អន្តរជាតិ
ក្រុម​អ្នក​អភិរក្សនិយម​អាហ្វ្រិក​សរសើរ​ដល់​វិធានការ​ហាមឃាត់​ការលក់​ភ្លុក​ដំរី​របស់​ប្រទេស​ចិន​
15, Jan 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ណៃ​រ៉ូ​ប៊ី ៖ លោក Max Graham ប្រធាន​ក្រុម​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​អភិរក្ស​សត្វ​ដំរី ឈ្មោះថា Space for Giants ស្វាគមន៍​ព័ត៌មាន​នេះ​។​



​លោក Graham បាន​និយាយថា​៖ «​ខ្ញុំ​គិតថា ការដែល​ប្រទេស​ចិន​ប្រកាន់យក​ជំហរ​នេះ​មានន័យថា មាន​ប្រទេស​មហាអំណាច​ដែលមាន​គំនិត​អភិរក្សនិយម​ថ្មី​មួយ​នៅក្នុង​ពិភពលោក​នេះ កំពុង​ទទួលខុសត្រូវ​។ យើង​មានការ​សប្បាយ​ចិត្តខ្លាំង​ណាស់​ចំពោះ​ជំហរ​នេះ ដោយសារតែ​ជំនួញ​ភ្លុក​ដំរី គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ ហើយ​ជំនួញ​សត្វព្រៃ​ខុសច្បាប់ ជាទូទៅ​មាន​បញ្ហា​ប្រឈម​កាន់តែច្រើន​នៅក្នុង​តំបន់​អាស៊ី ជាពិសេស​នៅក្នុង​ប្រទេស​ចិន ដែល​ការប្រើប្រាស់​សរីរាង្គ​សត្វព្រៃ​តាមបែប​ប្រពៃណី បានធ្វើ​ឲ្យ​បាត់បង់​ពូជ​សត្វ​កម្រៗ​ជាច្រើន​នៅក្នុង​ពិភពលោក​។ ដូច្នេះ ការ​ឃើញ​ប្រទេស​ចិន​ប្រកាន់យក​ជំហរ​បែបនេះ គឺជា​ការជំរុញ​ទឹកចិត្ត​មួយ​។ វា​ជា​កាដូ​ដ៍​ល្អ​បំផុត​មួយ​សម្រាប់​ថ្ងៃបុណ្យ​ណូអែល ដែល​សហគមន៍​អ្នក​អភិរក្ស​ទទួលបាន​»​។​

​ប្រទេស​ចិន បានប្រកាស​ពី​ការហាមឃាត់​នេះ​នៅ​ចុងឆ្នាំ​២០១៦ ហើយ​ការហាមឃាត់​នេះ​បាន​ចូល​ជាធរ​មាននៅ​ចុងឆ្នាំ​២០១៧ ដែល​នេះ​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មានការ​ភ្ញាក់ផ្អើល ដោយសារ​ពួកគេ​គិតថា វា​អាច​នឹង​ត្រូវការ​ពេល​ដល់​ទៅ​៥​ឆ្នាំ​។ ក្រុម​អ្នក​អភិរក្សនិយម​មាន​សុទិដ្ឋិនិយម បើទោះជា​ពួកគេ​និយាយថា វា​មាន​ភាព​ឆាប់រហ័ស​ពេក​ក្នុងការ​ទស្សន៍ទាយ​ថា តើ​ការហាមឃាត់​នេះ​នឹងត្រូវ​អនុវត្ត​យ៉ាងដូចម្តេច​។​

​លោក Frank Pope ប្រធាន​ប្រតិបត្តិ​អង្គការ Save the Elephants ជឿជាក់ថា ការហាមឃាត់​នេះ​អាច​នឹង​បង្ហាញ​ពី «​ការផ្លាស់ប្តូរ​ទាំងស្រុង​» សម្រាប់​អនាគត​សត្វ​ដំរី ប៉ុន្តែ​លោក​បាន​ព្រមាន​ពី​បញ្ហា​មួយ​ផ្សេងទៀត​។​

