ជាតិ
​អគារ​ព្យាបាល​ជំងឺមហារីក​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត ត្រូវបាន​សង់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២៣​លាន​ដុល្លារ​
15, Jan 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល ដាក់​ឲ្យ​ដំណើការ​អគារ​ព្យាបាល​ជំងឺមហារីក និង​សម្ភព​ថ្មី​មួយ​ជា​ផ្លូវការ នៅ​បរិវេណ​មន្ទីរពេទ្យ​កាល់ម៉ែ​ត នៅ​ថ្ងៃទី​១៥ មករា​នេះ ។ អគារ​ព្យាបាល​ជំងឺមហារីក​នេះ ត្រូវបាន​សាងសង់ឡើង នៅក្នុង​ទំហំ​ទឹកប្រាក់​ជាង​២៣​លាន​ដុល្លារ​អាមេរិក​។​



​មជ្ឍមណ្ឌល​ជាតិ​ជំងឺមហារីក និង​សម្ភព​នេះ សាងសង់ឡើង​អំពី​បេតុង​មាន​ទទឹង ៤០,៥០​ម៉ែត្រ បណ្តោយ ៤៨,៦០​ម៉ែត្រ មាន​កម្ពស់ ៩​ជាន់​។ អគារ​ព្យាបាល​ជំងឺមហារីក ត្រូវបាន​សាងសង់​អស់​ទឹកប្រាក់ ២៣,០៤៨,៤៥២ ដុល្លារ​អាមេរិក និង​មានការ​បំពាក់​គ្រឿង​បរិក្ខា​ទំនើបៗ សម្រាប់​ការព្យាបាល​ជំងឺមហារីក​ផងដែរ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែល​អាន​របាយការណ៍​ចំពោះមុខ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោក ម៉ម ប៊ុនហេង បាន​បន្ថែមថា ឧបករណ៍​សម្ភារ​មួយចំនួន​ជា​ថវិកា​ស្វយ័ត សន្សំ​រំលស់​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត មាន​ទឹកប្រាក់ ១៧,៣៨៨,៣០២ ដុល្លារ និង​សម្ភារ​ជា​អំណោយ​របស់​មន្ទីរពេទ្យ​ប្រទេស​បារាំង គិត​តម្លៃ​ជា​ទឹកប្រាក់ ៣,២១៥,៧៦៤ ដុល្លារ​។ ក្រៅពីនេះ មាន​ជំនួយ​ជា​សម្ភារ បរិក្ខា​វេជ្ជសាស្ត្រ និង​បណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ ពី​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) មាន​ទឹកប្រាក់​ចំនួន ២,៤៤៤,៣៨៥ ដុល្លារ ។​

​តាម​ការប៉ាន់ស្មាន ម៉ាស៊ីន​បាញ់​កាំរស្មី​អាច​បម្រើសេវា សម្រាប់​អ្នកជំងឺ​មហារីក បាន​ប្រមាណ​ពី​៧០០ ទៅ ១,០០០​នាក់ ក្នុង​១​ឆ្នាំ​។ បច្ចុប្បន្ន អគារ​មជ្ឍមណ្ឌល​ជាតិ​ជំងឺមហារីក មាន ៥៣​គ្រែ និង​សម្ភព​ថ្មី​មាន ៨៥​គ្រែ ព្រមទាំង​បន្ទប់​សម្រាលកូន​ទំនើប​។ នេះ​បើតាម លោក ម៉ម ប៊ុនហេង​។​

​មន្ទីរពេទ្យ​កាល់ម៉ែ​ត ត្រូវបាន​សាងសង់​ក្នុងអំឡុង​ឆ្នាំ​១៩៥៨-១៩៦០ ដោយមាន​ឈ្មោះថា «​មូលនិធិ​កាល់ម៉ែ​ត»​។ ប៉ុន្តែ​«​មូលនិធិ​កាល់ម៉ែ​ត» ត្រូវបាន​ប្ដូរ​ឈ្មោះ​មកជា​មន្ទីរពេទ្យ​កាល់ម៉ែ​ត​វិញ បន្ទាប់​កម្ពុជា​រួច​ផុតពី​សង្គ្រាម ៕


Tag:
 ហ៊ុន សែន​
 ​ កាល់​ម៉ែត្រ
© រក្សាសិទ្ធិដោយ thmeythmey.com