កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
កីឡាអេឡិចត្រូនិក៖ Never Care ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ឯ Infinity ធ្លាក់ត្រឹមវគ្គជម្រុះ
× ក្រុមការពារតំណែងជើងឯក Never Care បានឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុ និងឈានចូលវគ្គ៨ក្រុមចុងក្រោយសម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯក MATIC អន្តរជាតិប្រចាំឆ្នាំ២០១៨។ ចំណែកក្រុមចំណូលថ្មី Infinity បានបាត់បង់ឱកាសឡើងទៅវគ្គបន្តក្រោយឈរលេខទី៦ក្នុងពូល A។
យោងតាមការចាប់ឆ្នោត ក្រុមការពារតំណែងជើងឯកកម្ពុជា Never Care ត្រូវប្រជែងជាមួយក្រុមចិនក្នុងវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃអាទិត្យ ទី១៤ មករានេះ ដើម្បីដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ MATIC ប្រចាំឆ្នាំ២០១៨។ មុនឡើងមកជួបគ្នាក្នុងវគ្គនេះ ក្រុមទាំងពីបានឈរចំណាត់ថ្នាក់លេខ៤ដូចគ្នាក្នុងវគ្គជម្រុះសន្សំពិន្ទុ។ ក្នុងនោះ Never Care ឈរលេខ៤ពូល B ដោយមាន១៦ពិន្ទុ និងក្រុមចិនឈរលេខ៤ពូល A មាន១៦ពិន្ទុដូចគ្នា។
ដោយឡែក ក្រុមចំណូលថ្មី Infinity ដែលបានរួមដំណើរជាមួយក្រុម Never Care ទៅការពារតំណែងជើងឯកនៅឆ្នាំនេះបានបាត់បង់ឱកាសឡើងទៅវគ្គបន្តដោយធ្លាក់ត្រឹមវគ្គជម្រុះសន្សំពិន្ទុ។ សម្រាប់ការប្រកួតវគ្គជម្រុះពូល A ក្រុមកម្ពុជា Infinity ឈរចំណាត់ថ្នាក់លេខ៦ក្នុងចំណោម៦ក្រុម។
ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯក MATIC អន្តរជាតិនៅថៃមាន១២ក្រុមពី៥ប្រទេសចូលរួម ខណៈកម្ពុជាបញ្ជូនពីរក្រុមឲ្យចូលរួម ដែលក្រុមទាំងនេះសុទ្ធសឹងជាជើងឯក និងជើងឯករងថ្នាក់ជាតិប្រចាំឆ្នាំ២០១៧។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញកាលពីថ្ងៃសៅរ៍ ទី១៣ មករា ក្រុមម៉ាឡេស៊ីបានគ្រងកំពូលតារាងទាំងពូល A និង B ខណៈថៃ និងសិង្ហបុរីឈរលេខរៀងជាបន្តបន្ទាប់៕
Tag:
E-sport
Never Care
Infinity
MATIC 2018
© រក្សាសិទ្ធិដោយ thmeythmey.com