បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ាច ដែល​ពិការ​ជើង​ម្ខាង​ថា​ខ្លួន​សុខចិត្ត​រើស​អេតចាយ មិន​សុំទាន​គេ​ឡើយ
14, Jan 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក សុខ ម៉ាច ជា​អ្នក​រើស​អេតចាយ​ម្នាក់ ដែលមាន​ជើងខូច​ម្ខាង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ទោះ​ការ​រើស​អេតចាយ មានការ​លំបាក​ច្រើន​សម្រាប់​លោក ម៉ាច ប៉ុន្តែ​លោក បាន​តាំងចិត្ត​ថា​សុខចិត្ត​រើស​អេតចាយ​នេះ​បន្តទៀត មិន​ត្រឡប់​ទៅសុំ​ទាន​គេ​វិញ​ឡើយ ព្រោះ​មិន​ចង់​ឱ្យគេ​មើលងាយ​។



​លោក សុខ ម៉ាច ជា​បុរស​ម្នាក់​ដែលមាន​ដំណើរ​ខ្ពស់​ទាប ដោយសារ​លោក បាន​ខូច​ជើង​ម្ខាង​របស់ខ្លួន​បាន​ខូច បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​២០១៣ គ្រា​ដែល​លោក​មានរ​បរជា​អ្នករត់ម៉ូតូឌុប​។ គ្រោះថ្នាក់​នេះ កើតឡើង​ដោយសារ​លោក សុខ ម៉ាច ស្រវឹង ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​។ សព្វថ្ងៃ  បុរស​សម្បុរ​ស្រអែម​រូបរាង​ស្គម​ខ្ពស់​រូបនេះ ជា​អ្នក​រើស​អេតចាយ នៅតាម​ដងផ្លូវ​នានា ក្នុង​ក្រុងភ្នំពេញ​។



​ជា​កូន​ទី​៦ ក្នុងចំណោម​បងប្អូន​៨​នាក់ លោក សុខ ម៉ាច បាន​ដំណាល​ពី​ប្រវត្តិ​មុនពេល​លោក​ប្រក​បរបរ​នេះ​ថា លោក​បានមក​ភ្នំពេញ​តាម​ម្ដាយ តាំងតែ​ពី​លោក​មាន​អាយុប្រមាណ​៩​ឆ្នាំ  ហើយ​កាលណោះ ឪពុក​របស់លោក ធ្វើជា​កម្មករ​លីសែង​នៅ​ភ្នំពេញ​ដែរ​។ កុមារា ម៉ាច ក៏បាន​ផ្ដើម​ជីវិត​ជា​អ្នក​បោសឡាន​តាម​ដងផ្លូវ​នៅ​គ្រា​នោះដែរ​។ មក​តាម​ម្តាយ ប៉ុន្តែ​លោក ម៉ាច អះអាងថា ម្ដាយ​លោក​មិនសូវ​គិតគូរ​ពី​កុមារភាព​របស់​លោ​កឡើ​យ រហូតដល់​លោក​ក្លាយជា​ក្មេង​ញៀន​ថ្នាំ​(​ហិតកាវ​)​។ ស្ថិតក្នុង​សភាព​បែបនេះ លោក ត្រូវ​ម្តាយ​នាំទៅ​ស្រុកកំណើត​វិញ ក្នុង​អាយុប្រមាណ​១៣​ឆ្នាំ ដើម្បី​បន្សាប​សារធាតុ​ញៀន​។

