កីឡាជាតិ
ជាតិ
សុខភាព
លោកគ្រូ អ៊ុន សូ​រ៉េត បង្ហាញ​ពី​សារសំខាន់​នៃ​លំ​ហាត់ប្រាណ Aerobic តាម​ចង្វាក់ភ្លេង​
14, Jan 2018 , 1:39 pm        
រូបភាព
ដោយ:
Aerobic ជាការ​ធ្វើ​ចលនា​ដើម្បី​ស្រូបយក​អុកស៊ីសែន​។ បើតាម​អ្នកជំនាញ បច្ចុប្បន្ន​លំ​ហាត់ប្រាណ​បែប Aerobic ដែល​អមដោយ​ចង្វាក់ភ្លេង ទទួលបាន​នូវ​ការពេញនិយម​យ៉ាងខ្លាំង ពីព្រោះ​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​មនុស្ស​គ្រប់​វ័យ​។



«​លំ​ហាត់ប្រាណ​បែប Aerobic ធ្វើ​ឲ្យ​ចង្វាក់បេះដូង​លោត​បានល្អ អារម្មណ៍​ស្រស់ថ្លា ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​ធ្លាក់ចុះ ជាពិសេស​ការកាត់បន្ថយ​ហា​នី​ភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក អ៊ុន សូ​រ៉េត គ្រូ​ជំនាញ​លំ​ហាត់ប្រាណ Aerobic នៃ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។​

​ការហាត់​ប្រាណ Aerobics គឺជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ​ទៅតាម​ចង្វាក់ភ្លេង ដែលមាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ធាតុ​ផ្សំ​ទាំង​អស់នៃ​កាយសម្បទា​របស់​មនុស្ស​ម្នាក់ៗ ក្នុងនោះ​មានដូចជា ភាពបត់បែន កម្លាំង សាច់ដុំ និង​ភាពរឹងមាំ​ខាង​សរសៃឈាម​ជាដើម​។​



​លោក អ៊ុន សូ​រ៉េត ដែល​បាន​រៀន​ជំនាញ​លំ​ហាត់ប្រាណ Aerobics នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​អំឡុង​ឆ្នាំ​១៩៩៥ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​អត្ថប្រយោជន៍​ដ៏​ច្រើន​នៃ​លំ​ហាត់ប្រាណ​បែប​ទំនើប​នេះ​។ ទាក់ទង​នឹង​ផ្លូវចិត្ត លោក​អះអាងថា អ្នក​ហាត់​ច្បាស់លាស់ និង​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ជាម​នុស្ស​ដែលមាន​ការចងចាំ​បាន​ល្អ ព្រោះ​ការ​ស្រូបយក​អុកស៊ីសែន ជួយ​កាត់បន្ថយ​រោគសញ្ញា​ធ្លាក់​ទឹកចិត្ត​។​

​ក្រៅពី​មាន​ប្រយោជន៍​សម្រាប់​បេះដូង និង​សួត លំ​ហាត់ប្រាណ Aerobics   អាចជួយ​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​របស់​អ្នក​ហាត់ បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ បង្កើន​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​បន្ថយ​សម្ពាធ​ឈាម​ជាដើម​។ ចំពោះ​ផ្នែក​រាងកាយ លំ​ហាត់ប្រាណ​តាមបែប​នេះ បាន​ដុត​កាឡូរី​ដែល​អាចជួយ​អ្នក​ហាត់​ស្រក​ទម្ងន់ ធ្វើ​ឲ្យ​សាច់ដុំ​របស់​អ្នក​ហាត់​កាន់តែ​រឹងមាំ និង​ទទួលបាន​ដំណេក​ប្រសើរ​ជាង​មុន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក អ៊ុន សូ​រ៉េត បាន​ណែនាំ​ថា នៅមុន​ការចាប់ផ្តើម​ហាត់ប្រាណ​ណាមួយ ជាពិសេស​ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។ លោក​លើកឡើងថា​៖ «​ការធ្វើ​លំ​ហាត់ប្រាណ Aerobics អនុញ្ញាត​ឲ្យ​អ្នក​ហាត់​ជ្រើសរើស​កម្រិត​នៃ​ការចូលរួម​របស់​ពួកគេ​អាស្រ័យទៅលើ​កាយសម្បទា ថា​តើ​អាច​ហាត់​បាន​ឬ​មិនបាន​ប៉ុណ្ណោះ​ដោយ​ការហាត់​នេះ មាន​បី​ដំណាក់កាល​គឺ កម្រិត​មូលដ្ឋាន មធ្យម និង​ខ្ពស់​»​។​

​អ្នក​បង្ហាត់​ដ៏​ជំនាញ​រូបនេះ បាន​បញ្ជាក់ថា ការហាត់​ប្រាណ Aerobics ទាមទារ​ឲ្យ​មានការ​ញ៉ាំ​របប​ចំណីអាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ទៀងទាត់ និង​គេង​យ៉ាងតិច​៨​ម៉ោង ហើយ​មាន​ពេលវេលា​យ៉ាងហោចណាស់​៥​ថ្ងៃ​ក្នុង​១​សប្តាហ៍ និង​ហាត់​ក្នុង​១​ថ្ងៃមួយ​ម៉ោង​។

​ជាមួយគ្នានេះ លោក អ៊ុន សូ​រ៉េត បានកត់សម្គាល់​ឃើញ​ផងដែរ​ថា គ្រូ​លំ​ហាត់ប្រាណ​នៅតាម​ទីសាធារណៈ​មួយចំនួន មិនមាន​បច្ចេកទេស​គ្រប់គ្រាន់ និង​មិនមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​បង្ហាត់​ឡើយ​។ លោក​បាន​រៀបរាប់ថា​៖ «​ដោយសារ​ពួកគាត់​មិនបាន​ទៅ​រៀន ជំនាញ​ច្បាស់លាស់ ហើយ​គ្មាន​ការស្រាវជ្រាវ​បន្ថែម  បើទោះបី​ការហាត់​ធ្វើ​ឲ្យ​មាន​សុខ​ភាពល្អ​ពិតមែន ប៉ុន្តែ​អ្នក​ហាត់​នឹង​ទទួលរង​គុណវិបត្តិ​រយៈពេល​ពី​២ ទៅ​៣​ឆ្នាំ​ខាងមុខ ពីព្រោះ​ការធ្វើ​ចលនា​ខ្លាំងៗ​ហួស​កម្រិត ធ្វើ​ឲ្យ​សន្លាក់​ទាំង​ប៉ុន្មាន​ប៉ះទង្គិច​គ្នា ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជង្គង់ កែងដៃ ស្មា​ជាដើម​»៕


Tag:
 Aerobic
 ​ អ៊ុន សូ​រ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com