​លោក Pope បាន​និយាយថា​៖ «​នៅពេល​យើង​គាបសង្កត់​ទៅលើ​ទីផ្សារ​ស្របច្បាប់​របស់​ពាណិជ្ជកម្ម​ចិន ទីផ្សារ​បន្ទាប់បន្សំ​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នៅតាម​ព្រំដែន​ប្រទេស​ចិន​។ នេះ​ជា​អ្វីដែល​យើង​ឃើញថា កើតមាន​រួចហើយ​នៅក្នុង​ប្រទេស​វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​ហុងកុង ដែល​នៅ​ខាងក្រៅ​ប្រទេស​ចិន​។ ប្រទេស​ទាំងនេះ​មាន​ទីផ្សារ​ដែល​រីកចម្រើន បើទោះជា​មានការ​ហាមឃាត់ និង​ការ​រឹតត្បិត​ក្នុងប្រទេស​ចិន​ក៏ដោយ​»​។​

​លោក Philip Muruthi អនុប្រធាន​កម្មវិធី​អភិរក្ស​អំបូរ​សត្វ របស់​អង្គការ African Wildlife Foundation  ក៏មាន​ទស្សនៈ​ដូច​ដៃគូ​អភិរក្សនិយម​របស់លោក​ដែរ ដោយ​លោក​បាន​សរសើរ​ចំណាត់ការ​នេះ និង​បានកត់សម្គាល់​ពី​សារៈសំខាន់​នៃ​ការបង្ការ​កុំ​ឲ្យ​ទីផ្សារ​ជួញដូរ​នេះ ផ្លាស់ប្តូរ​ទៅជា​ទីផ្សារ​នៅ​កន្លែង​ផ្សេងៗ​ទៀត​។​

​លោក​បាន​និយាយថា សត្វ​ដំរី​នឹង​មិនមែនជា​សត្វ​ដែល​រួច​ផុតពី​ទុក្ខ​តែមួយ​នោះទេ​។​

​លោក Muruthi បាន​និយាយថា​៖ «​សត្វ​ដំរី​ប្រហែល​៣៥.០០០​ក្បាល ដែលជា​ចំនួន​យើង​លើក​យកមក​និយាយ​ជាច្រើន​ដង​មកហើយ កំពុង​បាត់បង់​ជា​រៀងរាល់ឆ្នាំ​។ មាន​ដំរី​ប្រមាណ​ជា​៤១៥.០០០​ក្បាល​នៅលើ​ទ្វីប​នេះ​។ នេះ​មានន័យថា ក្នុង​រយៈពេល​២០​ឆ្នាំ​ខាងមុខ ប្រសិនបើ​ល្បឿន​នៃ​ការបាត់បង់​នេះ​នៅ​ដដែល​នោះ យើង​នឹង​មិនមាន​សត្វ​ដំរី​តទៅទៀត​ទេ​។ ដូច្នេះ បំណង​ទាំងអស់​ដែល​ពលរដ្ឋ​អាហ្វ្រិក​មាន​ក្នុងការ​ប្រើប្រាស់​សត្វព្រៃ និង​ជម្រក​របស់​ពួកវា​សម្រាប់​ការអភិវឌ្ឍ វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​នានា​ដូចជា កេ​ន​យ៉ា អាហ្វ្រិក​ខាងត្បូង និង​តង់​សានី​នោះ បំណង​ទាំងនោះ​នឹងមិន​បានសម្រេច​នោះទេ​។ ដូច្នេះ នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​។ នេះ​មិនមែន​តែ​ជា​បញ្ហា​សត្វ​ដំរី​នោះទេ ប៉ុន្តែ​វា​ជា​បញ្ហា​សេដ្ឋកិច្ច​ផងដែរ​។ វា​ជា​បញ្ហា​សុខុមាលភាព​ពលរដ្ឋ​អាហ្វ្រិក​។ វា​ជា​កេរ្តិ៍ដំណែល​របស់​យើង​។ ដូច្នេះ វា​ជាការ​បោះជំហាន​ដ៏​សំខាន់​មួយ​ដែល​ប្រទេស​ចិន​បានធ្វើ​»​។​

​ក្រុម​អ្នក​អភិរក្ស​និយាយថា ខណៈដែល​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​បរបាញ់​ជា​រឿង​សំខាន់​នោះ ការគំរាមកំហែង​ធំ​មួយ​ចំពោះ​សត្វ​ដំរី​ក្នុង​រយៈពេល​វែង គឺ​ការគ្រប់គ្រង​ទីជម្រក​របស់​ពួកវា​។ ពួកគេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាហ្វ្រិក និង​ចិន ជួយ​កាត់បន្ថយ​ការគំរាមកំហែង​ទាំងនេះ​តាមរយៈ​ការគាំទ្រ​របស់​ពួកគេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com