អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េទាំងពីរចង់ជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយ តំណាងប្រតិភូចរចារបស់កូរ៉េទាំងពីរក្នុងជំនួបថ្ងៃទី៩ ខែមករា (រូបភាព៖ Xinhua)
× កូរ៉េទាំងពីរបានដាក់សំណើឲ្យគ្នាទៅវិញទៅមកដើម្បីជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយជុំវិញការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅខែកុម្ភៈ។ កូរ៉េទាំងពីរបានជួបប្រជុំថ្នាក់ខ្ពស់កាលពីដើមសប្ដាហ៍នេះ ដោយទទួលបានលទ្ធផលវិជ្ជមានច្រើន ក្នុងនោះកូរ៉េខាងជើងយល់ព្រមបញ្ជូនកប្រតិភូ និងអត្តពលិករបស់ខ្លួនទៅកាន់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូងនៅថ្ងៃទី១២ ខែមករា បានដាក់សំណើទៅកាន់កូរ៉េខាងជើង ដើម្បីរៀបចំជំនួបថ្នាក់មន្ត្រីការងារនៅសប្ដាហ៍ក្រោយសំដៅពិភាក្សាព័ត៌មានលម្អិតជុំវិញការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅទីក្រុងព្យុងឆាង។ កូរ៉េខាងត្បូងបានស្នើប្រជុំនៅថ្ងៃទី១៥ ខែមករា នៅឯភូមិប៉ាន់មុនជុម ដោយមានប្រតិភូចំនួនបីនាក់ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងបង្រួបង្រួមកូរ៉េ Chun Hae-sung ។
ដោយឡែកនៅថ្ងៃទី១៣ ខែមករា កូរ៉េខាងជើងក៏បានស្នើទៅកាន់កូរ៉េខាងត្បូងដើម្បីរៀបចំកិច្ចប្រជុំមួយដែរ។ បើតាមការប្រកាសរបស់ក្រសួងបង្រួបបង្រួមកូរ៉េផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap កូរ៉េខាងជើងចង់ពិភាក្សាព័ត៌មានលម្អិតពីការបញ្ជូនក្រុមសម្ដែងសិល្បៈរបស់ខ្លួនទៅកាន់ទីក្រុងព្យុងឆាង។ កូរ៉េខាងត្បូងបានទទួលសំណើនេះរួចហើយ និងកំពុងត្រួតពិនិត្យ មុននឹងឆ្លើយតបវិញ។
ជុំវិញសំណើរបស់កូរ៉េខាងត្បូង ប្រធានគណៈកម្មាធិការបង្រួបបង្រួមកូរ៉េរបស់កូរ៉េខាងជើង Ri Son-gwon បានសរសេរលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េ Cho Myoung-gyon ថា កូរ៉េខាងជើងនឹងស្នើកាលបរិច្ឆេទជួបគ្នារវាងមន្ត្រីថ្នាក់ក្រុមការងារនៅពេលក្រោយ។ គេរំពឹងថា ជំនួបរវាងកូរ៉េទាំងពីរអាចជួបគ្នានៅសប្ដាហ៍ក្រោយ ព្រោះភាគីទាំងសងខាងសុទ្ធតែចង់ជួបគ្នាម្ដងទៀត។
ការជួបគ្នាម្ដងទៀតរវាងកូរ៉េទាំងពីរ នឹងផ្ដោតលើការធ្វើដំណើររបស់មន្ត្រីប្រតិភូ ក្រុមសិល្បៈ អ្នកគាំទ្រ និងអត្តពលិក ក៏ដូចជាការស្នាក់នៅផងដែរ។ ក្រុងសេអ៊ូលបានអះអាងហើយថា ខ្លួននឹងផ្ដល់ការគាំទ្រចាំបាច់សម្រាប់ប្រតិភូកីឡាកូរ៉េខាងជើង។ ជាមួយគ្នានេះ សេអ៊ូលនឹងពិនិត្យមើលមធ្យោបាយធ្វើដំណើរ ដើម្បីធ្វើយ៉ាងណាកុំឲ្យបំពានទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ កន្លងមកកូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មឯកតោភាគីជាច្រើនលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ។
វត្តមានអត្តពលិក និងប្រតិភូរបស់កូរ៉េខាងជើងចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក២០១៨ គឺជាអ្វីដែលរដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចង់បានបំផុត ដើម្បីធានាពីសុវត្ថិភាពសម្រាប់ដំណើការកម្មវិធីពិភពលោកនេះ។ លទ្ធផលវិជ្ជមានក្នុងការចរចាពេលនេះ អាចជាសញ្ញាល្អសម្រាប់ការចរចាលើកក្រោយ ដែលនឹងផ្ដោតលើប្រធានបទទូលាយជាងនេះ និងសំខាន់ជាងនេះដូចជាទំនាក់ទំនងអន្តរកូរ៉េជាដើម៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com