ជាតិ
ធនធាន​៦០​នាក់​ទៀត​ក្នុង​វិស័យ​ភាពយន្ត បាន​បង្កើន​សមត្ថភាព​ពី CFC
15, Jan 2018 , 4:16 pm        
រូបភាព
​នៅក្នុង​ឆ្នាំ​២០១៧ សិក្ខាកាម​៦០​នាក់​បានបញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​ជំនាញ​ក្នុង​វិស័យ​ភាពយន្ត ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ការថត​ភាពយន្ត​នៅ​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​លើក​សមត្ថភាព​អ្នកធ្វើការ​ជនជាតិខ្មែរ​ក្នុង​វិស័យ​ភាពយន្ត ឲ្យ​ឡើងដល់​កម្រិត​ដែល​អាចបំពេញ​ការងារ​ជាមួយ​ក្រុម​អ្នក​ផលិតភាព​យន្ត​បរទេស​បាន​។​



​សិក្ខាកាម​៦០​នាក់ ដែល​ភាគច្រើន​ជា​យុវជន​បានបញ្ចប់​វគ្គប​ណ្តុះ​ជំនាញ​៤​ផ្សេងៗ​គ្នា​នៅក្នុង​វិស័យ​ភាពយន្ត ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​នៅឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ការថត​ភាពយន្ត​នៅ​កម្ពុជា (CFC)​។ ពួកគេ​បាន​សិក្សា​វគ្គ​ថត​ភាពយន្ត (cinematography), វគ្គ​ស្តីពី​ការ សម្របសម្រួល (fixer), វគ្គ​ស្តីពី​ការសរសេរ​អត្ថបទ​ភាពយន្ត (scriptwriting) និង​វគ្គ​សិក្សា​ស្តីពី​ការរក​ទីតាំង​ថត​ភាពយន្ត (location scouting)​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ប្រយោជន៍​ខ្លាំង​ក្នុង​ក្របខណ្ឌ​នៃ​ការបង្កើន​សមត្ថភាព​ធ​ន​ធាន​មនុស្ស​ខ្មែរ​ក្នុង​វិស័យ​ភាពយន្ត​។ លោក ជៀប សុវិជ្ជា នាយក​CFC បាន​ពន្យល់ថា តាមរយៈ​ការបណ្តុះបណ្តាល​ទាំងនេះ ធនធាន​កម្ពុជា​អាចមាន​សមត្ថភាព​ខ្ពស់​ដើម្បី​ធ្វើការ​ជាមួយ​ផលិតករ​ក្នុងស្រុក និង​ជាពិសេស​ជាមួយនិង​ក្រុមការងារ​ភាពយន្ត​បរទេស​ដែល​មក​ថត​ភាពយន្ត​នៅ​កម្ពុជា​ផង​។​



​សិក្ខាកាម​មួយរូប​គឺ​លោក លីម ស៊ី​ផេង ដែល​ទើប​បញ្ចប់​វគ្គ​សិក្សា​ស្តី​ការថត​ភាពយន្ត​ដែល​ផ្តោតទៅលើ​បច្ចេកទេស​ប្លង់​ថត ពណ៌​រូបភាព ពន្លឺ និង​អត្ថន័យ​រូបភាព​ជាដើម​នោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការសិក្សា​ជំនាញ​នេះ​ពិតជា​បាន​ជម្រះ​មន្ទិល និង​ផ្តល់​ចំណេះដឹង និង​ចំណេះធ្វើ​ពិតប្រាកដ​ដល់​រូបគេ​។ ស៊ី​ផេង ដែល​សព្វថ្ងៃ​កំពុងធ្វើការ​ជំនាញ​ថត​ភាពយន្ត​ក្នុង​អង្គការ​មួយ បញ្ជាក់ថា​៖«​មុន​មកដល់ CFC ខ្ញុំ​គ្រាន់តែ​រៀន​ធ្វើតាម​គ្នា​តែប៉ុណ្ណោះ​។ កាលណោះ ខ្ញុំ​ថត​ឲ្យ​តែ​បាន ដោយ​មិន​យល់​ពី​ការ​រើស​ប្លង់ ឬ​ពណ៌​ទេ​។ ពេលនេះ​ខ្ញុំ​យល់ដឹង​ច្រើន​»​។​

