ជាតិ
នយោបាយជាតិ
ក្រោយដឹកនាំរដ្ឋាភិបាលបាន៣៣ឆ្នាំ សម្តេច ហ៊ុន សែន សង្ឃឹមឈ្នះឆ្នោតបន្តកាន់អំណាចទៀត
× នៅចំថ្ងៃរម្លឹកខួប៣៣ឆ្នាំនៃការកាន់អំណាចរដ្ឋក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន នៅបន្តក្តីសង្ឃឹមថាគណបក្សប្រជាជនកម្ពុជានឹងអាចទទួលជ៏យជម្នះ នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានថ្លែងយ៉ាងនេះនៅក្នុងឱកាសជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធប្រមាណ៥០០០នាក់ ដែលរួមមានអ្នកប្រកបរបរធ្លាក់ស៊ីក្លូ ម៉ូតូឌុប កង់បីជាដើម នៅឯកោះពេជ្រនៅព្រឹកថ្ងៃទី១៤ខែមករា។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំឆ្លងកាត់ពេលវេលាដ៏លំបាក ដោយបានចាប់ផ្តើមពីការយកជីវិតធ្វើជាដើមទុន។ តែខ្ញុំបានស្ថិតនៅក្នុងតំណែងនាយករដ្ឋមន្ត្រី៣៣ឆ្នាំហើយ ហើយជឿជាក់ថា នៅក្នុងការបោះឆ្នោតខាងមុខ គណបក្សប្រជាជនកម្ពុជានឹងបន្តជោគជ័យទៀត ដើម្បីផ្តល់ឱកាសឲ្យខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ច…»។
ទោះយ៉ាងណាក៏ដោយ កាលពី៣៣ឆ្នាំមុន វាគឺជាការឡើងកាន់កាប់អំណាចមួយដែលមិនគួរឲ្យជឿ សម្រាប់សម្តេច ហ៊ុន សែន។ ប្រធានគណបក្សកាន់អំណាចបច្ចុប្បន្នបានបញ្ជាក់នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធថា ថ្នាក់ដឹកនាំដែលមានអាយុ៤០នៅពេលនោះ គួរតែបានធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ប៉ុន្តែផ្ទុយទៅវិញ សម្តេចរំឮកថា យុវជនអាយុ៣២ បែរជាទទួលបានការគាំទ្រជាឯកច្ឆ័ន្ទនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ឲ្យធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេច ហ៊ុន សែន បានទទួលសេចក្តីទុកចិត្តពីរដ្ឋសភាគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីលើកដំបូងនៅថ្ងៃទី១៤ ខែមករាឆ្នាំ១៩៨៥៕
Tag:
ហ៊ុន សែន
អំណាច
នាយករដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com