​ក្រោយមក លោក​ក៏​ត្រឡប់មក​ភ្នំពេញ​ជាថ្មី ដោយ​ប្រកបរ​បរជា​អ្នកលក់​ចាប និង​ស៊ីឈ្នួល​បណ្ដែត​អ​ដិ្ឋ​ធាតុ នៅ​ទន្លេចតុម្មុខ មុខ​ព្រះបរមរាជវាំង​។ «​របរ​នេះ ត្រូវ​ហែល​ទៅ​បណ្ដែត​ជិត​កណ្ដាលទន្លេ ដោយ​ម្ដង​បាន​ប្រាក់​ប្រមាណ​១០​ម៉ឺន​រៀល ចែកគ្នា​២ ទៅ​៣​នាក់​»​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក សុខ ម៉ាច ដែល​បាន​បន្តថា ពី​ឆ្នាំ​ក្នុងនាម​ជា​អ្នកលក់​ចាប និង​អ្នក​បណ្តែត​អ​ដិ្ឋ​ធាតុ លោក​អាច​សន្សំ​ប្រាក់​ទិញ​ម៉ូតូ​បាន​មួយគ្រឿង ដើម្បី​រត់​ឌុប​នៅ​ខេត្តកំពង់ចាម​វិញ​ម្តង​។ លោក ម៉ាច ប្រាប់​ពី​មូលហេតុ​ប្តូរ​មករ​ត់​ឌុប​វិញ​ដូច្នេះ​៖«​ខ្ញុំ​ឈប់​លក់​ចាប​ដោយ​របរ​នេះ​បាប​ណាស់ ពេលយប់ៗ​ខ្ញុំ​យក​ជ័រស្អិត​ទៅ​រុក​តាម​ដើមឈើរ​កន្លែង​ដែល​ចាប​ដេក នៅខាងមុខ​វាំង ជាប់​មក ខ្លះ​ស្អិត​ពេក​ជាប់សាច់​វា វេទនាណាស់​ខ្ញុំ​ក៏​ឈប់​ទៅ ខ្ញុំ​សន្សំ​លុយ​បាន ម៉ែ​ក៏​ទិញ​ម៉ូតូ​មួយ​បានឱ្យ​ខ្ញុំ​រត់​ឌុប​»​។​

​រត់​ម៉ូតូឌុប បាន​ជិត​១​ឆ្នាំ លោក ម៉ាច ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​លោក​ស្រវឹង និង​បើក​លឿន​ពេក​។ ក្រោយ​គ្រោះថ្នាក់ លោក​ក៏​ទៅ​ស្រុក​បាន​ប្រមាណ​កន្លះ​ឆ្នាំ ហើយក៏​ត្រឡប់មក​ភ្នំពេញ​វិញ និង​បាន​ធ្វើជា​អ្នកសុំទាន​។ លោក ម៉ាច អះអាងថា លោក​សុំទាន​គេ​ប្រមាណ​២​ឆ្នាំ ហើយ​លោក​ក៏​ឈប់​វិញ​បន្ទាប់ពី​លោក អាច​ដើរ​បាន ទោះ​មិន​ដូច​ពីមុន​ក៏ដោយ​។ ម្យ៉ាង បុរស​ពោះម៉ាយ​កូន​មួយ​រូបនេះ ថា​ខ្លួន​ខ្មាស​គេ ទើប​ប្តូរ​មក​រើស​អេតចាយ​វិញ​។

​យ៉ាងណាក៏ដោយ បុរស​រូបនេះ​រើស​អេតចាយ​តែ​ពេលយប់​ប៉ុណ្ណោះ ដោយសារ​លោក​មាន​ចេតនា​គេច​ពី​មនុស្សម្នា​ច្រើន ដែល​តែង​មើល​ដំណើរ​ខ្ពស់​ទាប​របស់ខ្លួន​នោះ ហើយក៏​អាចមាន​របស់របរ​អេតចាយ​ច្រើន​ផងដែរ​។  លោក ម៉ាច រៀបរាប់​ដូច្នេះ​៖ «​ខ្ញុំ​រើស​តែ​យប់ៗ​ទេ ពី​ម៉ោង​៦​ល្ងាច​ទៅ​រហូតដល់​ម៉ោង ៣​ភ្លឺ​អី ព្រោះ​ពេលនេះ​ត្រជាក់ ហើយ​មាន​អេតចាយ​ច្រើន​។ បើ​រើស​ពេល​ថ្ងៃ​រើស​មិន​បានទេ មួយ​កំណាត់​ថ្ងៃ​បានតែ​១០​កំប៉ុង​អីហ្នឹង ក្តៅ​ផង ហើយ​ខ្មាស​គេ​ណាស់ ដើរ​ពេល​ថ្ងៃ​ទៅតាម​ផ្សារ គេ​មើល​គ្រប់គ្នា​»​។



