អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អា​បេ ស្នើ​ឲ្យ​បណ្តា​រដ្ឋបាល់​ទិ​ក​ចូលរួម​ដាក់​សម្ពាធ​កូរ៉េខាងជើង​ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​
14, Jan 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​អំពាវនាវ​ឲ្យ​បណ្តា​រដ្ឋបាល់​ទិ​ក​ចូលរួម​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េខាងជើង​ដើម្បី​ឲ្យ​ប្រទេស​នេះ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ផង​។ លោក អា​បេ ឆ្លៀតឱកាស​អំពាវនាវ​បែបនេះ ក្នុងពេលដែល​លោក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​បាល់​ទិ​កនា​សប្តាហ៍​នេះ​។



«​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​គំរាមកំហែង​ពិភពលោក​ទាំងមូល​។ យើង​ត្រូវតែ​សហការគ្នា​ឲ្យ​ជិតស្និទ្ធ​ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ពឹង​ផ្អែកលើ​ច្បាប់​អន្តរជាតិ​»​។  នេះ​ជាស​ម្តី​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន ហ្សូ​អា​បេ ក្នុងពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​លី​ទុយ​អា​នី​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក អា​បេ បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋបាល់​ទិ​កលី​ទុយ​អា​នី និង​ជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​នេះ​នៅ​ថ្ងៃ​សៅរ៍​ទី ១៣ ខែមករា​។ កាលពី​ថ្ងៃ​សុក្រ​លោក​បាន​ទស្សនកិច្ច​នៅ​ប្រទេស​អេ​ស្តូ​នី ហើយ​បន្ទាប់ពី​ចាក​ចេញពី​ក្រុង Riga ប្រទេស​ឡា​ត់​វី​មុននឹង​មកកាន់​ប្រទេស​លី​ទុយ​អា​នី​នេះ​។ បន្ទាប់​ពីនេះ​លោក​នឹង​បន្តដំណើរ​ទៅ​ប៊ុល​ការី​, ស៊ែ​ប៊ី និង​រ៉ូ​ម៉ា​នី​ផងដែរ​មុន​ត្រឡប់​ទៅ​ជប៉ុន​វិញ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​។​

​នៅ​លី​ទុយ​អា​នី នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​លី​ទុយ​អា​នី លោក Saulius Skvernelis ផងដែរ​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ប្រឈម​អន្តរជាតិ​ផងដែរ​។​ក្នុង​ជំនួយ​ពិភាក្សា​នោះដែរ នាយករដ្ឋមន្ត្រី​លី​ទុយ​អា​នី​បានបញ្ជាក់​ពី​ជំហរ​ពេញលេញ​មួយ​ក្នុង​គាំទ្រ​ជប៉ុន​ផងដែរ​ក្នុង​បញ្ហា​នេះ​។ 

​បើតាម​ក្រសួងការបរទេស​ជប៉ុន ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ក៏​សង្ឃឹមថា ប្រទេស​ជា​មិត្ត​ជាពិសេស​រដ្ឋបាល់​ទិ​កប​ន្ត​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ប្រឆាំង​កូរ៉េខាងជើង​ឲ្យ​បាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋ​ឯកោ​នេះ​។ ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ ដែល​ត្រូវ​បានអនុម័ត​កាលពី​ខែ​មុន មានកំណត់​ហាមឃាត់​ការផ្គត់ផ្គង់​ប្រេង ៧៥​ភាគរយ​ឲ្យ​ក្រុង​ព្យុងយ៉ាង និង មាន​វិធានការ​ផ្សេងទៀត​ច្រើន​ដែរ​។​

​កន្លងមក​ពេល​ភាព​តានតឹង​កើនឡើង​ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រំលង​ជប៉ុន លោក អា​បេ ធ្លាប់​ប្រកាស​ផងដែរ​ថា ជប៉ុន​នឹង​បង្កើន​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​តាម​ដែល​អាចធ្វើ​បានដែរ​។​
​ក្រៅពី​អំពាវនាវ​ឲ្យ​ការគាំទ្រ​ដើម្បី​ដោះស្រាយ​សំណុំរឿង​កូរ៉េខាងជើង ជប៉ុន​ក៏​ប្រហែលជា​ព្យាយាម​ពង្រឹង​ចំណងមិត្តភាព​របស់ខ្លួន​ជាមួយ​រដ្ឋបាល់​ទិ​ក​ផងដែរ​នៅពេលនេះ​ដើម្បី​ប្រជែង​ជាមួយ​ចិន​ដែល​កំពុងមាន​ឥទ្ធិពល​ខ្លាំង​នៅ​អឺរ៉ុប​។  ចិន​កន្លងមក​បាន​ជំរុញ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​នៅ​អឺរ៉ុប​ដោយ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប និង​អាហ្វ្រិក​ទាំង​ផ្លូវគោក និង​ផ្លូវទឹក​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com