យុវវ័យ​។ គេ​មិនត្រូវ​បន្ទោស​យុវជន​ទេ ពេល​ពួកគេ​មិន​យល់​ពី​តម្លៃ​វប្បធម៌​ជាតិទេ តែ​គេ​ត្រូវ​មើល​​លើ​មនុស្ស​ចាស់ និង​សង្គម​ទាំងមូល ថា​បានផ្ដល់​អ្វីខ្លះ​ទៅឱ្យ​ពួកគេ​។ ខ្ញុំ​មើលទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥឡូវនេះ មួយចំនួន​ក៏បាន​ចូលរួមចំណែក​​​ផ្សព្វផ្សាយ​ពី​សិល្បៈ​បុរាណ តែ​មួយចំនួនទៀត​នៅ​មិនទាន់​នៅឡើយ​។ ខ្ញុំ​នៅតែ​ចាំ​ពាក្យ​ថា វៀរចាក​អបាយមុខ​ទាំង​៣ ស្រី ស្រា ល្បែង ដែលជា​គ្រឿង​នាំទៅ​អបាយភូមិ តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ទៅជា​ពេញនិយម​ផ្សព្វផ្សាយ​រឿង​ទាំងនេះ​ទៅវិញ​។ ខ្ញុំ​មិន​ថា​គេ​ខុស​ទេ គេ​ធ្វើ​ដើម្បី​ជំនួញ អាជីវកម្ម ពាណិជ្ជកម្ម ប្រាក់ចំណូល​របស់គេ ​ជា​សិទ្ធិ​របស់គេ តែ​ខ្ញុំ​សុំ​ថា កុំឱ្យ​តម្លៃ​ទៅលើ​ការវិនិយោគ​ច្រើនពេក រហូត​ភ្លេច​វប្បធម៌​ខ្លួន​។ យើង​ដឹង​គ្រប់គ្នា និយាយបាន​គ្រប់គ្នាថា “​វប្បធម៌​រលត់ ជាតិ​រលាយ​” ប៉ុន្តែ​ទង្វើ​បែរជា​ធ្វើ​ផ្ទុយទៅវិញ​។ ត្រូវ​ចាំ​ថា ជាតិ​អាច​ខ្វះ​យើង​បាន តែ​យើង​មិនអាច​ខ្លះ​ជាតិ​បានទេ​។​

 ​ញ្ញា ប៉ូ សា​គុន​៖ ហេតុអ្វី​យុវជន​ត្រូវតែ​លើកតម្កើង​សិល្បៈ​បុរាណ តើ​មាន​សារៈសំខាន់​យ៉ាងណាខ្លះ​?

ព្រឺទ្ធាចារ្យ ព្រឿង ឈាង​៖ ពិភពលោក​ទាំងមូល​ស្គាល់​ប្រទេស​កម្ពុជា តាមរយៈ​វប្បធម៌ ដូចជា​ប្រាសាទ របាំ កេរដំណែល​ផ្សេងៗ។ គេ​ឱ្យ​តម្លៃ​របស់​ទាំងនេះ​ណាស់ តែ​បែរជា​ខ្មែរ​ដែលជា​ម្ចាស់​មិន​យល់​តម្លៃ​របស់ខ្លួន​ ថា​នៅត្រង់ណា​ទៅវិញ​។ សូម​កុំឱ្យ​តម្លៃ​ជាតិ​គេ​ខ្ពស់ រហូត​បន្ទាប​​ជាតិ​ខ្លួនឯង​។ វប្បធម៌​របស់​យើង​ថ្កំថ្កើង​ណាស់ ដូច្នេះ​កូន​ខ្មែរ​គ្រប់រូប​ត្រូវ​រក្សា​ឱ្យបាន​។​

​កញ្ញា ប៉ូ សា​គុន​៖ តើ​ក្រសួងវប្បធម៌ អាច​រៀបចំ​ជា​កម្មវិធី​សម្ដែង​សិល្បៈ​បុរាណ​ចម្រុះ ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​មួយឆ្នាំ​ម្ដងសម្រាប់​ជូន​សាធារណជន​មើល​ដោយ​មិន​គិត​ថ្ងៃ ដើម្បី​បញ្ជ្រាប​ទម្រង់​បុរាណ​ទៅកាន់​យុវជន​ឱ្យបាន​កាន់តែច្រើន​បានទេ​?

​ព្រឹទ្ធាចារ្យ ព្រឿង ឈាង​៖ ខាង​ក្រសួង អាច​ត្រឹមតែ​ពង្រឹង​ប្រព័ន្ធ​អប់រំ​ថ្នាក់ជាតិ ធ្វើយ៉ាងណា​ឱ្យ​ក្មេងៗ​បាន​ស្គាល់ និង​យល់​ពី​តម្លៃ​សិល្បៈ​បុរាណ ពី​ថ្នាក់​ម​ត្តេ​យ្យ រហូត​ទៅ​វិទ្យាល័យ​តែប៉ុណ្ណោះ​។ តែបើ​និយាយ​ពី​ការសំដែង​បែបនេះ​វិញ ក្រសួង​មិនមាន​លទ្ធភាព​ទេ ព្រោះ​ក្រសួង​ក៏​មិន​សម្បូរ​ប្រាក់​ដែរ បើ​ចង់​ធ្វើ​ទាល់​តែមាន​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ​៕


Tag:
 ព្រឿង ឈាង​
  ​សិល្បៈ​
 ​ វប្បធម៌​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com