កីឡាជាតិ
ជាតិ
កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក MATIC នៅ​ឆ្នាំ​២០១៩ ក្រោយ​បាន​ជើងឯក​រង​នៅ​ថៃ​
15, Jan 2018 , 9:39 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា Never Care ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​សម្រាប់​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​អន្តរជាតិ Mission Against Terror International Championship (MATIC)​ប្រចាំឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ​។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានសម្រេច​ប្រគល់​សិទ្ធ​ឲ្យ​កម្ពុជា​ធ្វើជា​ផ្ទះការ​ប្រកួត​ជើងឯក​អន្តរជាតិ MATIC នៅ​ឆ្នាំក្រោយ​។​



​លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​អន្តរជាតិ MATIC នៅ​ឆ្នាំក្រោយ​។ ការអះអាង​បែបនេះ ពេល​លោក​ដឹកនាំ​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុ​ជា​ចូលរួម​ប្រកួត​ជើងឯក MATIC ឆ្នាំ​២០១៨ នៅ​ថៃ​។  បើ​គិត​ទាំង​លើក​នេះ​វា​ជា​លើក​ទី​២​ដែល​កម្ពុជា​ទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​មួយ​នេះ ពោលគឺ​កម្ពុជា​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​ម្តង​កាលពី​ឆ្នាំ​២០១៤ ដោយ​កាលណោះ​ថៃ​ជា​ម្ចាស់​ជើងឯក​។​



​សម្រាប់​ការប្រកួត​នៅលើ​ទឹកដី​ថៃ​ក្រុម Never Care មិនអាច​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​បាន​នោះឡើយ ពោលគឺ​ក្រុម​នេះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ក្រោយ​ចាញ់​ក្រុម​ម៉ាឡេស៊ី Sync Gaming ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ជើងឯក​អន្តរជាតិ MATIC ប្រចាំឆ្នាំ​២០១៨ កាលពី​យប់​ថ្ងៃទី​១៤ ខែមករា​។​

​នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ Never Care ដែល​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ជុំ​ដំបូង​បាន​ទម្លាក់​ក្រុម​ចិន​ក្នុង​លទ្ធផល ៥-០​។ ហើយ​បាន​បន្ត​ទម្លាក់​ក្រុម​សិង្ហ​បុរី EDP ROG ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ជ័យជម្នះ ៥-៣​។ ប៉ុន្តែ​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី Sync Gaming ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក​រង​នៅ​ឆ្នាំនេះ​។​



​សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្រុម​ជើងឯក​ទទួលបាន​១៥,០០០​ដុល្លារ​, ក្រុម​លេខ​២​បាន​៧​ពាន់​ដុល្លារ​, ក្រុម​លេខ​៣​បាន​៤​ពាន់​ដុល្លារ និង​ក្រុម​លេខ​៤​បាន​២,៥០០​ដុល្លារ​។   

​ការប្រកួត​ជើងឯក​អន្តរជាតិ MATIC ប្រចាំឆ្នាំ​២០១៨ ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​បានបញ្ចប់​ជា​ស្ថាពរ​ក្រោយ​ប្រកួត​អស់​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨​។ ការប្រកួត​នេះ​មាន​១២​ក្រុម​មកពី​៥​ប្រទេស​ចូលរួម ខណៈ​កម្ពុជា​បញ្ជូន​ពីរ​ក្រុម​ឲ្យ​ចូលរួម​។ ប៉ុន្តែ​ក្រុម​ចំណូល​ថ្មី​ជា​ជើងឯក​រង​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ Infinity បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ដំបូង​។   



​ព្រឹត្តិការណ៍​ពានរង្វាន់​អន្តរជាតិ MATIC បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១២ ដែល​បើកទូលាយ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​ដែលជា​សមាជិក​ចូលរួម​។ ហើយ​ប្រទេស​នីមួយៗ​មាន​សិទ្ធ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​តាម​រូបមន្ត​វិលជុំ​។ គិត​ត្រឹម​ឆ្នាំ​២០១៨​ពានរង្វាន់​នេះ​បាន​ដំណើរ​៧​ឆ្នាំ​ហើយ ក្នុងនោះ​ប្រទេស​ម៉ាឡេស៊ី​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​២​លើក ថៃ​២​លើក កម្ពុជា​, ចិន និង​ឥណ្ឌូណេស៊ី​បាន​ម្នាក់​១​លើក​ដូចគ្នា​៕




Tag:
 E-sport
  MATIC
  លន់ សាម​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com