​មិន​ខុសពី ស៊ី​ផេង​ទេ លោក ឆិល ចំ​រ៉ុង ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុង​វិស័យ​ភាពយន្ត​តាំងពី​ឆ្នាំ​២០០៧ ក៏​និយាយ​ផ្តល់​តម្លៃ​ដល់​វគ្គ​សិក្សា​នៅ CFC នេះដែរ​។ លោក ចំ​រ៉ុង បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សម្របសម្រួល​ផង និង​ជំនាញ​រក​ទីតាំង​ថត​ភាពយន្ត​ផង​។ ចំ​រ៉ុង ប្រាប់​ឲ្យ​ដឹងថា ការសិក្សា​នេះ​បាន​បណ្តុះ​គំនិត​សម្រាប់​លោក​ច្រើន ជាពិសេស​ការរក​ទីតាំង​ថត​ដែល​ត្រូវ​នឹង​តម្រូវការ​របស់​ផលិតករ​។​

​មិន​ប្រាកដថា លុះត្រាតែ​អ្នក​ដែលមាន​ជំនាញ​ក្នុង​វិស័យ​ភាពយន្ត​ហើយ ទើប​អាច​ហាត់រៀន​ជំនាញ​បន្ថែម​នោះទេ​។ លោក អ៊ុក ឧ​ត្ត​រៈ ដែលជា​សាស្ត្រាចារ្យ​ភាសា​បារាំង ក៏បាន​ចុះឈ្មោះ​ចូល​សិក្សា​វគ្គ​ធ្វើជា​អ្នកសម្របសម្រួល​ក្នុង​ការងារ​ថត​ភាពយន្ត​ដែរ​។ បន្ទាប់ពី​បាន​រៀន​វគ្គ​បណ្ដុះបណ្ដាល​នេះ លោក​មានឱកាស​បាន​ចូលរួម​សម្របសម្រួល​ក្នុង​រឿង “​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​” ។ លោក អ៊ុក ឧ​ត្ត​រៈ បញ្ជាក់ថា​៖ “​ខ្ញុំ​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ច្រើន​។ តែ​វគ្គ​ដែល​ខ្ញុំ​ពេញចិត្ត​ជាងគេ គឺ​វគ្គ​សម្របសម្រួល​ថត​ភាពយន្ត ព្រោះ​ខ្ញុំ​បាន​ចំណេះ​បន្ថែម​ច្រើន​”​។​

​សិក្ខាកាម​មួយរូប​ទៀត គឺ​លោក ស្វាយ លី​ម៉េង យុវជន​រូបនេះ​ទទួលបាន​ការបណ្ដុះបណ្ដាល​ផ្នែក​សរសេរ​អត្ថបទ​ភាពយន្ដ រយៈពេល​៣​ខែ​។ ពីមុន លី​មេ​ង ធ្លាប់​សរសេរ​រឿង​កុមារ ហើយក៏​វិវឌ្ឍន៍​ខ្លួន​សរសេរ​អត្ថបទ​កុន​។ ម្ចាស់​អត្ថបទ​រឿង “​ធ្មប់​” រូបនេះ បញ្ជាក់ថា ខ្លួន​ពិតជា​ទទួលបាន​ចំណេះដឹង​បន្ថែម​ច្រើន ដើម្បី​ពង្រឹង​អត្ថបទ​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អ និង​អាច​បន្ត​សរសេរ​អត្ថបទ​ជា​លក្ខណៈ​អន្តរជាតិ​៕


Tag:
 CFC
  cinematography
  fixer
  scriptwriter
  location scouting
© រក្សាសិទ្ធិដោយ thmeythmey.com