អន្តរជាតិ
ជាង​២០​ប្រទេស​ជួបគ្នា​នៅ​កាណាដា រក​ផ្លូវ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង តែ​ចិន និង​រុស្ស៊ី​អវត្តមាន​
15, Jan 2018 , 11:40 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក និងកាណាដា នឹងធ្វើជាសហប្រធានកិច្ចប្រជុំស្ដីពីកូរ៉េខាងជើង (រូបភាព៖ National Observer)
រដ្ឋមន្រ្តីការបរទេសអាមេរិក និងកាណាដា នឹងធ្វើជាសហប្រធានកិច្ចប្រជុំស្ដីពីកូរ៉េខាងជើង (រូបភាព៖ National Observer)
​រដ្ឋមន្ត្រីការបរទេស​មកពី​ជាង​២០​ប្រទេស នឹង​ជួបជុំគ្នា​នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា ដើម្បី​ពិភាក្សា​រក​មធ្យោបាយ ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង តាមរយៈ​ទណ្ឌកម្មសេដ្ឋកិច្ច និង​ការទូត​។ ប៉ុន្តែ​ប្រមុខ​ការទូត​ចិន និង​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​កូរ៉េខាងជើង មិនមាន​ឈ្មោះ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នេះឡើយ​។ អវត្តមាន​មហាអំណាច​ទាំងពីរ នឹង​បង្ក​រាំងស្ទះ​ដល់​ការអនុវត្ត​សេចក្ដីសម្រេច​ណាមួយ​របស់​ជំនួប​នេះ​។



​កាណាដា និង​អាមេរិក នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ Vancouver ស្ដីពី​បញ្ហា​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៦ ខែមករា ដោយមាន​រដ្ឋមន្ត្រីការបរទេស​មកពី​ប្រទេស​ជិត​២០​ចូលរួម តែ​អវត្តមាន​ចិន និង​រុស្ស៊ី​។ កិច្ចប្រជុំ​អន្តរជាតិ​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ បាន​ធូរស្រាល​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​ការជួប​ចរចា​គ្នា​ថ្នាក់​មន្ត្រីជាន់ខ្ពស់ នៃ​កូរ៉េ​ទាំងពីរ កាលពី​សប្ដាហ៍​មុន និង​នៅ​ដើម​សប្ដាហ៍​នេះដែរ​។​

​ការស្វែងរក​មធ្យោបាយ​ដាក់​សម្ពាធ​សេដ្ឋកិច្ច និង​ការទូត​លើ​កូរ៉េខាងជើង គឺជា​របៀបវារៈ​សំខាន់​នៃ​ជំនួប​នេះ ព្រោះ​ទណ្ឌកម្ម​ជាច្រើន​កន្លងមក ហាក់​មិនទាន់មាន​ប្រសិទ្ធភាព​ខ្លាំងក្លា នៅឡើយ ហើយ​កូរ៉េខាងជើង នៅ​បន្តធ្វើ​សកម្មភាព​ផ្គើន​អន្តរជាតិ​ដដែល​។ អាមេរិក និងសម្ព័ន្ធមិត្ត​របស់ខ្លួន កំពុង​ស្វះ​ស្វែងរក​ច្រកចេញ​ថ្មីៗ​ទៀត ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង បោះបង់​មហិច្ឆតា​របស់ខ្លួន ជាពិសេស​ការទប់ស្កាត់​សកម្មភាព​នៅ​សមុទ្រ និង​ការ​រឹតត្បិត ប្រាក់ចំណូល​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រទេស​ដែល​ចូលរួម​ភាគច្រើន សុទ្ធតែ​ធ្លាប់​បញ្ជូន​កងទ័ព​រប​ស់​ខ្លួន ទៅ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ ដែល​បញ្ចប់​ទៅដោយ​ការបែងចែក​កូរ៉េ​ជា​ពីរ​។ យ៉ាងណាមិញ កូរ៉េខាងជើង នឹងមិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​ងាយ​ឡើយ និង​ចាត់ទុកជា​អាយុជីវិត​ទៅទៀត​។ ម្ដង​ហើយ​ម្ដងទៀត កូរ៉េខាងជើង​ក៏​ប្រកាស​ក្ដែ​ងៗ​ថា នុយក្លេអ៊ែរ​នេះ មិនមែន​សម្រាប់​ចរចា​ទេ ហើយ​គោលដៅ​របស់​អាវុធ​នេះ គឺ​អាមេរិក​។ 

​បញ្ហា​មួយទៀត​សម្រាប់​កិច្ចប្រជុំ​នេះ គឺ​អវត្តមាន​ចិន និង​រុស្ស៊ី​តែម្ដង ដែលមាន​តួនាទី​សំខាន់​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ចិន ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ជាងគេ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ របស់​កូរ៉េខាងជើង​។ ចិន​មិនសូវ​សប្បាយចិត្ត​ឡើយ នឹង​កិច្ចប្រជុំ​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ធ្លាប់​និយាយថា កិច្ចប្រជុំ​ដែល​មិន​អញ្ជើញ​ភាគី​សំខាន់​ចូលរួម នឹង​មិនអាច​ស្វែងរក​ដំណោះស្រាយ ឲ្យ​បាន​លឿន​បានឡើយ​។​

​ទោះជា​មិនបាន​អញ្ជើញ​ចិន​ក្ដី លោក Brian Hook ប្រធាន​រៀបចំ​ផែនការ​គោលនយោបាយរ​បស់ ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយថា ចិន​នឹងត្រូវ​បានផ្ដល់​ព័ត៌មាន​ពិស្ដារ ពេល​កិច្ចប្រជុំ​ត្រូវបាន​បញ្ចប់​។ ប៉ុន្តែ​សម្រាប់​ចិន យន្តការ​ដើម្បី​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺ​កិច្ចចរចា​៦​ភាគី ដែល​ជាប់គាំង​ជា​ច្រើ​ឆ្នាំ និង​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​៕


Tag:
 ចិន​
  រុស្ស៊ី​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com