​បុរស​វ័យ​៣៦​ឆ្នាំ​រូបនេះ អាច​រកប្រាក់​ពីរ​បរ​រើស​អេតចាយ​បាន​ប្រមាណ ២​ទៅ​៣ ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ និង​អាច​ទៅ​ម្ដាយ​បាន​ប្រមាណ​១០ ទៅ​១៥​ម៉ឺន​រៀល ក្នុង​មួយខែ និង​ត្រូវ​សម្រាន្ត​នៅ​ជិត​របង​ពេទ្យ ឬ​ពេលខ្លះ​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​គេច​ពី​ក្មេងស្ទាវ ដែល​តែង​វាយយក​យក​អេតចាយ​ដែលមាន​តម្លៃ​ដូចជា​ឆ្នាំង​សាក​ទូរស័ព្ទ​ចាស់ៗ សំណ​ខ្សែភ្លើង​ជាដើម​។ ប្រាក់​ដែល​រកបាន​ពី​លក់​អេតចាយ បើ​ទុក​មិន​ប្រយ័ត្ន​នោះ ច្បាស់​ជា​គេ​វះ​ហោប៉ៅ​យក​អស់​ពេល​កំពុង​សម្រាន្ត​មិន​ខាន​។ ហើយ​បើទោះជា​លោក​ចូល​ងូតទឹក នៅ​បន្ទប់ទឹក​ក្នុង​មន្ទីរពេទ្យ​របេង ជាទី​ក្បែរ​កន្លែង​លោក​សម្រាន្ត ក៏ត្រូវ​យក​រទេះ​អេតចាយ​ទៅជា​មួយ​ដែរ និង​ចាក់សោរ​ផង ព្រោះ​ខ្លាច​គេ​លួច​។ លោក ម៉ាច បញ្ជាក់​៖ «​ខ្ញុំ​ដើរ​រើស​ហ្នឹង ជួនកាល​គេ​ឃើញ​ខ្ញុំ​អីចឹង គេ​ហៅ​ខ្ញុំ​ឱ្យទៅ​រើស​កំប៉ុង​ដែល​គេ​ផឹក​រួច អ្នកខ្លះ​គេ​ឱ្យ​បាយ នំ លុយ ភួយ ខោអាវ ពេលខ្លះ​ឲ្យ​លុយ​។ ខ្ញុំ​ខំ​សន្សំទុក តែបើ​ទុក​មិន​ស្រួល​វា​វះ​យក​អស់ អ៊ីចឹង​បាន​ពេលដេក​ខ្ញុំ​លាក់​បំពង់​ទីប​ទុក​ការពារ​ខ្លួន​»​។​

​ថ្វីដ្បិតតែ​របរ​រើស​អេតចាយ​នេះ ហាក់ដូចជា​មិន​សមប្រកប និង​ហាក់​ប្រឈម​ច្រើន ប៉ុន្តែ​លោក សុខ ម៉ាច មិន​ចង់​បោះបង់​របរ​នេះឡើយ ព្រោះ​លោក​មិនដឹង​ធ្វើការ​អ្វី​។ ម្យ៉ាង លោក​ក៏​តែងមាន​អ្នកដំណើរ និង​អ្នកមាន​ចិត្តសប្បុរស​ដ​ទៃទៀត ផ្តល់​នំចំណី ឬ​ប្រាក់កាស​ខ្លះ គួបផ្សំ​នឹង​ប្រាក់​បាន​ពី​ការ​រើស​អេតចាយ​ផងដែរ​៕


Tag:
 សុខ ម៉ាច​
  ​អេតចាយ​
 ​ សុំទាន​
© រក្សាសិទ្ធិដោយ thmeythmey.com